ភ្នំពេញ៖​ ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ទៅ​នឹង​វត្តមាន​​របស់​ពិធីការិនី​​ មាន​​ដៃ​ជើង​ស្រលូន​មាន​ឈ្មោះ​ពិត​ កញ្ញា ​ម៉េង ឃុននី ហៅ​កញ្ញា ជីមមី បាន​​បង្ហាញ​ខ្លួន​នៅ​ទ្រនំ​ថ្មី​ជា​ផ្លូវការ​ទៅ​ហើយ​នោះ គឺ​ស្ថានីយ​ទូរទស្សន៍​ MyTV ជាមួយ​នឹង​​ដៃគូ​ពិធីករ​ចូលចិត្ត​​សើច​ឮ​​លោក តាប៊ុយ ​​នៅ​ក្នុង​កម្មវិធី ​«ពេញ​ចិត្ត ឬ​អត់?»​។​

ចំពោះ​​ការ​មក​​លេច​វត្តមាន​កញ្ញា ជីមមី នៅ​ក្នុង​ទូរទស្សន៍​​ថ្មី​នេះ ក៏​មាន​ការ​លើក​បែប​ខ្សឹបខ្សៀវ​​ដែរ​ថា ទោះបីជា​ខាង​​ទូរទស្សន៍​ភីអិនអិន​​ ព្យាយាម​លួង​​​លោម​នាង​ឲ្យ​បន្ដ​កុងត្រា​យ៉ាងណា​ក្ដី តែ​​​ត្រូវ​បរាជ័យ ហើយ​​​ទីបំផុត​នាង​​បាន​សម្រេច​ចិត្ត​ទៅ​ប៉ុស្តិ៍​ថ្មី​​​ទូរទស្សន៍​ MyTV ​ខណៈ​ដែល​ស្រី​ស្អាត និង​មាន​សមត្ថភាព​រូប​នេះ ក៏​ជា​មុខ​សញ្ញា​នៃ​ការ​ចង់​បាន​ពី​ទូរទស្សន៍​ហង្សមាស​ផង​ដែរ​ ប៉ុន្តែ​បែរ​ជា​ឃើញ​នាង​មក​ចាប់​ដៃគូ​ជាមួយ​នឹង​តាប៊ុយ ​ទៅ​វិញ។

យ៉ាង​ណា​ពេល​ផ្តល់​បទសម្ភាស​​តាម​​ទូរស័ព្ទ​ជាមួយ​នឹង​ភ្នំពេញ​ប៉ុស្តិ៍​ ពាក់ព័ន្ធ​នឹង​ដំណឹង​ថា កញ្ញា​បាន​ផុត​​កុងត្រា​ពី​ទូរទស្សន៍​ភីអិនអិន​​ ហើយ​​​មក​បន្ត​កុងត្រា​នៅ​ប៉ុស្តិ៍​ MyTV ​​នោះ ក៏​ត្រូវ​បាន​កញ្ញា ជីមមី បញ្ជាក់​ឲ្យ​ដឹង​ថា៖ «តាម​ពិត​​​​ទៅ នាង​ខ្ញុំ​មិន​​មាន​កុងត្រា​ជាមួយ​នឹង​​ប៉ុស្តិ៍​​ទូរទស្សន៍​ភីអិនអិន និង​ទូរទស្សន៍​ MyTV នោះ​ទេ​។ សម្រាប់​​កន្លែង​ប៉ុស្តិ៍​ចាស់​ និង​កន្លែង​ថ្មី​ គឺ​នាង​​​​ខ្ញុំ​ធ្វើ​​ការងារ​ទាំង ​២ ​​​​ប៉ុស្តិ៍​តែ​ម្តង គឺ​ថា​លក្ខណៈ​​ជា​ការងារ​​ស្ម័គ្រ​​ចិត្ត​ (​Freelance) ​ទាំង​អស់​​។

គួរ​បញ្ជាក់​ដែរ​កញ្ញា ជីមមី គឺ​ជា​ពិធីការិនី​រូប​ស្រស់​ប្រចាំ​​នៅ​ប៉ុស្តិ៍​ភី​អិន​អិន ដែល​​ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​រយៈពេល​ប្រមាណ​ ៣-៤​ ឆ្នាំ ប៉ុណ្ណោះ​​​តែ​ទទួល​បាន​នូវ​ជោគជ័យ​មិន​ធម្មតា ខណៈ​ពិធីការិនី​រូប​នេះ​មាន​​សមត្ថភាព​ចេះ​រហូត​ដល់​ទៅ​ ​៤ ​​ភាសា​ឯណោះ។ កញ្ញា ធ្លាប់​បង្ហើប​ឲ្យ​ដឹង​​​ថា៖ «​កាល​ពី​​នៅ​ក្មេង​ម៉ាក់​បាន​ឲ្យ​រៀន​ភាសា​​ចិន ដល់​ពេល​ចូល​រៀន​ថ្នាក់​ទី ៥ ក៏​​​ចូល​​រៀន​ភាសា​អង់គ្លេស ហើយ​នៅ​ពេល​ដែល​ចប់​ទី ១២ បាន​​ទៅ​រៀន​​ត​​នៅ​ប្រទេស​ ​ថៃ ដើម្បី​​ចេះ​ភាសា​ថៃ​​ហ្នឹង​​ហ្មង ដោយ​​រៀន​​ចប់​ផ្នែក​អក្សរសាស្ត្រ​ថៃ»។

ស្រី​ស្រស់​ ដែល​ទើប​រះ​លើ​វិថី​សិល្បៈ​ក៏​ច្បាម​​​ទីផ្សារ​ក្បាល​មេក្រូ ព្រោះ​តែ​ចំណេះ​ដឹង​ជាច្រើន​ភាសា ខណៈ​កញ្ញា ជីមមី ​បរិយាយ​​​​ប្រាប់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​នាង​រៀន​​ភាសា​ថៃ​ដែរ​ថា​៖ «កាល​ដែល​រៀន​ថៃ មក​ពី​ខ្ញុំ​​មាន​ហាង​លក់​​អាហារ​មួយ​​នៅ​ឯ​​​ប៉ៃលិន ដែល​​មាន​ជនជាតិ​ថៃ​ចេញ​ចូល​​​ច្រើន​ហើយ​ក៏​​បាន​​គិត​ថា​ យើង​នៅ​ខ្វះ​ភាសា​ថៃ​ហ្នឹង​មួយ​ទៀត ហើយ​ក៏​ជា​ភាសា​មួយ​​អាច​រក​លុយ​​បាន​ និង​អាច​ចេះ​ភាសា​ថៃ​បាន​​​ទាំង​អស់​ហើយ​ក៏​មិន​ខក​បំណង​ដែរ​ក្នុង​ការ​ចំណាយ​ពេល ៤ ឆ្នាំ ដើម្បី​រៀន​ក្នុង​អាជីព​ជា​ពិធីការិនី​យើង​អាច​បក​​ប្រែ​បាន»៕​