ក្រុងឡូសអេនជឺលេស: ហាងស្ប៉ា​មួយ​ក្នុង​ទីក្រុង​ឡូសអេនជឺលេស បាន​ឯកភាព​ផ្លាស់ប្ដូរ​គោលការណ៍​របស់​ខ្លួន និង​បាន​បង់ប្រាក់​សំណង​ដល់​បុរស​ពិការភ្នែក​ម្នាក់​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ហាង​ដោយ​លើក​ហេតុផល​ថា បុរស​ពិការ​មិន​អាច​ធ្វើតាម​ការណែនាំ​ផ្សេងៗ​បាន​។

Spa Palace ដែល​ដំណើរការ​ឡើង​ដោយ CJ Spa Group Inc បាន​ចូល​ខ្លួន​ដោះស្រាយ​ក្ដី​នៅ​នាយកដ្ឋាន​យុត្ដិធម៌​អាមេរិក ក្រោយពី​បុរស​ម្នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​។

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ដើមបណ្ដឹង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចូល​ហាងស្ប៉ា​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៧ ជាមួយ​មិត្ដភក្ដិ​ម្នាក់​បំណង​មក​ម៉ាស្សា​ក្នុង​សង្កាត់ Westlake ក្រុង​ឡូសអេនជឺលេស​។

បុគ្គលិក​ហាងស្ប៉ា​បាន​ប្រាប់​លោក​ថា​លោក​មិន​អាច​ចូល​ហាង ឬ​ទទួល​សេវាកម្ម​ម៉ាស្សា​ដោយសារ​លោក​មិន​អាច​ធ្វើតាម​ការណែនាំ ហើយ​អ្នក​ម៉ាស្សា​មិន​អាច​មើល​ការខុសត្រូវ​លើ​លោក​ឡើយ​។ អ្នក​ទាំង​ ២ ​បាន​ចាកចេញ តែ​ទទួល​ទូរស័ព្ទ​ពី​បុគ្គលិក​ស្ប៉ា ៤៥ នាទី​ក្រោយ​ដោយ​បាន​និយាយ​ថា ពួកគេ​អាច​ត្រឡប់​មក​វិញ និង​ចូល​ម៉ាស្សា​បាន​។ ពួកគេ​ក៏​ប្រកែក​លែង​ត្រឡប់​វិញ​។

មេធាវី​ឈ្មោះ Nick Hanna បាន​ឲ្យ​ដឹង​ថា​៖ «​បុគ្គល​ពិការភាព​រួមទាំង​អ្នក​ពិការភ្នែក មិន​គួរ​ត្រូវ​បាន​ផាត់​ចេញ​ពី​សកម្មភាព ឬ​សេវាកម្ម​ណា​ឡើយ​ដោយ​មាន​ការរើសអើង ឬ​ស្មាន​ខុស​នោះ​ទេ​»​។

បន្ថែម​ពី​ការផ្លាស់ប្ដូរ​គោលការណ៍​លើ​សេវាកម្មជន​មាន​ពិការភាព ហាង​ស្ប៉ា​ក៏​យល់​ព្រម​បង់ពិន័យ ៥០០០ ដុល្លារ​ដល់​ដើមបណ្ដឹង និង​ពិន័យ​រដ្ឋប្បវេណី ៥០០០ ដុល្លារ​ចូល​រតនាគារជាតិ​អាមេរិក​៕ HR