ភ្នំពេញ៖ នៅ​ដើម​ឆ្នាំ ​២០២១ ​នេះ​ ​ស្រាប់​តែ​​អតីត​តារា​ចម្រៀង​ស្រី​នៅ​ផលិតកម្ម​ភ្លេង​រីខត​​ កញ្ញា សុខ ចិន្តា ហៅកញ្ញា​ វ៉ាន់នីឡា ​​បង្ហោះសារ​​​ប្លែកៗ​ ហាក់​បង្ហាញ​ពី​ភាព​រារែក​នូវ​ដំណឹង​វិល​​ត្រឡប់​ចូល​ប្រឡូក​ការងារ​​សិល្បៈ​វិញ​នោះ ដែល​ខុស​ពី​ដើម​​ឆ្នាំ ​២០២០ ​ដែល​កញ្ញា​ធ្លាប់​បាន​​​បង្ហើប​ថា នឹង​​ចូល​មក​​រក​ការងារ ដែល​​ជា​ឆ្នាំង​បាយ​​​​ចាស់​នេះ​ឆាប់ៗ​​។​

ជាមួយ​នឹង​ការ​បង្ហោះ​ប្លែកៗ​ កញ្ញា វ៉ាន់នីឡា បាន​​សេរសេរ​តាម​ហ្វេសប៊ុក​​ថា​៖ «​ពេល​ខ្លះ​ លួច​មាន​​មោទន​ភាព​ ចំពោះ​ខ្លួន​ឯង​​តិចៗ​ ដែល​អាច​​ធ្វើ​ឱ្យ​​មនុស្ស​ជា​ច្រើន​ហៅ​ខ្ញុំ​ថា ​idol!​ ​Okay ប៉ុន​នេះ​​​ក៏​បាន​ដែរ​ គួរ​តែ​អាច​មាន​ក្តី​សុខ​បាន​ហើយ អរគុណ​​សម្រាប់​​ការ​ស្រឡាញ់!»​ និង​ក្រោយ​មក​​​ក៏​ស្រាប់​តែ​​បង្ហោះ​​​មួយ​​ទៀត​ថា៖ «​ឈប់​ចង់​ធ្វើ​​ជា ​តារា​​ចម្រៀង​អី​ទៀត​​ហើយ លែង​​​​​ចង់​​ស្រមៃ​​ ចង់​​បោះបង់​​ក្តី​​សង្ឃឹម​មួយ​នេះ​​​ចោល»។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ដើម​​ឆ្នាំ ​២០២០ កញ្ញា វ៉ាន់នីឡា ចេញ​បទ​​មក​​បំពេ​អារម្មណ៍​ប្រិយមិត្ត​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា «បេះដូង​វីរជន​អាវ​ស Covid-19​» ដែល​​ផលិត​​ដោយ​សមាគម​គ្រូពេទ្យ​​​​ស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេជោ (TYDA​) ​ក្រោយ​​​​ពី​​ចប់​​​​រដូវកាល​​​​​ពិធី​បុណ្យ​​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ភ្លាម​​​​នោះ​។​ ការ​ចេញ​មក​បំពេ​អារម្មណ៍​​មហាជន​ឡើង​វិញ​អំពី​សំណាក់​​តារា​ចម្រៀង​​​ស្រី​សាច់​សខ្ចី ​ដែល​បាន​​បាត់​មុខ​ពី​សង្វៀន​សិល្បៈ​យូរ​​ក្រែល​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​​ ខណៈ​បទ​ចម្រៀង​នោះ​​​គឺ​​ជា​ការ​ដឹកនាំ​ការ​ផលិត និង​និពន្ធ​ទំនុក​ច្រៀង​​ដោយ​បង​​ប្រុស​នាង​​បង្កើត​​​លោក ​សុខ ជំនោរ និង​និពន្ធ​បទភ្លេង​​ដោយ​​លោក រួន​ ​ហៅ​​​ចចក​សមុទ្រ​​​។

ដោយ​ឡែក​​បង​​ប្រុស​​​​​​តារា​ចម្រៀង​​​ស្រី​ វ៉ាន់នីឡា គឺ​លោក សុខ ជំនោរ ​អតីត​​​ជា​អ្នក​​​និពន្ធ​ទំនុក​ច្រៀង​​​ល្បី​ឈ្មោះ​​ល្បី​រាប់​​ឆ្នាំ​​នៅ​ផលិតកម្ម​​ហង្សមាស និង​បច្ចុប្បន្ន​​លោក​​មាន​​​ផលិតកម្ម​ផ្ទាល់​​ឈ្មោះ ​Films OutFox ​និង​ក្រុម​ការងារ​សហការ​ផលិត​​នៅ​ផលិតកម្ម​ Davitra Meida ក៏​​បាន​បញ្ជាក់​នា​ពេល​ថ្មីៗ​កន្លង​មក​​​ដែរ​ពី​ភាព​មិន​ច្បាស់លាស់​របស់​ប្អូន​ស្រី​ខ្លួន​ចំពោះ​រឿង​​ចូល​សិល្បៈ​នោះ​។

លោក​ សុខ ជំនោរ ក៏​បាន​ព្រលយ​ឱ្យ​ដឹង​ថា​៖ «ដំបូង​ ខ្ញុំ​ក៏​ចង់​ឱ្យ​គាត់​ចូល​ដែរ តែ​​ដោយសារ​គាត់​ជាប់​​កិច្ចការ​ជាមួយ​នឹង​​ផលិត​ផល​រក្សា​សម្រស់​។ ដូច្នេះ​ គាត់​ក៏​មិន​អាច​ចូល​មក​ប្រឡូក​សិល្បៈ​ចម្រៀង​វិញ ​ជាមួយ​​ Davitra Meida បាន​ដែរ»។​

ជា​​ការ​គួរ​​កត់​សម្គាល់​​​​នា​មួយ​រយៈ​​ចុង​ក្រោយ​នេះ ​គេ​ឧស្សាហ៍​​ឃើញ​អតីត​តារា​ចម្រៀង​ដែល​ធ្លាប់​ជ្រក​កោន​​នៅ​​លើ​ទ្រនំ​ភ្លេង​រីខត ​កញ្ញា វ៉ាន់​នីឡា បង្ហើរ​សារ​​​ជា​​តម្រុយ​​ប្រាប់​ពី​បំណង​​ចង់​​វិល​មក​រក​ឆ្នាំង​បាយ​ចាស់​នៅ​លើ​វិថី​ចម្រៀង​​វិញ​ជា​រឿយៗ​​។ ជាក់​ស្តែង​​ដូចជា​មាន​​​​ការ Live ​វីដេអូ​ ច្រៀង​បំពេ​អារម្មណ៍​ប្រិយមិត្ត​នៅ​តាម​​បណ្តាញ​​ហ្វេសប៊ុក​​ក៏​ឃើញ​កញ្ញា​ វ៉ាន់នីឡា បាន​បង្ហោះ​​សារ​ថា​៖ ​«​ខ្ញុំ​ចង់​ឡើង​ច្រៀង​លើ​ឆាក​វិញ ខ្ញុំ​​ចង់​ចេញ​បទចម្រៀង​ថ្មី ខ្ញុំ​​ចង់​ធ្វើ​អ្វី​ដែល​​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន ខ្ញុំ​នឹក​​ជីវិត​ជា​តារា​ចម្រៀង​ខ្លាំង​​ណាស់​»​៕​