ក្រុង​ឡុងដ៍: ស្ទូឌីយោ​រចនា​ម៉ូដ​មួយ​ បាន​ផ្ដល់​ឱកាស​ឲ្យ​គូស្នេហ៍​បែក​គ្នា​យ៉ាង​ឈឺចាប់ អាច​បញ្ចេញ​កំហឹង​ និង​រំសាយ​ទុក្ខ ដោយ​ការ​ដើរ​ជាន់​​​មុខ​របស់​អតីត​សង្សារ​បែប​ឧបកិច្ច។

បង្កើត​ឡើង​ដោយ​ក្រុមការងារ​ស្ទូឌីយោ Bompass & Parr ទ្រនាប់​ស្បែកជើង​​ពិសេស​ត្រូវបាន​ផលិតឡើង​ ដោយ​ផ្ដល់​ឱកាស​ឲ្យ​អតិថិជន​កុម្ម៉ង់​ បោះពុម្ព​រូប​អតីត​សង្សារ​នៅ​បាត​របស់វា។

អតិថិជន​គ្រាន់តែ​ផ្ញើ​រូបភាព​អតីត​សង្សារ​ទៅ​កាន់​ស្ទូឌីយោ​នេះ ដើម្បី​ទទួលបាន​ទ្រនាប់បាត​ស្បែកជើង​មួយ​គូ​ដែល​អ្នក​អាច​ជាន់​លើ​មនុស្ស​អតីត​បាន​រាល់ថ្ងៃ និង​គ្រប់ជំហាន។

ជាក់ស្ដែង គំនិត​យក​រូប​អតីត​សង្សារ ឬ​មនុស្ស​ដែល​ខ្លួន​ស្អប់មក​ជាន់​នេះ ស្ដាប់ទៅ​ដូច​ជា​ក្មេង​ខ្ចីណាស់​ ប៉ុន្តែ​តាមការ​ពិត​វា​មាន​ប្រវត្តិ​តាំង​ពី​បរមបុរាណ​មក​ម្ល៉េះ។ ទទួល​ឥទ្ធិពល​ពី​វប្បធម៌​អេហ្ស៊ីប ការ​យក​រូប​សត្រូវ ឬ ​មនុស្ស​ដែ​ល​ខ្លួន​ស្អប់​​មក​ដាក់នៅទ្រនាប់ជើង គឺ​ជា​ជំនឿ​ជាន់​កម្ទេច​ បង្ក្រាប និង​យកជ័យ​ជំនះ​លើ​ជន​នោះ។

ត្រឡប់ម​កស​ម័យ​បច្ចុប្បន្ន​វិញ ទ្រនាប់ស្បែកជើងជាន់​មុខ​​អតីត​សង្សារ​របស់​ក្រុមហ៊ុន Bompass & Parr ត្រូវ​បាន​នាយក​គ្រប់គ្រង​លោក ហារី ផារ៍ (Harry Parr) ពន្យល់​ថា៖ «តាមរយៈ​ការ​ដើរ​ជាន់​មុខ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ស្អប់ អ្នក​នឹង​ទទួល​បាន​ការ​ស្រាកស្រាន្ត​ផ្លូវ​ចិត្ត​ និង​អារម្មណ៍ ដើម្បីឲ្យ​ខ្លួន​ជ្រះ​ស្រឡះ​ហើយ​ត្រៀម​ទទួល​យក​ទំនាក់ទំនង​ថ្មី​មួយ​ទៀត»។

ចង់ដឹងថា ទ្រនាប់ស្បែកជើង​សងសឹក​សង្សារ​នេះ​យ៉ាងណាដែរ​នោះ សូមទស្សនា​វីដេអូ​ខាង​ក្រោម៕

ប្រភព Odditycentral

https://www.youtube.com/watch?time_continue=2&v=Vi4WNbGtAHc

អតិថិជន​គ្រាន់តែ​ផ្ញើ​រូបថត​របស់​អ្នក​ដែល​ខ្លួន​ស្អប់ ស្ទូឌីយោ​ក្រុមហ៊ុន​នឹង​រចនា​ដាក់លើ​ទ្រនាប់បាត​ស្បែកជើង​ភ្លាម។

ទ្រនាប់ស្បែកជើង​រូប​អតីត​សង្សារ​ ជួយ​អ្នក​ជាន់មុខ​គេ​ពន្លត់កំហឹង។