ភ្នំពេញៈ ភាព​បន្ត​ស្ងាត់ជ្រងំ​នៃ​ទីផ្សារ​ថតកុន​របស់​តារា​សម្តែង​ស្រី​កូន​កាត់ ៣ សាសន៍ និង​ចូលចិត្ត​សម្ញែង​ដើម​ទ្រូង​ដ៏​សិចស៊ី​ទាក់​ទាញ​ក្រសែ​ភ្នែក​ប្រុសៗ​ឲ្យ​លួច​លេប​ទឹក​មាត់​ស្ងាត់ៗ កញ្ញា ព្រីម លីហ្សា នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ពី​មហាជន​សាជា​ថ្មី​ទៀត​ដោយសារ​មិន​អស់​ចិត្ត​នឹង​ភាព​ហ៊ឺហា​របស់​នាង។

ចាប់តាំងពី​ចុងឆ្នាំ ២០១៧ មក​ម្ល៉េះ ទីផ្សារ​សិល្បៈ​របស់​តារា​សម្តែង​ស្រី ដែល​ឧស្សាហ៍​សម្ញែង​ចេញ​ដើម​ទ្រូង​ដ៏​សិច​ស៊ី​ឲ្យ​ប្រុសៗ​មើល​ភ្លឹក កញ្ញា ព្រីម លីហ្សា ហាក់​ដូច​ជា​មាន​ភាព​ស្ងាត់​ជ្រងំ​បន្តិច តែ​បែរ​ជា​មក​ផុស​ផុល​ខ្លាំង​នឹង​ការ​ចូលរួម​ពិធី​សម្ពោធ​ផលិតផល​ម៉ាក​ល្បីៗ ពិធី​សម្ពោធ​រឿង និង​ឧស្សាហ៍​មាន​ទីផ្សារ​ចេញ​ទៅ​កើប​យក​លុយ​ដុល្លារ​នៅ​ឯ​ក្រៅ​ស្រុក​ញឹក​ញាប់ ព្រម​ទាំង​ការងារ​សប្បុរស​ធម៌​ផង​ដែរ។

កាន់តែ​ពិសេស​ទៀត​នោះ នាង​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​នឹង​ដំណើរ​ហោះហើរ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​នៃ​តំបន់​អឺរ៉ុប​យ៉ាង​ផុសផុល នា​ពេល​ថ្មីៗ​នេះ ក៏បាន​បន្ថែម​នូវ​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ដែរ ពី​ភាព​មាន​បាន ហ៊ឺហា និង​ប្រភព ប្រាក់​ចាយ​វាយ លើ​ដំណើរ​កម្សាន្ត​ទាំង​នោះ ខណៈ​រូប​នាង​ក៏​ដូចជា​មិន​មាន​ប្រភព​រក​ប្រាក់​បាន​ពី​វិស័យ​សិល្បៈ​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា​ក្តី​ការ​ចំណាយ​ប្រាក់​ដើរ​អស់​ប៉ុន្មាន​បាន​ពី​ណា? តារា​សម្តែង​ស្រី​សិច​ស៊ី ល្បី​សម្បូរ​ប្រាក់​ទិញ​សម្ភារ​ទំនើបៗ និង​សម្លៀក​បំពាក់​សុទ្ធ​តែ​ជា​ម៉ាក​ល្បី និង​ថ្លៃៗ កញ្ញា ព្រីម លីហ្សា មិន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នោះ​ឡើយ។ ភ្នំពេញ​ប៉ុស្តិ៍​មិន​បាន​ទទួល​ការ​បក​ស្រាយ​លម្អិត​ពី​កញ្ញា ព្រីម លីហ្សា ផ្ទាល់​នោះ​ទេ ខណៈ​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​ប្អូន​ស្រី​បង្កើត​ឈ្មោះ​កញ្ញា អា​ពីង លើក​ជំនួស និង​ឆ្លើយ​ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​បង​ស្រី​ទៅ​លើ​ភាព​ស្ងាត់​ជ្រងំ​នៃ​សិល្បៈ​ថា៖ «តាម​ពិត​ទៅ ភាព​ស្ងាត់​របស់​គាត់​នា​មួយរយៈ​ចុង​ក្រោយ​នេះ​មក​ពី​កត្តា ២ យ៉ាង​គឺ ហេតុផល​ទី ១ មក​ពី​គាត់ និង​បណ្តា​ផលិតកម្ម ឬ​ក្រុមហ៊ុន​ថត​កុន ចរចា​តម្លៃ​មិន​ត្រូវ​គ្នា ទើប​បង​ស្រី​ខ្ញុំ​គាត់​មិន​ព្រម​ទទួល​ថត។

ចំណែកឯ​ហេតុផល ១ ទៀត​គឺ​មកពី​គាត់​ចង់​ប្រើ​ពេលវេលា​ឲ្យ​បាន​ច្រើន សម្រាប់​គ្រួសារ ជាពិសេស ជាមួយ​នឹង​អ្នក​ម៉ាក់​យើង​តែ​ម្តង​ខណៈ​កន្លង​មក​ពេល​បង​ស្រី​ប្រឡូក​សិល្បៈ​នោះ​គឺ​ម៉ាក់​តែង​តែ​ទៅ​តាម​គាត់​ជានិច្ច ហើយ​ឥឡូវ​នេះ ម៉ាក់​គាត់​ចាស់ ហើយ​ក៏​ដល់​ពេល​ដែល​ត្រូវ​បង​ស្រី​ប្រើ​ពេល​រីករាយ​ជូន​ម៉ាក់​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​នានា ដែល​ម៉ាក់​មិន​ទាន់​ស្គាល់ ដូចជា​ថ្មីៗ​នេះ គាត់​បាន​នាំ​ម៉ាក់​ទៅ​លេង​ប្រទេស ៤ នៅ​ទ្វីប​អឺរ៉ុប ហើយ​នៅ​ថ្ងៃ​ខួប​កំណើត​បង​ស្រី​នា ថ្ងៃ​ទី ២៥ ខែធ្នូ ខាង​មុខ​ដែរ​នេះ បង​ស្រី​ក៏មាន​គម្រោង​នាំ​ម៉ាក់​ទៅ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី ផង​ដែរ ដោយ​គាត់​នឹង​ធ្វើ​ខួប​កំណើត​នៅ​ទីនោះ​តែ​ម្តង»។

កញ្ញា អា​ពីង ក៏​បង្ហើប​ឲ្យ​ដឹង​ពី​ភាពស្ងាត់​ទីផ្សារ​ថតកុន​តាំងពី​ចុងឆ្នាំ ២០១៧ ផង​ដែរ​របស់​កញ្ញា ព្រីម លីហ្សា ដែល​ជា​ចម្ងល់​មហាជន​នោះ​ថា៖ «តាម​ពិត​ទៅ​មិន​មែន លីហ្សា គ្មាន​ទីផ្សារ​ថត​កុន ឬ​គ្មាន​ផលិតកម្ម​ហៅ​ថត​កុន​នោះ​ទេ គ្រាន់​តែ​នា​ពេល​មួយរយៈ​នេះ គាត់​ជាប់​រវល់​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ស្ប៉ត​អប់រំ​ខ្លីៗ​ច្រើន ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ត្រូវ​ទទួល​យក​ការថត​កុន​ប៉ុណ្ណោះ ហើយ​ពេល​នេះ​គាត់​ក៏​ឆ្លៀត​ដក​ពេល​ទំនេរ​មក​ជួប​ជុំ​គ្រួសារ​នៅ​ចុង​ឆ្នាំ​វិញ​សិន ខណៈ​ដល់​ទៅ​ដើម​ឆ្នាំ​ក្រោយ នោះ​ទើប​បាន​គាត់​សម្រុក​លើ​ការងារ​សិល្បៈ​គាត់​ឲ្យ​បាន​ខ្លាំង​វិញ»។

គួរ​បញ្ជាក់ថា តារា​ម៉ូ​ដែល និង​សម្តែង​ស្រី​ស្រស់ ព្រីមលីហ្សា ក៏មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ល្បី​មួយ​នៅ​ឯ​ប្រទេស​បារាំង ដែល​មាន​ឈ្មោះ Paris Fashion Week 2017 ចំនួន ៣-៤ ថ្ងៃ នៅ​ក្នុង​នាម​ជា​តារា​កិត្តិយស ចូលរួម​ទស្សនាការ​បង្ហាញ​ម៉ូដ​ដែល​ប្រជុំ​ដោយ​តារា​ម៉ូដែល​ល្បី​ប្រចាំ​តំបន់​អឺរ៉ុប និង​បាន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដែល​លេច​មុខ​នៅ​ក្នុង​កម្មវិធី Pedro Spring Summer Collection 2017 នៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ទៀត​ផង៕