ភ្នំពេញៈ ខណៈ​មហាជន​ទូទៅ​កំពុងតែ​នាំគ្នា​ជជែក​វែកញែក​យ៉ាង​ក្តៅគគុក តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​រឿង​សំណង់​បង្គោល​ភ្លើង​ខុស​បច្ចេកទេស​នៅ​ចំ​កណ្តាល​ផ្លូវ​នៃ​មហាវិថី​ហាណូយ ដែល​ជា​រឿយៗ​តែង​តែ​បង្ក​គ្រោះ​ថ្នាក់​រហូត​យក​ជីវិត​នៃ​អ្នក​ដំណើរ​នោះ ក៏​ឃើញ​វត្តមាន​តារា​សម្ដែង​ស្រី​ស្រករ​ក្រោយ កញ្ញា ស៊ិន យូប៊ីន បាន​បរិយាយ​សំណេរ​ខ្លួន​ដែរ ក្រោយ​ពី​មាន​ចំណាត់ការ​ចុង​ក្រោយ​របស់​ពី​ស្ថាប័ន​ទទួល​បន្ទុក​លើ​ផ្លូវ និង​ផ្នែក​ផ្តល់​សេវាកម្ម​ភ្លើង (EDC) ប្រើ​ធុង​ទឹក​ដើម្បី​ទប់​ស្កាត់​មក​នោះ។

សារ​ចូលរួម​ជា​មតិយោបល់​របស់​តារា​សម្តែង​ស្រី​រូបនេះ បាន​បង្ហើរ​ឡើង​ក្រោយពី​ឃើញ​មាន​សកម្មភាព​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​លើ​មហាវិថី​ហាណូយ មាន​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាល​ផ្លូវ គឺ​ទីតាំង​នៅ​ផ្តុំ​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ បាន​ប្រើ​ធុង​ទឹក ១ គូ ទៅ​ដាក់​អែប​នឹង​បង្គោល​ភ្លើង​នីមួយៗ ដែល​គេ​អាច​សន្និដ្ឋាន​ថា ជា​វិធី​ជួយ​ទប់ស្កាត់​គ្រោះ​ថ្នាក់​បណ្តោះ​អាសន្ន​នោះ។

ស្រី​ស្រស់​សោភា ដែល​ទើប​បានឈ្នះ​ពានរង្វាន់​តារា​សម្តែង​ស្រី​ឆ្នើម ប្រចាំ​ព្រឹត្តិការណ៍ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី ៥ កាល​ពី​ឆ្នាំ ២០១៧ កញ្ញា ស៊ិន យូប៊ីន បង្ហោះ​សារ​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​ទប់​បាន​ខ្លះ​នៅ​ពេល​បុក​ដែរ។ នៅ​បរទេស ក៏​ឃើញ​គេ​ដាក់​បែប​នេះ​ដែរ ឧទាហរណ៍​ដូច​នៅ​ខាង​អាគាំង (ប្រទេស​អាមេរិក) ជាដើម។ តែ​យ៉ាង​ណា​សង្ឃឹម​ថា EDC នឹង​ជួយ​ដុតដៃ​ដុត​ជើង​រឿង​ខ្សែ​ភ្លើង​បង្កប់​ក្រោម​ដី ឲ្យ​បាន​ឆាប់​រួចរាល់​បន្តិច ដើម្បី​ដក​បង្គោល​ភ្លើង​នេះ​ចោល ហើយ​បញ្ចប់​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ ក៏​ដូចជា​បញ្ចប់​ការ​រិះគន់​ក្នុង​សង្គម Facebook មួយ​នេះ​ទៀត ឃើញ​ពេញ new feed រាល់ថ្ងៃ»។

យ៉ាងណា​តារា​ស្រី​រូបនេះ ក៏បាន​សុំ​ការអភ័យ​ទោស​ចំពោះ​ពាក្យពេចន៍ ដែល​ហ៊ាន​បញ្ចេញ​ជា​មតិ​យោបល់​ដែល​ជា​សេចក្តី​ខ្វល់ខ្វាយ​ពី​រឿង​បង្គោល​ភ្លើង​ចំ​កណ្តាល​ផ្លូវ ជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​បាន​យក​អាយុ​ជីវិត​អ្នក​ដំណើរ​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ បាន​សំណូមពរ​ដល់​ថ្នាក់​លើ​ដែរ​ថា៖ «សុំ​អភ័យ​ទោស បើ​មាន​សម្តី​ត្រង់​ណា ទាស់​ខុស នាង​ខ្ញុំ​គ្រាន់​តែ​និយាយ​តាម​អ្វី​ដែល​ដឹង»។

គេ​កំពុងតែ​បង្កប់​ខ្សែភ្លើង​ក្រោម​ដី​ហើយ​ពេល​រួចរាល់​គេ​នឹង​ដក​បង្គោល​នេះ​ចេញ​ហើយ​តែ​ពេលនេះ​គេ​ដក​មិន​ទាន់​បាន​ព្រោះ​បើ​ដក​នឹង​ត្រូវ​ដាច់​ភ្លើង​ក្នុង​តំបន់​នោះ​ទាំង​អស់ ហេតុ​ដូចនេះ​ទើប​រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​បងប្អូន​យើង​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​អនុគ្រោះ»។

គួរ​បញ្ជាក់ថា តារា​ស្រី​វ័យ ២៣ ឆ្នាំ កញ្ញា ស៊ិន យូ​ប៊ី​ន មាន​ស្រុកកំណើត​មកពី​ស្រុក​កោះធំ ខេត្ត​កណ្តាល និង​អតីត​ជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង Freshie Girl លេខ ១ ប្រចាំ​ឆ្នាំ ២០១៤ និង​ទើប​ប្រឡូក​ចូល​វិស័យ​សម្តែង​ភាពយន្ត​ប្រមាណ​តែ ៤ ឆ្នាំ ពិត​មែន តែ​តារា​ស្រី​ស្រស់ ដែល​គ្មាន​សាច់​ញាតិ​ជា​អ្នក​សិល្បៈ​សោះ ហើយ​រូប​នាង​គឺជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​មាន​បងប្អូន ៣ នាក់ ខណៈ​ឪពុក​ម្តាយ​ជា​មន្ត្រីរាជការ​នោះ មាន​រាសី​ឡើង​ខ្លាំង​ក្នុង​ទីផ្សារ​ថត​កុន​ភាគ​នៅ​ឆ្នាំ ២០១៨ នេះ៕