ភ្នំពេញ: គ្រប់កាយវិការ គ្រប់ឥរិយាបថ និងគ្រប់សកម្មភាពរបស់ ហ៊ាប៊យ ជារហស្សនាមកុមារាសាច់ទ្រលុកទ្រលន់គួរឲ្យក្នាញ់នៅលើហ្វេសប៊ុកសុទ្ធតែទទួលបាននូវរូបភាពបេះដូង រូបសំណើចអេម៉ូជី និងសំណេរបង្ហាញពីភាពរីករាយរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងមិនភ្លេចក្នុងការចុច Like និង Share ជាច្រើនពាន់ដង។
ក្មេងប្រុស រ័ត្ន វិសាល ឬហៅ ហ៊ាប៊យ វ័យទើបតែ ២ ឆ្នាំ ៥ ខែបានបង្ហាញអាកប្បកិរិយាបែប «អូនម៉ាប់ អូនឃ្យូត» ពីធម្មជាតិតាមរយៈការចូលចិត្តមើលទូរទស្សន៍ ប្រឡែងលេងជាមួយបងស្រី ឬឪពុកម្តាយ និងសូម្បីតែនៅពេលយំក៏ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុករសាត់ទុក្ខកង្វល់មួយគ្រា។
លោក សី ចាន់រ័ត្ន វ័យ ៣៣ ឆ្នាំជាឪពុកកុមារម៉ាប់ៗដែលកំពុងតែទទួលបានប្រជាប្រិយភាពពីមហាជនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដំបូង ខ្ញុំគ្រាន់តែថតលេងទេ ទុកគ្រាន់តែជាឯកសារឲ្យពួកគាត់មើលនៅពេលដែលពួកគាត់ធំៗ និងសម្រាប់ពេលដែលខ្ញុំ និងគ្រួសារទៅណាមកណា មិនបាច់កាន់អាល់ប៊ុមរូបថតទៅតាមខ្លួន ដោយកាន់តែទូរស័ព្ទមើលបានហើយ។ ខ្ញុំបានថតវីដេអូ និងរូបថតនេះតាំងពីកូនទី ១ ហៅ ចេចេ សាសា រហូតមកដល់មានកូនទី ២ ហៅ ហ៊ាប៊យ បន្ដបង្ហោះដូចគ្នា។ ប៉ុន្តែដោយសារមិត្ដភក្ដិលើហ្វេសប៊ុកពេញចិត្តទើបខ្ញុំបង្កើត Page ឈ្មោះ «Hea Boy ហ៊ាប៊យ» តែម្តង។ មិននឹកស្មានថាមានអ្នក Like Page ច្រើនដល់ថ្នាក់នេះទេ»។
អ្វីដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកកាន់តែចាប់អារម្មណ៍ គ្រួសារលោក សី ចាន់រ័ត្ន ជាបុគ្គលិកផ្នែកបច្ចេកទេសនៅអង្គភាពព័ត៌មានមួយដែរនោះសុទ្ធតែមានសាច់ទ្រលុកទ្រលន់ទាំងអស់។ លោក ចាន់រ័ត្ន ផ្ទាល់មានទម្ងន់ ១២០ គីឡូ ភរិយាឈ្មោះ ឡេង លាភី វ័យ ៣៣ ឆ្នាំមានទម្ងន់ ១០០ គីឡូ កូនស្រីច្បងឈ្មោះ រ័ត្ន រក្សា វ័យ ៦ ឆ្នាំ មានទម្ងន់ ៣១ គីឡូ និងកូនពៅ ហៅ ហ៊ាប៊យ ដែលទទួលបានការចាប់អារម្មណ៍ជាងគេឈ្មោះ រ័ត្ន វិសាល មានទម្ងន់ដល់ ២០ គីឡូ។
លោក សី ចាន់រ័ត្ន បានបរិយាយពីការថែទាំកូនថា៖ «ខ្ញុំ និងប្រពន្ធចិញ្ចឹមកូនដូចគេដូចឯងដែរ គ្មានអីធំដុំនោះទេ ឲ្យអាហារ ៣ ពេលដូចគ្នា។ ប៉ុន្តែថ្ងៃខ្លះក៏បានជូនទៅញ៉ាំបាយ ឬគុយទាវខាងក្រៅ។ ឯកូនប្រុសវិញឲ្យញ៉ាំទឹកដោះគោពន្លូតកម្ពស់បន្ថែមដោយសារគាត់មិនទាន់ផ្តាច់ដោះបាន។ ប៉ុន្តែក៏មិនបណ្តោយឲ្យញ៉ាំតាមចំណង់របស់គាត់នោះទេ ព្រោះគេមានមាឌធំបែបនេះ គួរឲ្យស្រឡាញ់តែពេលនៅតូចប៉ុណ្ណោះ។ ចំពោះការទទួលទានចំណីវិញ គ្រួសារខ្ញុំមិនសូវឲ្យកូនៗញ៉ាំនំកញ្ចប់ទេ តែក្មេងឃើញមិនបានទេ ជួនទិញឲ្យ ជួនក៏អត់ ឬឲ្យតិចបំផុត ព្យាយាមឲ្យញ៉ាំផ្លែឈើជំនួសវិញ»។
ឪពុករបស់ក្មេងប្រុសដែលមានភាពក្រមិចក្រមើមធ្វើឲ្យអ្នកគាំទ្ររំពឹងថាបានជួបផ្ទាល់នេះក៏បានបន្តទៀតថា៖ «អ្នកគ្រប់គ្នាប្រហែលជាគិតថា កូនខ្ញុំគួរឲ្យស្រឡាញ់ និងស្រួលនិយាយឆាប់ស្តាប់គ្នាហើយ។ ប៉ុន្តែផ្ទុយស្រឡះពួកគេកាចតាំងពីក្មេង ម្នាក់ៗឲ្យតែភ្ញាក់ពីគេងដឹងតែយំហើយ តែលួងឆាប់បាត់វិញ»។
លោកបន្ថែមថាតាំងពីតូច កូនរបស់លោកមិនគេងនៅខាងក្រោមទេ ចូលចិត្តគេងនៅលើអង្រឹង ហើយកូនស្រីច្បងប្រើអស់អង្រឹង ៣ និងមុង ១ ហើយហ៊ាប៊យ ប្រើអង្រឹងអស់ ៧ និងមុង ៣ ទើបតែចុះមកគេងខាងក្រោមបានកន្លះឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែពួកគេក៏មានចំណុចពិសេសរួមគឺមាឌកាម៉ាប់គួរឲ្យស្រឡាញ់តាំងពីតូច និងចូលចិត្ដភាពក្រមិចក្រមើម។
ហ្វេសប៊ុក Hea Boy ហ៊ាប៊យ ដែលមានអ្នកគាំទ្ររហូតដល់ជាង 81k ទើបតែបង្កើតបានជាង ៤ ខែលោក ចាន់រ័ត្ន បានបញ្ជាក់ថាមានការកើនចំនួនអ្នក Like Page ជារៀងរាល់ថ្ងៃបន្ថែមទៀត ហើយកិច្ចការមួយក្រៅពីការងារនៅអង្គភាពព័ត៌មាននោះគឺការចាំតបឆាតរបស់អ្នកគាំទ្រកូនប្រុសរបស់លោកនៅពេលយប់។ មានអ្នកខ្លះផ្ញើរបស់ឲ្យលេង អ្នកខ្លះសុំជួបមុខផ្ទាល់ ហើយអ្នកខ្លះទៀតចង់អញ្ជើញទៅទទួលទានអាហារនៅក្នុងភោជនីយដ្ឋានក៏មាន។
លោក សី ចាន់រ័ត្ន មានទីលំនៅនៅសង្កាត់ចាក់អង្រែលើបានលើកឡើងថា៖ «ធ្លាប់មានគេទាក់ទងមកខ្ញុំ ដើម្បីចង់បានកូនប្រុសខ្ញុំ (ហ៊ាប៊យ) ទៅថតកម្មវិធីវីដេអូអប់រំ។ ប៉ុន្តែក៏ត្រូវបានបដិសេធ ព្រោះកូនខ្ញុំគេនៅខ្ចីពេក ធ្វើការងារនេះមិនទាន់កើតនោះទេ។ ពេលខ្លះត្រូវយំក៏យំ អ៊ីចឹងវាអាចធ្វើឲ្យខូចកម្មវិធីគេ និងខាតពេលវេលារបស់គេ។ ខ្ញុំផ្ទាល់ក៏មិនទាន់អាចគ្រប់គ្រងគេបានដូចគ្នា។ បើសិនជាគេធំជាងនេះ ខ្ញុំក៏អាចឲ្យគេថតបានហើយ។ ចំពោះសាលា Win International School ដែលជាសាលាកូនស្រីច្បងខ្ញុំបានរៀនក៏បានហៅ ហ៊ាប៊យ ឲ្យចូលរៀនដោយមិនមានបង់ប្រាក់។ ប៉ុន្តែក៏មិនអាចឲ្យគេចូលរៀនបាន ព្រោះគេនៅមិនទាន់សូវចេះនិយាយ និងមិនទាន់អាចស្តាប់គ្នាបាននោះទេ»។
លោក ចាន់រ័ត្ន ក៏បង្ហាញពីគោលបំណងក្នុងថ្ងៃអនាគតថា៖ «សម្រាប់គោលដៅក្នុងជីវិតរបស់កូនៗខ្ញុំក៏មិនដឹងដូចគ្នាថាពួកគេចង់ធ្វើអ្វី។ ប៉ុន្តែខ្ញុំផ្ទាល់តែងតែសង្ឃឹមថា ឲ្យពួកគេរៀនចប់បរិញ្ញា អាចរកការងារល្អធ្វើ កុំឲ្យដូចខ្ញុំ ព្រោះខ្ញុំរៀនត្រឹមតែថ្នាក់ទី ១២ ប៉ុណ្ណោះ។ អ៊ីចឹងខ្ញុំត្រូវធ្វើការច្រើនម៉ោងក្នុង ១ ថ្ងៃ ទើបអាចទប់ការចំណាយក្នុងគ្រួសាររួច»៕
វីដេអូ៖