ភ្នំពេញ៖ ខណៈ​​គូ​ស្វាមី​ភរិយា​ជា​តារា​សម្តែង​ និង​​​ចម្រៀង​ ១ ​គូ កំពុង​តែ​​ត្រៀម​​ចិត្ត​ត្រៀម​កាយ​ ក្លាយ​ជា​ឪពុក​ម្តាយ​គេ​​​នៃ​សម្ព័ន្ធ​​​ស្នេហ៍​អាពាហ៍​ពិពាហ៍​ជិត ​១ ​ឆ្នាំ ​នោះ​ស្រាប់​តែ​លោក ថូមមី ជា​​ស្វាមី​តារា​ចម្រៀង​ស្រី​ទ្រនំ​ហង្ស​មាស បង្ហោះ​​សារ និង​​រូប​​រថយន្ត​ថ្មី ​១ គ្រឿង មើល​ទៅ​ហាក់​ដូច​​ជា​ការ​ត្រៀម​ស្វាគមន៍​​កំណើត​កូន​ស្រី​ដំបូង​ពួក​គេ​ បង្កើត​​ភាព​ភ្ញាក់​ផ្អើល​​​ដល់​​មហាជន​។​​

បើ​តាម​គម្រោង​​នោះ​តារា​សម្តែង​ថ្ពាល់​ខួច​​លោក ថូមមី ដែល​ជា​ស្វាមី​អ្នកនាង សួស វីសា នឹង​​នាំ​ភរិយា​ទៅ​សម្រាល​បុត្រី​នៅ​​​​មន្ទីរ​ពេទ្យ​មួយ​​នៅ​​ប្រទេសថៃ តែ​ឥឡូវ​នេះ បាន​ផ្លាស់​ប្ដូរ​ចិត្ត​មក​សម្រាល​​​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​វិញ​ ព្រោះ​តែ​ជំងឺ​កូវីដ ​១៩ មិន​ទាន់​​ស្ងាត់​ ដោយ​ត្រូវ​សម្រាល​នៅ​ថ្ងៃទី ​១០ ខែ ​តុលា ឆ្នាំ ​២០២០​ ខាង​មុខ​នេះ​ បន្ទាប់​ពី​បាន​រៀប​មង្គលការ​កាល​ពី​ថ្ងៃទី ​២៩ ខែ ​វិច្ឆិកា ឆ្នាំ ​​​២០១៩​ កន្លង​មក​។

យ៉ាងណា​ពេល​ភរិយា​ពពោះ​ជិត ៩ ខែ តែ​មិន​ទាន់​សម្រាល​ផង​នោះ ប្តី​ប្រពន្ធ​តារា​សម្តែង​ និង​​ចម្រៀង​លោក ប៊ុនថុល ប៊ុនថង ហៅ ថូមមី និង​​​អ្នកនាង​ សួស​ វីសា ក៏​បាន​ដាក់​ឈ្មោះ​កូន​ស្រី​របស់​ខ្លួន​រួច​ទៅ​ហើយ​ដែរ​ ​គឺ​មាន​ឈ្មោះ​​ថា «Jenny» ​ខណៈ​តារា​​​ចម្រៀង​ស្រី​ដែល​តែងតែ​សរសើរ​ស្វាមី​ខ្លួន​ថា ជា​​បុរស​​ពូកែ​ថ្នាក់ថ្នម​ចិន្ដា​នាង​គ្រប់​ពេល​ទាំង​អស់​ទើប​នាង​​​ចាត់​ទុក​ខ្លួន​ឯង​ថា គឺ​ជា​នារី​ដែល​មាន​សំណាង​​ម្នាក់​ប្រៀប​ដូច​ជា​ម្ចាស់​ក្សត្រី​អីចឹង ជា​ពិសេស​​​ពេល​ដែល​​​ពោះ​ធំ ត្រូវ​ប្ដី​ថ្នម​ចិត្ត​គ្រប់​យ៉ាង។ ​

ចំពោះ​រឿង​ការ​ចំណាយ​​ប្រាក់​ទិញ​រថយន្ត​ទំនើប​នោះ បើ​​តាម​ក្រុម​អ្នក​ប្រមាញ់​ពី​ជីវិត​​ឯកជន​របស់​ប្តី​ប្រពន្ធ​ជា​តារា ​១ ​គូ​នេះ​ ក៏​លាន់​មាត់​លើក​​ឡើង​ថា៖ «​អ៊ីយ៉ា!​ ​សួស វីសា ពិត​ជា​​សំណាង និង​​មាន​គ្រួសារ​អស្ចារ្យ​​មែន! ចាប់​តាំង​ពី​​ដឹក​ដៃ​​តារា​​សម្ដែង​ប្រុស​​​លោក​ ប៊ុនថុល ប៊ុនថង ហៅ​​លោក​ ​ថូមមី រៀបការ​កាល​ពី​​ថ្ងៃទី ​២៩ ខែ វិច្ឆិកា ឆ្នាំ ​២០១៩ មក ឃើញ​ថា​ គូ​ស្នេហ៍​តារា​ ១ គូ​នេះ គឺ​មាន​ជីវភាព​កាន់​តែ​ធូរធារ​ខ្លាំង ដូច​ជា​ពេល​នេះ ​ពួក​គេ​រស់នៅ​ផ្ទះ​វីឡា​ស្កឹមស្កៃ​​ តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ នៅ​បុរី​ជីបម៉ុង​លែន (ផ្លូវ​ ជា សុផារ៉ា) និង​ធ្លាប់​ឃើញ​ជិះ​រថយន្ដ​ទំនើបៗ​រួម​មាន​ឡាន​ម៉ាក​ Lexus LX570 ​Kuro2020 ម៉ាក ​Lexus Nx​200t ម៉ាក​ Lexus LS600 ​ម៉ាក​ Mazda ជា​ដើម និង​ថ្មីៗ​នេះ​​ស្រាប់​តែ​ប្តី​របស់​នាង​បង្ហោះ​រូប​រថយន្ត​ថ្មី ​១ ទៀត ​គឺ​ឡាន​ម៉ាក​ ​Tundra »។

ចេញ​ពី​គណនី​​ហ្វេសប៊ុក លោក ​ថូមមី ​គេ​ឃើញ​​សារ​​​​​អម​នឹង​រូប​​​​រថយន្ត​ថ្មី​បង្ហើរ​​ថា៖ ​«​ស្វាគមន៍​​សមាជិក​ថ្មី​បន្ថែម ​អរគុណ​​​សន្តិភាព​ ​​អរគុណ​ការ​​​ខំ​ប្រឹងប្រែង​តស៊ូ អរគុណ​ប្រពន្ធ​​ដែល​តែងតែ​ឲ្យ​​កម្លាំង​​ចិត្ត​ប្តី សូម​​ឲ្យ​ហេងហេង​ និង​ចម្រើន​ទៅ​មុខ»​៕​