ក្រុងសេអ៊ូល៖ ហ្វូងគោជាច្រើនក្បាលបានមកជាប់ទើរនៅលើដំបូលផ្ទះ រោងកសិកម្មនានាដោយសារតែទឹកជំនន់នៅកូរ៉េខាងត្បូងដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះកំពុងប្រឈមនឹងបញ្ហាទម្លាក់សត្វដែលមានទម្ងន់ខ្លួនធ្ងន់ទាំងនោះ។
សត្វគោជាច្រើនក្បាលបានរសាត់អណ្តែតតាមខ្សែទឹកជំនន់ជន់លិចនៅចុងសប្តាហ៍នៅ Gurye ជាទីប្រជុំជនកសិកម្មមួយ ស្ថិតនៅភាគខាងត្បូងប្រទេស និងបែកខ្ញែករកទីសុវត្ថិភាពរៀងៗខ្លួន ដោយខ្លះជាប់ទើរលើដំបូលផ្ទះ និងអគារផ្សេងទៀត។
នៅពេលដែលទឹកជំនន់បានស្រកចុះ សត្វទាំងនោះបែរជាជាប់នៅលើទីខ្ពស់ និងស្ថិតក្នុងសភាពត្រដាបត្រដួស ដែលមិនអាចស្វែងរកកន្លែងចុះមកដីវិញបាន។
នៅក្នុងរូបភាពបានបង្ហាញពីសត្វគោប្រមាណ ៩ ក្បាល ឈរលើដំបូលបាក់បែក ១ ផ្ទាំង។
អ្នកស្រុកម្នាក់បានប្រាប់បណ្តាញទូរទស្សន៍ JTBC ថា៖ «សត្វគោទាំងនោះហែលទឹកពេលកម្ពស់ទឹកជំនន់ហក់ឡើងខ្លាំង រួចស្រវេស្រវាឡើងលើដំបូលផ្ទះ ហើយនៅទីនោះ ទោះទឹកជំនន់បានស្រកក៏ដោយ»។
ក្រុមសង្គ្រោះបានយករថយន្តស្ទូច ទម្លាក់គោនីមួយៗពីលើដំបូលដោយលើកពួកវាដាក់លើក្ដាររអិល។
ប៉ុន្តែនៅពេលដែលសត្វគោត្រឡប់ទៅកសិដ្ឋានរៀងៗខ្លួនវិញ គោជាច្រើនចេញរោគសញ្ញាជំងឺរលាកសួត។ នេះបើយោងតាមពេទ្យសត្វស្ម័គ្រចិត្ត ១ រូបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរងនូវឥទ្ធិពលនៃជំនន់ជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ជាប់ៗគ្នាដែលជាហេតុបានបង្កឲ្យមានទឹកជំនន់ និងមានរបាយការណ៍ថា មនុស្សចំនួន ៣១ នាក់បានស្លាប់ ចាប់តាំងពីដើមខែកន្លងមកនេះ៕ AFP/RS