ភ្នំពេញៈ ការចាក់សាក់យ័ន្ត រូបសត្វមានអំណាចដូចជាសត្វពស់ ខ្លា នាគជាដើម ដែលសម័យមុនមានបញ្ចុះមន្តអាគមសម្រាប់អ្នកចម្បាំងធ្វើឲ្យស្បែកស្វិត តែសម័យបច្ចុប្បន្នវិញ ការចាក់សាក់ប្រែក្លាយសិល្បៈលម្អរាងកាយ។
មិនថាប្រទេសមានការរីកចម្រើនប៉ុនណាទេ ចំពោះសិល្បៈចាក់សាក់នៅតែបន្តមានការរើសអើងតិច ឬច្រើន និងមានការមិនពេញចិត្តពីមនុស្សនៅក្នុងសង្គម ដោយសារស្នាមសាក់ច្រើនមាននៅដងខ្លួនមនុស្ស ដែលមិនមានការងារពិតប្រាកដ ជាជនពិភពងងឹតមិនទទួលបានការផ្ដល់តម្លៃ។
ប៉ុន្តែនៅហាងចាក់សាក់មួយកន្លែងស្ថិតនៅក្រោយរោងកុនគិរីរម្យចាស់ លោក មាច សុជាតា ជាម្ចាស់ហាងដែលមានយីហោ Karu Tattoo បានអះអាងថា អតិថិជនរបស់លោកភាគច្រើនដែលប្រាថ្នារូបសាក់ គឺសុទ្ធសឹងតែជាអ្នកមានការងារសមរម្យថ្លៃថ្នូរ។
នៅហាងដែលមានសមាជិក៤នាក់រួមទាំងលោក សុជាតា ផ្ទាល់សុទ្ធតែជាអ្នកជំនាញមានបទពិសោធជាង ១ ទសវត្សរ៍មកហើយ។ ទឹកថ្នាំល្អៗនាំចូលមកពីសហរដ្ឋអាមេរិក ត្រូវបានលាយបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់ បូករួមទាំងការប្រើម៉ាស៊ីនទំនើបៗមិនឮសំឡេងខ្លាំងធ្វើឲ្យរំខាន ឬមានអារម្មណ៍ធុញរួមជាមួយគ្រូសាក់មានបទពិសោធជាង ១០ ឆ្នាំ ព្រមទាំងមានអនាម័យខ្ពស់ ចៀសវាងការឆ្លងជំងឺនានា។
លោក មាច សុជាតា មានវ័យ ២៨ ឆ្នាំ ជាម្ចាស់ហាងសាក់ទំនើបមួយនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ផ្ទាល់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនបើកកន្លែងចាក់សាក់ប្រជែងការរើសអើងក្នុងសង្គមថា៖ «ពីដំបូងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តស្ដាប់ចម្រៀង និងចូលចិត្តមើលអ្នកចម្រៀងច្រៀងហើយក៏សង្កេតឃើញថា ពួកគាត់មានសាក់នៅលើខ្លួន ក៏គិតថាប្រហែលជាគាត់ចង់បង្ហាញអ្វីមួយពីខ្លួនគាត់ទើបគាត់ចាក់បែបហ្នឹង នៅពេលដែលបានស្វែងយល់ហើយក៏ស្រឡាញ់ និងចាប់ផ្តើមធ្វើវា»។
គ្រូសាក់ជំនាញមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យបានបរិយាយពីខ្លួនឯងថា មិនបានរៀនចប់វិទ្យាល័យទេដោយសារជីវភាព ចំពោះវិជ្ជាជីវៈខាងសាក់នេះមកពីមានដុង ប៉ុន្តែក៏បានរៀនជំនាញនេះយ៉ាងច្បាស់លាស់ពីគ្រូសាក់ជនជាតិអង់គ្លេសម្នាក់ និងបានរើទីតាំងមកបើកនៅរាជធានីភ្នំពេញនេះរយៈពេល ៦ ឆ្នាំហើយដែរ។
ចំពោះតម្លៃដែលទាបជាងគេចាប់ពី២០ដុល្លារ និងថ្លៃបំផុតដល់ ២ ពាន់ដុល្លារសម្រាប់ចាក់នៅខ្នងកុម្ម៉ង់បានគ្រប់រូប ប៉ុន្តែបើភ្ញៀវជាជនបរទេសតម្លៃអាចលើសហ្នឹង។
លោក មាច សុជាតា ក៏បានបរិយាយបន្ថែមដូច្នេះថា៖ «ចំពោះអ្នកដែលមកសាក់នៅកន្លែងខ្ញុំភាគច្រើនជាអ្នកដែលគាត់មានការងារធ្វើល្អៗ មានទាំងប៉ូលិស តារាសិល្បៈជាច្រើននាក់ដែរ ហើយក៏មិនសូវមានអ្នកគ្មានការងារធ្វើ ឬដើរលេងអត់ប្រយោជន៍នោះទេ ព្រោះតម្លៃក្នុងការសាក់វាគួរសម លុះត្រាតែអ្នកដែលគាត់មានលុយទើបគាត់ហ៊ានចំណាយមកលើរឿងនេះ គ្រាន់តែមួយកំណាត់ដៃចុះក្រោមចំណាយអស់ ៤០០ ទៅ ៥០០ ដុល្លារទៅហើយ»។
អ្នកតន្ត្រីករលោក Nicky Bazz ជាភ្ញៀវកំពុងតែសម្លឹងមើលរូបព្រះដែលនឹងដិតដាមជាប់ដៃលោកមួយជីវិតនោះ លោកបាននិយាយថា៖ «សម្រាប់ខ្ញុំគឺចង់ចាក់រូបដែលខ្ញុំស្រឡាញ់នៅជាប់ខ្លួនខ្ញុំ និងចង់បង្ហាញពីអ្វីដែលខ្ញុំចូលចិត្ត និងពេញចិត្តប៉ុណ្ណោះ»៕