ភ្នំពេញៈ ក្រោយពី​អស់​នូវ​ឱកាស​លើក​ពាន​ដោយសារ​មិន​អាច​ប្រជែង​នឹង​កញ្ញា ឈិន ម៉ានិច្ច នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវកាល​ទី​ ២ មក​ទល់​ពេល​នេះ​តារាចម្រៀង​ស្រី​វ័យក្មេង​សំឡេង​ពិរោះ​រណ្តំ​កញ្ញា ហ៊ិន លីដា ហាក់​មិន​ទាន់​មាន​ផលិតកម្ម​ជ្រក​នៅ​ឡើយ​ទេ ហើយ​បង្ហើប​ឲ្យ​ដឹង​ពី​រឿង​ខ្លួន​មិន​ចង់​ចូល​ទ្រនំ​ហង្សមាស​ទៀត​ផង​។

បច្ចុប្បន្ននេះ​គេ​ឃើញ​តារាចម្រៀង​ស្រី​អតីត​ជា​បេក្ខភាព​ប្រឡង​កម្មវិធី Cambodian Idol រដូវកាល​ទី​ ២ ដែល​មាន​ស្រុកកំណើត​នៅ​កំពង់ឆ្នាំង​សម្បុរ​ស្រអែម កញ្ញា ហ៊ិន លីដា កំពុងតែ​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋាន​វីហ្វ្រេន​ជាមួយ​នឹង​តារាចម្រៀង​ប្រុស​ស្រី​ផ្សេងៗ​ទៀត​មាន​ដូចជា​កញ្ញា ពេជ្រ ច័ន្ទធីតា លោក ឃ្លាំង ​តារា កញ្ញា ជាតិ សុច្ចការ ជាដើម ខណៈ​សំឡេង​របស់​នាង​នៅតែ​មាន​ទឹកដម​សំនៀង​ក្រអួន​ក្រអៅ​មិន​ធម្មតា​ដូច​កាលពី​ពេល​ទៅ​ប្រឡង​ប្រជែង​នោះ​ដដែល​។

បើ​ទោះបី​ជា​មាន​ទឹកដម​សំនៀង​ក្រអួន​ក្រអៅ​មិន​ធម្មតា​មែន ប៉ុន្តែ​បាន​ត្រឹម​ជា​តារាចម្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ​ហាក់​ធ្វើឲ្យ​កញ្ញា លីដា ពិបាក​ប្រជែង​ទីផ្សារ​ចម្រៀង​ជាមួយ​នឹង​តារាចម្រៀង​ល្បីៗ នាពេល​បច្ចុប្បន្ន​ផង​ដែរ​។ កញ្ញា ហ៊ិន លីដា ក៏​បង្ហើប​ឲ្យ​ដឹង​ថា តាមពិត​ហង្សមាស​ធ្លាប់​ផ្តល់​ឱកាស​ឲ្យ​នាង​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ដែរ ប៉ុន្តែ​ចិត្ត​នាង​នៅ​មិន​ចង់​ចូល​ផលិតកម្ម ព្រោះ​ខ្ញុំ​មើលឃើញ​ថា​ផលិតកម្ម​ហង្សមាស​មាន​ក្រុម​តារា​ច្រើន​ណាស់​ទើប​នាង​សុខចិត្ត​ច្រៀង​នៅ​ខាង​ក្រៅ​ផលិតកម្ម​រហូត​មក​ដល់​ពេល​នេះ​វិញ​។

កញ្ញា ហ៊ិន លីដា ឲ្យ​ដឹង​ថា​៖ «​មិនមែន​ខ្ញុំ​អន់ចិត្ត​ហង្សមាស​មិន​ឲ្យ​ជាប់​ពាន​ទើប​ខ្ញុំ​មិន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ទេ គឺ​ខ្ញុំ​មើល​ឃើញ​ថា​នៅ​ទីនោះ​មាន​តារា​ច្រើន​ណាស់ ហើយ​តាមពិត​ខាង​ហង្សមាស​ក៏​ធ្លាប់​ហៅ​ខ្ញុំ​ចូល​ដែរ តែ​នាង​ខ្ញុំ​មិន​ទាន់​ចង់​ចូល ដោយសារ​តែ​ចង់​ច្រៀង​នៅ​ខាង​ក្រៅ​សិន និង​ធ្វើ​បទចម្រៀង​ខ្លួនឯង​វិញ​។ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ទៅ​តាម​ពេលវេលា ហើយ​ប្រសិន​បើ​នៅ​ថ្ងៃ​ក្រោយ​ទៅ យើង​ត្រូវ​ចូល​ផលិតកម្ម​ណា​មួយ​ដែល​មើល​ទៅ​ឃើញ​ថា​អាច​ចូល​ទៅ​បាន ក៏​ខ្ញុំ​នឹង​ចូល​ផង​ដែរ​»​។

ដោយឡែក​ការច្រៀង​នៅ​ប្រចាំ​ភោជនីយដ្ឋាន​វីហ្វ្រេន​នោះ​កញ្ញា ហ៊ិន លីដា ​ដែល​មាន​ចិត្ត​រារែក​មិន​ចង់​ចូល​ផលិតកម្ម​ហង្សមាស​នោះ ក៏​ព្រលយ​សរសើរ​ថៅកែ​ហាង​ដែរ​ថា បាន​ផ្តល់​តម្លៃ​ឲ្យ​នាង​តាំងពី​ឈាន​ជើង​ចូល​ទៅ​ច្រៀង​ដំបូង​មក​។ កញ្ញា ហ៊ិន លីដា តារាចម្រៀង​ស្រី​វ័យ ២០ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖ «​តាំងពី​ខ្ញុំ​នៅ​ជំទង់​ម្ល៉េះ ហើយ​ចូល​ច្រៀង​ដំបូង​ថៅកែ​គាត់​ពេញចិត្ត​ឲ្យ​តម្លៃ​ស្មើ​គេ​ច្រៀង​ដូច​នៅ​ផលិតកម្ម​ដែរ​។ ​ឥឡូវនេះ​មាន​រយៈពេល​ជាង ៥ ​ឆ្នាំ​មកហើយ​។ ខ្ញុំ​ក៏​មាន​គេ​ទាក់ទង​ឲ្យ​ចេញ​ច្រៀង​សម្តែង​នៅ​ក្រៅ​ស្រុក​ផង​ដែរ តែ​ចរចា​គ្នា​មិន​ទាន់​ត្រូវ អ៊ីចឹង​ហើយ​ទើប​មិន​ទាន់​ច្បាស់​»៕