ភ្នំពេញៈ កាលពី​ថ្មីៗ​នេះ កញ្ញា រ៉ាប៊ី បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចង្វាក់​ញាក់​របស់ខ្លួន​មាន​ចំណងជើង​ថា​ «​កាយ​» ​ដែល​មាន​ក្បាច់​រាំ និង​អត្ថន័យ​មិន​ធម្មតា​នោះទេ តែ​កញ្ញា​ក៏​ហាក់​ដូចជា​បាន​ត្រៀម​ចិត្ត​រួចជាស្រេច​ចាំ​ទទួល​យក​នូវ​រាល់​ការរិះគន់​នានា​ពី​មហាជន​ផងដែរ​។

សម្រាប់​បទចម្រៀង​មួយ​បទ​នេះ​ទាំង​សាច់ភ្លេង ក្បាច់​រាំ និង​អត្ថន័យ ពិតជា​ប្លែក និង​កន្ត្រាក់​អារម្មណ៍​មែនទែន ធ្វើឲ្យ​មហាជន​មិនតិច​នោះ​ទេ ជាពិសេស​យុវវ័យ​បាន​ស្លុង​អារម្មណ៍​តាម​ស្ទើរតែ​ក្តៅ​ខ្លួន​ទៅ​ហើយ​ជាមួយ​នឹង​ការបញ្ចេញ​ក្បាច់​រាំ​ដ៏រស់រវើក​របស់​កញ្ញា រ៉ាប៊ី​។

តារាចម្រៀង​ស្រី​ដែល​ទើបបាន​បកស្រាយ​រឿង​ដំឡើង​តម្លៃ​ខ្លួន​លើស​មុន​ទ្វេដង​សម្រាប់​ស្ពនស័រណា​ចង់​បាន​វត្តមាន​នាង​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ណាមួយ ក្រោយពី​ចម្រៀង ២ បទ​គឺ​ទី ១ បទ «​មាន់​ស្រែ​» និង​ទី ២ បទ «​ស្នេហ៍​អើយ-​ស្នេហ៍​» ច្រៀង​គូ​ជាមួយ​នឹង​នាយ ពែកមី ស្ទួយ​ឲ្យ​មាន​រាសី​ឡើង​ខ្លាំង​កាល​ដើម​ឆ្នាំ​មក​នោះ​ក៏​បាន​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ការទទួល​ស្គាល់​ផងដែរ​ចំពោះ​ការ​ប្រឈម​នឹង​ការរិះគន់​ពី​មហាជន​ទាំង​រឿង​ល្អ និង​ទាំង​រឿង​មិន​ល្អ​។

តារាចម្រៀង​ស្រី​រលក​ក្រោយ​នៅ​ផលិតកម្ម​ថោន ឈ្មោះ​ពិត ផាន វីរ៉ាទី ហៅ កញ្ញា រ៉ាប៊ី អាច​កើប​ប្រាក់​បាន ១០ ម៉ឺន ដុល្លារ​រយៈពេល​មិនបាន​មួយ​ឆ្នាំ​ផង​នោះ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ទាំង​រីករាយ​ថា​៖ «​នាង​ខ្ញុំ​បាន​ត្រៀម​ចិត្ត និង​អារម្មណ៍​រួចជាស្រេច​ហើយ​ចំពោះ​រាល់​ការ​ Comments ទាំង​ចូលចិត្ត និង​មិន​ចូលចិត្ត​សម្រាប់​ការចេញ​បទ​ថ្មី​របស់​ខ្ញុំ​ដែល​មាន​ចំណងជើង​ថា​ «​កាយ​» នេះ​។ តែ​នាង​ខ្ញុំ​មិន​បាន​ខ្វល់ខ្វាយ​ឡើយ​រាល់​ការនិយាយ​រិះគន់​របស់​អ្នកគាំទ្រ សំខាន់​នោះ​គ្រាន់តែ​ចាំមើល​ថា តើ​បទ​នេះ​នឹង​មាន​ចំនួន​អ្នក​ចូលចិត្ត​ប៉ុន្មាន និង​អ្នក​មិន​ចូលចិត្ត​ប៉ុន្មាន​? ហើយ​ប្រសិន​មាន​ចំនួន​ចូលចិត្ត​ច្រើន​ជាង​អ្នក​មិន​ចូលចិត្ត​នោះ​គឺ​នាង​ខ្ញុំ​សប្បាយចិត្ត និង​យល់​ថា បទ​ចម្រៀង​ថ្មី​ខ្លួន​ប្រាកដ​ជា​ទទួល​បាន​ការគាំទ្រ​ខ្លាំង ឬ​ល្បី​មិន​ខាន​»​។

កញ្ញា រ៉ាប៊ី បាន​បន្ត​ថា​៖ «​នាង​ខ្ញុំ​ក៏​យល់ និង​បាន​តាមដាន​ផងដែរ​ថា សម្រាប់​ការរិះគន់​មិន​ពេញចិត្ត​នូវ​រាល់​ការចេញ​បទ​ចម្រៀង​របស់​នាង​ខ្ញុំ​កន្លង​មក ហាក់​ដូចជា​មិនមាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ឡើយ ប្រសិន​បើ​ប្រៀបធៀប​នឹង​ឥទ្ធិពល​រិះគន់​ទៅ​លើ​អ្នកសិល្បៈ​ផ្សេងៗ​ទៀត​នោះ​»​។

ពេល​កន្លង​មក កញ្ញា រ៉ាប៊ី ក៏​ធ្លាប់បាន​បកស្រាយ​ដែរ​ចំពោះ​ភាពល្បីល្បាញ​ថា បទ​ «​មាន់​ស្រែ​» របស់​នាង​អាច​រកប្រាក់​ចំណូល​បាន​ចំនួន ១០ ម៉ឺន​ដុល្លារ​ឯណោះ ? ​គឺ​នាង​មិនបាន​និយាយ​ថា​មាន​ចំនួន​បែប​នោះ​ទេ​​គឺ​វា​គ្រាន់​តែ​មាន​ចំនួន​ក្បែរៗ​នឹង​ចំនួន​នោះ​តែ​ប៉ុណ្ណោះ​ដោយ​នាង​ប្រាប់ថា​គឺ​រក​តាមរយៈ​ប្រាក់​ចំណូល​ប្រចាំខែ​តែ​ប៉ុណ្ណោះ បើ​មាន​កម្មវិធី​តន្ត្រី​ច្រើន​ទើប​អាច​រក​បាន​ដូច្នេះ​»៕