ភ្នំពេញ៖ ស្រីស្រស់អតីតជាម្ចាស់មកុដបវរកញ្ញា Miss Grand Cambodia ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ស្រាប់តែបង្ហាញមុខគូស្នេហ៍ដែលជាម្ចាស់បេះដូង ដែលទើបបានភ្ជាប់ពាក្យថ្មីៗ ក្នុងសភាពបែបមិនសូវបើកចំហ ខណៈពិធីភ្ជាប់ចំណងស្នេហ៍នោះ មិនសូវមានភាពអ៊ូអរដោយក្រុមមិត្តអ្នកសិល្បៈ ដែលបានរំលងទៅនាប៉ុន្មានថ្ងៃនេះ។
ឆ្លើយសារភាពការពិត ទាំងស្នាមញញឹមចំពោះដំណឹងសួររឿងបានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដែលមហាជនសង្ស័យថា ទំនងអាចជាការថតកុននោះ កញ្ញា ហេង ចន្ថា ក៏បញ្ជាក់ត្រឹមតែការទទួលស្គាល់ថា៖ «ជាការពិតមែនបង! នាងខ្ញុំបានធ្វើពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ ខែនេះ មិនមែនជាការថតកុននោះទេ!»។
ទោះបីជាបានភ្ជាប់ពាក្យភ្ជាប់សម្តីតាមគន្លងប្រពៃណីខ្មែរ ដែលមានសាច់ញាតិដឹងឮទាំងសងខាងពីចំណងស្នេហ៍ខ្លួនមែនក្តី តែហាក់ដូចជាមិនទាន់ដឹងប្រវត្តិគូស្នេហ៍នាងជានរណា និងពេលវេលាកំណត់ចូលរោងជ័យនៅឡើយទេ ដោយ Miss Grand Cambodia ឆ្នាំ ២០១៦ មានសម្រស់ផូរផង់ ស័កិ្តសមជាម្ចាស់មកុដសម្រស់កញ្ញា ហេង ចន្ថា បានបន្តទៀតថា៖ «ចំពោះរឿងចង់ដឹងប្រវត្តិរូបគូដណ្តឹងនាងខ្ញុំជានរណានោះ សូមចិត្តបងប្អូនលាក់សិន។ ចំណែកពេលវេលារៀបការវិញ ក៏នៅមិនទាន់គិតគូរឆាប់ឡើយ គឺអាចមានរយៈពេលប្រមាណ ៣-៤ ឆ្នាំ ទៅមុខទៀតអី ទើបបានសម្រេចរឿងរកពេលដើម្បីរៀបការ»។
ចំពោះការងារសិល្បៈវិញ ក្រោយពីមានវត្តមានសម្តែងនៅក្នុងភាពយន្តរឿង «បន្តោងឆ្នាំងដី» កាលពីឆ្នាំ ២០១៨ មក ម្ចាស់មកុដរាជិនីសម្រស់រូបនេះ ក៏បានបាត់មុខពីការសម្តែងកុន ដោយគ្រាន់តែមានវត្តមានត្រឹមជាភ្ញៀវចូលរួមក្នុងកម្មវិធីសិល្បៈ និងការសម្ពោធភាពយន្តតែប៉ុណ្ណោះ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រពីមហាជនតាមរយៈការសម្តែង MV ឲ្យផលិតកម្មហង្សមាសជាបន្តបន្ទាប់។
ការដែលមិនសូវជាបង្ហាញមុខនៅលើទីផ្សារសម្តែងកុនមួយរយៈចុងក្រោយនេះ ស្រីស្អាតញញឹមស្រស់កញ្ញា ហេង ចន្ថា ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយសារចង់សម្រាកមករៀបចំការរកស៊ីផ្ទាល់ខ្លួនសិនហើយម្យ៉ាងទៀតកុនដែលថតចប់មិនទាន់ចាក់បញ្ចាំងដែរនោះ ទើបនាងខ្ញុំមិនទាន់ទទួលថតកុនផ្សេងៗឡើយ ទោះបីជាមានគេហៅថតជារឿយៗច្រើនក្តី»។
លើសពីនេះ ស្រីស្រស់ ហេង ចន្ថា ក៏បានបង្ហើបពីអាជីវកម្ម ដែលបើកនៅក្នុងឆ្នាំ ២០២០ ផងដែរថា៖ «តាមពិតទៅ នេះគឺជារបររកស៊ីរបស់ខ្ញុំយូរហើយ ប៉ុន្តែពីមុនខ្ញុំបើកលក់នៅផ្សារធម្មតា មិនមែនជាហាងអ្វីធំដុំទេ ប៉ុន្តែតាំងពីដើមឆ្នាំ ២០២០ នេះមក ខ្ញុំក៏មានគម្រោងបើកជាហាងត្រឹមត្រូវ គឺលក់សម្លៀកបំពាក់ ដែលពេលនេះ ក៏មិនទាន់ដាក់ឈ្មោះហាងជាផ្លូវការដូចគ្នាទៀតផងដែរ»៕