ក្រុង​អាំស្ទែរដាំ៖ តំបន់​ភ្លើង​ក្រហម ឬ​ផ្ទះ​បន​ដ៏​ល្បីល្បាញ​ប្រចាំ​ក្រុង​អាំស្ទែរដាំ​ បាន​បើក​ទ្វារ​​ឡើង​វិញ​ ក្រោយ​​​ពី​បិទ​ដោយសារ​កូរ៉ូណា​ជា​ច្រើន​ខែ ដោយ​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ ហើយ​ភ្ញៀវ​​ត្រូវ​គោរព​តាម​បទ​បញ្ជា​ថ្មី ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​។

ហូឡង់​បាន​បញ្ជា​ឲ្យ​ផ្ទះ​បន​ទាំង​​អស់​បិទ​ទ្វារ​កាល​ពី​ពាក់​កណ្ដាល​​ខែ​មីនា​ និង​គ្រោង​បន្ដ​ផ្អាក​​​អាជីវកម្ម​រហូត​ដល់​ខែ​កញ្ញា តែ​ថ្មីៗ​នេះ​ គម្រោង​ត្រូវ​បាន​​​កែប្រែ​ដោយសារ​អត្រា​ អ្នក​ឆ្លង​កូវីដ ​១៩ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។

នាង ហ្វេលីស្យា អានណា អាយុ ៣៤ ឆ្នាំ​ជា​នារី​រក​ស៊ី​ផ្លូវ​ភេទ​​សញ្ជាតិ​រូម៉ានី នៅ​​តំបន់​​​ភ្លើង​ក្រហម​​ក្រុង​អាំស្ទែរដាំ និង​ជា​ប្រធាន​សហជីព​ពាណិជ្ជកម្ម​ Red Light United បាន​និយាយ​ថា​៖ «​វា​មាន​អារម្មណ៍​ល្អ​ពេល​បាន​ធ្វើ​ការ​ឡើង​វិញ​។

អំឡុង​​​ពេល​បិទ​ទ្វារ​នារី​រកស៊ី​ផ្លូវ​ភេទ​​ជា​ច្រើន​បាន​ជួប​វិបត្ដិ​សេដ្ឋកិច្ច​។ ដូច្នេះ​យើង​រីករាយ​ណាស់ ដែល​អាច​ចាប់​ផ្ដើម​​របរ​ជា​ថ្មី​»។

អានណា បាន​ប្រាប់​ថា មាន​ការ​​​​ភ័យ​ខ្លាច​ ដែល​នឹង​សល់​ភ្ញៀវ​​​​តិច​តួច ដោយសារ​ពួក​គេ​ជា​​​​ច្រើន​ជា​អ្នក​ទេសចរ​ ហើយ​ហូឡង់​​នៅ​បន្ដ​ដាក់​បម្រាម​លើ​បណ្ដា​ប្រទេស​ជា​ច្រើន​។

នាង អានណា បាន​បន្ដ​ថា​៖ ​«ប៉ុន្ដែ​ខ្ញុំ​បាន​សាកសួរ​មិត្ដភក្ដិ​មួយ​​ចំនួន​ហើយ ​ពេល​នេះ​ពួក​គេ​និយាយ​ថា របរ​នេះ​នៅ​តែ​ល្អ​។ ខ្ញុំ​ត្រូវ​បាន​កក់​សម្រាប់​ថ្ងៃ​ពុធ​ដោយ​បន្ថែម​ ហ្វកស៊ី ​ជា​មិត្ដ​រួម​​អាជីព និង​ជា​សកម្មជន​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ពេស្យាកម្ម​ (PIC) ក្នុង​ក្រុង​អាំស្ទែរដាំ ដោយ​ប្រើ​ឈ្មោះ​រក​ស៊ី​។

តំបន់ភ្លើងក្រហម​​ត្រូវបានអនុញ្ញាតឲ្យ​ប្រតិបត្តិការវិញ​។ រូបថត AFP

ហ្វកស៊ី ដែល​ជួល​បន្ទប់​ក្នុង​ផ្ទះ​​​បន​ក្រៅ​តំបន់​ភ្លើង​ក្រហម​​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​រៀបចំ​កម្មវិធី​ជប់​លៀង​តូច​តាច​មួយ​ពេល​​បាន​ឃើញ​សេចក្ដី​ប្រកាស​​របស់​រដ្ឋាភិបាល​ថ្ងៃទី ២៤ ខែ​មិថុនា ដែល​អាច​ឲ្យ​អាជីវកម្ម​ពេស្យាកម្ម​បើក​​ឡើង​វិញ​»។

ខណៈ​បណ្ដា​ប្រទេស​ដទៃ​បាន​​បន្ធូរ​បន្ថយ​បម្រាម​បិទ​ប្រទេស​ នៅ​ហូឡង់​បាន​បិទ​ទាំង​​អំពូល​ភ្លើង​ក្រហម​ និង​ទូកញ្ចក់​ ដែល​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​អាំស្ទែរដាំ​ តែងតែ​ទទួល​ភ្ញៀវ​។

បច្ចុប្បន្ន​ពួក​គេ​កំពុង​បើក​ទ្វារ​ឡើង​វិញ​តែ​ខណៈ​ហាង​កាត់​សក់ និង​ម៉ាស្សា​ហូឡង់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ដ​ប្រតិបត្ដិការ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​បញ្ជាក់​ថា ​អតិថិជន​របស់​ខ្លួន​មិន​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ ​១៩​។

ហ្វកស៊ី បាន​បន្ដ​ថា​៖ «​មុន​ពេល​ណាត់​ជួប​ភ្ញៀវ​ខ្ញុំ​ត្រូវ​ឆែក​ថា​ តើ​ពួក​គេ​មិន​មាន​អាការ​ មិន​ស្រួល​ខ្លួន និង​ តើ​ពួក​គេ​មិន​មាន​​រោគ​សញ្ញា​អ្វី​មួយ​ ឬ​តើ​អ្នក​ផ្ទះ​​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​នោះ​ទេ​​។ ភាគ​ច្រើន​យើង​ចៀសវាង​ការ​នៅ​ទល់​មុខ​គ្នា ​និង​ថើប​គ្នា​»។

លោក ដេវក្រូកេ ជា​ម្ចាស់​ជំនួញ​ ដែល​បាន​ជួល​បន្ទប់​​​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ បាន​និយាយ​ថា ​តំបន់​ភ្លើង​ក្រហម​ពេល​នេះ​​ផ្ដើម​ស្រស់​បំព្រង​វិញ​បណ្ដើរ​ៗ​ហើយ​៕ AFP/HR

តំបន់ភ្លើងក្រហម​​ចាប់ផ្ដើម​ស្រស់បំព្រង​បណ្ដើរៗ។ រូបថត AFP