ភ្នំពេញៈ ថ្មីៗនេះស្រាប់តែឃើញស្រីស្រស់តារាសម្តែង អតីតជាបវរកញ្ញា Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា លេចវត្តមាននៅឯផ្ទះក្នុងព្រៃរបស់គ្រួសារជនបរទេសដែលស្រឡាញ់ និងអភិរក្សបរិស្ថានកម្ពុជាឈ្មោះលោក Ben Davis តាមរយៈសកម្មភាពសប្បុរសធម៌ ការប្រគំតន្ត្រីបៃតងនៅឯខេត្តព្រះវិហារ។
ប្រិយមិត្តភាគច្រើនបានស្គាល់ហើយថាលោក Ben Davis ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកដែលបានមកថែរក្សាព្រៃខ្មែរជាង ២០ ឆ្នាំហើយរហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោតដែលស្ថិតនៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ខណៈមួយរយៈពេលចុងក្រោយនេះគ្រួសារលោក Ben កំពុងតែមានកង្វះខាតហិរញ្ញវត្ថុ ដោយសារមួយឆ្នាំៗលោកត្រូវចំណាយរហូតដល់ទៅ ៣ ម៉ឺនដុល្លារដើម្បីផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗនៅក្នុងតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត។
ក្រោយពីបានទៅដល់លំនៅឋានផ្ទាល់របស់គ្រួសារលោក Ben Davis កាលពីថ្មីៗនេះតាមរយៈក្រុមការងារសិល្បៈដែលមានប្រធានក្រុមគឺលោក តាន់ គីមសួរ នោះកញ្ញា ហេង ចន្ថា បានប្រាប់ឲ្យដឹងពីចំណាប់អារម្មណ៍អាណិតអាសូរ និងសំណូមពរនានាដល់មហាជនខ្មែរផងដែរឲ្យចូលរួមជួយឧបត្ថម្ភដល់គ្រួសារបរទេសដែលស្រឡាញ់បរិស្ថានស្រុកខ្មែរមួយនេះ។ កញ្ញា ហេង ចន្ថា បានបង្ហើបថា៖ «សម្រាប់រូបនាងខ្ញុំ ពេលទៅឃើញផ្ទាល់ពីស្ថានភាពជាក់ស្ដែងនោះគឺអាណិត និងកោតសរសើរគាត់ និងគ្រួសារដែលបានឃ្លាតឆ្ងាយពីទឹកដីកំណើតក៏ដូចជាលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមករស់នៅក្នុងព្រៃរបស់ប្រទេសកម្ពុជា ព្រោះតែលោកកើតមានក្តីស្រឡាញ់បរិស្ថាន និងចង់អភិរក្សព្រៃឈើ និងសត្វព្រៃនានាឲ្យបានគង់វង្ស»។
កញ្ញា ហេង ចន្ថា បានបន្តថា៖ «ក្នុងនាមអ្នកសិល្បៈម្នាក់ក៏ដូចជាក្រុមអ្នកសិល្បៈទាំងអស់ដែលបានចូលរួមកម្មវិធីប្រគំតន្ត្រីបៃតងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៩ កន្លងមកចង់សំណូមពរ និងអំពាវនាវដល់មហាជនគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការងារសប្បុរសតាមកម្លាំងសទា្ធជ្រះថ្លា ឬតាមលទ្ធភាពរបស់ខ្លួនដើម្បីជួយសម្រួលការលំបាករបស់គ្រួសារលោក បេន ព្រោះឮថា ថ្មីៗនេះគាត់ និងគ្រួសារក៏បានលក់ទ្រព្យសម្បត្តិ ផ្ទះសំបែងអស់យកមកផ្គត់ផ្គង់ការរស់នៅរបស់ពួកគាត់នៅក្នុងព្រៃនោះផងដែរ។ ហើយពេលនេះកំពុងតែជួបការលំបាកទាំងផ្នែកលុយកាក់ និងគ្រឿងបរិភោគ»។
គួរបញ្ជាក់ថាការប្រគំតន្ត្រីបៃតងនៅសហគមន៍ភ្នំត្នោតដែលជាទីលំនៅឋានរបស់លោក Ben Davis កន្លងមកនេះនៅខេត្តព្រះវិហារនោះមានអ្នកសិល្បៈជាច្រើនចូលរួមមានការដឹកនាំដោយលោក តាន់ គីមសួរ ដើម្បីនាំយកកញ្ចប់ថវិកាខ្លះ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់គ្រួសារលោក បេន និងជាការបញ្ជ្រាបការយល់ដឹងពីបរិស្ថានដល់ប្រជាសហគមន៍ផងដែរ។ នេះបើតាមការអះអាងបញ្ជាក់ពីតារាសម្តែងស្រី និងអតីតជាបវរកញ្ញា Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា៕