ភ្នំពេញ៖ ខណៈ​ពិធី​ធ្វើ​ខួប​កំណើត​របស់​តារា​ចម្រៀង​​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់ដេ​ ​ដែល​បាន​​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង​​ឈ្មោះ​​​ពិត សុខ មេសា ហៅ​ នាយ​ចឺម ឆ្នាំ​នេះ ​រាងស្ងាត់ ​ដោយសារ​​ការ​ជួប​ជុំ​គ្នា​ច្រើន​តាម​ទី​កន្លែង​ផឹក​ស៊ី ឬ​អាហារ​ដ្ឋាន​​នានា​ ត្រូវ​​ហាម​ប្រាម​ព្រោះ​តែ​​ចង់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩​ ​នោះ ក៏​ស្រាប់​តែ​ស្រី​ស្រស់​ សាច់​ស​ខ្ចី ហា្វហ្វា​ ក៏​ឆ្លៀត​ធ្វើ​​ខួប​កំណើត​​ Surprise គូស្នេហ៍ ​ដើម្បី​លួង​ចិត្ត​ និង​រឹត​បន្តឹង​សម្ព័ន្ធ​ស្នេហ៍​ឲ្យ​​កាន់​តែ​ស្អិតល្មួត​ពី​ចម្ងាយ​។​

តារា​សម្តែង​ស្រី ពិធីការិនី​ និង​តារា​ម៉ូដែល​​រូប​ស្រស់​ស្អាត សាច់​ស​ខ្ចី ​​ឈ្មោះ​ពិត គៀត បេឡា ហៅ​កញ្ញា ហ្វាហ្វា បាន​​​យក​នំខេក​​ដាក់​ឈ្មោះ​គូស្នេហ៍​ជា​ភាសា​អង់គ្លេស​មាន​​រូប​បេះដូង​ ​ធ្វើ​ខួប​​​បែប​​ស្ងាត់ៗ មិន​មាន​ការ​ជួប​ដូច​​ជា​​កាល​ពី​មុន​​​ឡើយ ព្រោះ​ថា​​ នាយ ចឺម​ នៅ​តាម​ខេត្ត ខណៈ​ស្រី​ស្រស់​ ហ្វាហ្វា នៅ​ភ្នំពេញ​​​ជូន​ពរ​ពី​ចម្ងាយ​​ថា៖ «​រីករាយ​ថ្ងៃ​កំណើត អាយ​ដល​សំណព្វ​ចិត្ត ជូន​​ពរ​សុខ​ភាព​ល្អ មាន​លុយ​​ច្រើនៗ ប្រាថ្នា​អ្វី បាន​ដូច​បំណង ស្រឡាញ់​អាយដល​ Jerm​-​Singer» ដែល​​​ចំ​​​ថ្ងៃ​​ចូល​​ឆ្នាំ​​ថ្មី​ឆ្នាំ​​ជូត កាល​ថ្ងៃ​ទី ​១៤ ខែ ​មេសា​ ​ឆ្នាំ ​២០២០ ថ្មីៗ​នេះ​​។​

ដោយសារ​​​តែ​ការ​ធ្វើ​ខួប​កំណើត​​​​​មើល​ទៅ ហាក់​ដូច​ជា​​មិន​មាន​​ភាព​​ស្និទ្ធស្នាល សូម្បី​តែ​លក្ខណៈ​ជា​គូស្នេហ៍​​​នោះ ទើប​មាន​អ្នក​​​​គាំទ្រ​ខ្លះ​​សួរ​ត្រង់ៗ​ថា៖ «​ហេតុ​អ្វី​បាន​ជា​មិន​ទៅ​ជួប​​​ជុំ​គ្នា​សិន​ទៅ​ស៊ីស?​»។

ទើប​កញ្ញា ហ្វាហ្វា​ បាន​ឆ្លើយ​តប​វិញ​ថា​​៖ ​«អត់​​​ផង ព្រោះ​គាត់​នៅ​ខេត្ត​ទៅ​អត់​កើត​ផង​បង»។ ខណៈ​មួយ​សន្ទុះ​ក្រោយ​មក​ម្ចាស់​ខួប​ ​តារា​ចម្រៀង​​ប្រុស​វ័យ​ក្មេង កំពុង​តែ​​ទទួល​បាន​ប្រជាប្រិយភាព​ពី​យុវវ័យ​នៅ​ផលិតកម្ម​សាន់ដេ​ នាយ ចឺម តប​សារ​​កញ្ញា​ ហ្វាហ្វា វិញ​ថា៖ «​អរគុណ​​ខ្លាំង​ណាស់​ ហ្វេន​សំណព្វ​ចិត្ត​​ Far Far!»។​

គួរ​​បញ្ជាក់​ផង​​ដែរ​ថា តារា​ចម្រៀង​ប្រុស​ នាយ ចឺម និង​ពិធីការិនី តារា​សម្តែង​រូប​ស្រស់​ កញ្ញា ហ្វាហ្វា ដែល​ជា​បុប្ផា ១ ​ទង ​ដែល​​មាន​សម្រស់​ស្រស់​ស្អាត​ សាច់​សខ្ចី ស្រុក​កំណើត​​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល វ័យ ​២៣ ឆ្នាំ បាន​បង្កាត់​ឡើង​អស់​រយៈពេល​ប្រមាណ​ជា​ជិត​ ​២ ​ឆ្នាំ​​ចុង​ក្រោយ​នេះ​ ខណៈ​ពួក​គេ​ក៏​​មិន​ទាន់​​បាន​បង្ហើប​រឿង​​កំណត់​ពេល​ក្រាប​ផ្ទឹម​ក្រោម​​រោង​​​ជ័យ​នៅ​ឡើយ​នោះ​ដែរ​ ក្រោម​​ហេតុ​ផល​មួយ​ស្រប​គ្នា​ថា​ ពួក​គេ​សុទ្ធ​តែ​នៅ​ក្មេងៗ​ហើយ​ក៏​ចង់​គិត​លើ​រឿង​​សិល្បៈ​​​ឲ្យ​បាន​យូរ​បន្តិច​ទៀត​​សិន​៕​