ភ្នំពេញ៖ ស្របពេលក្រុមសិល្បករជាច្រើនសម្រុករៀបការបន្តបន្ទាប់នោះ នាពេលថ្មីៗនេះ គេក៏ឃើញរូបថតផ្អែមល្ហែមអតីតតារាចម្រៀងស្រីផលិតកម្មរ៉ុក (Rock) កញ្ញា អឿន ម៉ូល្លីកា ដែលបច្ចុប្បន្នគឺជាថៅកែស្រីហាងលក់ផលិតផលរក្សាសម្រស់តាមអនឡាញ ដែលកំពុងមានឈ្មោះបោះសំឡេងបង្ហោះរូបថត Pre-wedding ដ៏ស្រស់ស្អាត នៅតំបន់កម្សាន្តល្បីៗតាមខេត្តនានានៃប្រទេស កម្ពុជា។
ការបង្ហោះរូបថត Pre-wedding របស់អតីតតារាចម្រៀងស្រីនៅផលិតកម្មរ៉ុកកញ្ញា ម៉ូល្លីកា និងគូស្នេហ៍ជាតារាសម្តែងប្រុសគឺលោក ហុង មានុន ហៅថា ខានុន ជាច្រើនសន្លឹក ហាក់ចង់បង្ហាញពីដំណឹងល្អនៃថ្ងៃចូលរោងជ័យខ្លួនដែរថា «ថ្ងៃពិសេស! ថ្ងៃដែលមនុស្សស្រីប្រាថ្នា» ទោះបីខ្លី តែន័យស៊ីជម្រៅខ្លាំងសម្រាប់នាង។
ប្រិយមិត្តច្បាស់ជានៅចាំថា កាលពេលកន្លងមកនេះកញ្ញា ម៉ូល្លីកា បានធ្វើឲ្យមហាជនមានការកោតសរសើរ ក្រោយពីនាងបានលើកលែងទោសកុមារាម្នាក់ ដែលជិះម៉ូតូកង់បីបុករថយន្តទំនើប Range Rover ដែលនាងទើបទិញ ដោយមិនទទួលយកសំណងអ្វីឡើយ បើទោះបីការជួសជុលទំនងជាត្រូវចំណាយប្រាក់អស់តម្លៃក្បែរម៉ឺនដុល្លារក្តី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គេឃើញរូបភាពដ៏ស្រស់ស្អាតនៃអ្នកទាំង ២ ក្នុងឈុតជាកូនកំលោះ កូនក្រមុំ នៅសម័យថ្មីនេះហៅថា Pre-wedding ដែលមើលទៅពិតជាស្រស់ស្អាតតែម្តងសម្រាប់ត្រៀមខ្លួនចូលរោងមង្គលការទំនងជាឆាប់ៗនេះហើយ។
កញ្ញា ម៉ូល្លីកា ដែលបញ្ចប់អាជីពជាតារាចម្រៀង ដោយងាកមកលក់ផលិតផលរក្សាសម្រស់ ដែលពេលនេះ កំពុងតែទទួលបាននូវភាពជោគជ័យគួរឲ្យកត់សម្គាល់ខ្លាំង ក៏បានបង្ហើបពីវេលាចូលរោងជ័យរបស់ខ្លួនដែរថា៖ «ខ្ញុំនឹងរៀបការនៅពាក់កណ្តាល ខែមករា ឆ្នាំ ២០២០ នេះហើយ តែពេលនេះ នៅមិនទាន់ច្បាស់ថ្ងៃនោះទេ។ ដោយម្យ៉ាងវិញទៀត យើងនៅមិនទាន់រកទីកន្លែងទទួលភ្ញៀវបាននៅឡើយដែរ ព្រោះនៅសណ្ឋាគារសុខាភ្នំពេញ និងមណ្ឌលព្រីមៀរ សែន សុខ ក៏ដូចជាជាប់រវល់អស់ដូចគ្នា ហើយយើងកំពុងតែរកកន្លែងផ្សេង ឬអាចទៅកោះពេជ្រ ក៏មិនដឹង។ ច្បាស់ណាស់ថា ពិធីមង្គលការនៅពាក់កណ្តាលខែមករា ឆ្នាំ ២០២០ ហ្នឹងឯង! ចំពោះពិធី គឺយើងគ្រោងហៅភ្ញៀវច្រើន ហើយយើងក៏នឹងត្រៀមប្រាក់ចន្លោះ $ ១០ ម៉ឺន ទៅ $ ១៥ ម៉ឺនដុល្លាររៀបចំ»។
គួររំឭកដែរ ក្រោយពីបញ្ចប់អាជីពតារាចម្រៀងមក កញ្ញា អឿន ម៉ូល្លីកា ងាកមកប្រកបរបររកស៊ីដំបូង គឺលក់ជើងមាន់ជ្រក់តាមអនឡាញ ដែលមានដើមទុនត្រឹមតែ ៣០០ ដុល្លារប៉ុណ្ណោះ និងក្រោយមកដូរមកប្រកបរបរលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ថែមទាំងបានសម្ពោធហាងខ្លួននៅក្នុងឆ្នាំ ២០១៨ ចំណាយទុនជាង ១០ ម៉ឺនដុល្លារ។ ដោយក្រោយពីទទួលបានជោគជ័យខ្លាំងជាមួយរបរក្រោយនេះ គេសង្កេតឃើញថា កញ្ញា ម៉ូល្លីកា ហ៊ឺហាទិញរថយន្តទំនើបៗម៉ាក Lexus 450d និង Range Rover 2015៕