ភ្នំពេញ៖ នៅ​ពេល​ដែល​លោក​ ហ្គ្រេក ក្រាហ្វ ​(Greig Craft) បាន​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​វៀតណាម ​កាល​ពី​ឆ្នាំ​ ១៩៨៩ លោក​បាន​សង្កេត​ឃើញ​បញ្ហា​​គ្រោះ​ថ្នាក់​ចរាចរណ៍ ប្រឈម​ដោយ​ប្រជាជន​​លើ​​យាន​ជំនិះ​​​មីដេរដាស​​តាម​ដង​វិថី​រៀង​​​​​រាល់​ថ្ងៃ​។

ក្ដី​បារម្ភ​នេះ​​បាន​ធ្វើ​ឱ្យ​លោក​​សម្រេច​ចិត្ត​​បង្កើត​អង្គការ​បង្ការ​របួស​អាស៊ី​ (Asia Injury Prevention or AIP) នេះ​ឡើង​កាល​ពី​ឆ្នាំ ​១៩៩៩។

អង្គការ​បាន​ចាប់​ដៃគូ​​សហការ​​ក្នុង​ស្រុក និង​ផ្ដើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០០៦​ ហើយ​​​​បាន​​ចុះ​បញ្ជី​​ដោយ​​​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​ទីស្នាក់ការ​នៅ​​​កម្ពុជា​ក្នុង​​​ឆ្នាំ ​២០១១​។

លោក អ៊ីម ពិសិដ្ឋ ជា​​ប្រធាន​គ្រប់គ្រង​កម្មវិធី​ក្នុង​អង្គការ​បាន​ឱ្យ​ដឹង​ថា​មុន​មាន​ទីស្នាក់ការ​អង្គការ​បាន​សហការ​ជាមួយ​ដៃ​គូ​ជា​ច្រើន ​ដើម្បី​​អនុវត្ត​ការងារ​មួយ​ចំនួន​ឱ្យ​អង្គការ​​របស់​ខ្លួន​។

ប្រធាន​គ្រប់គ្រង​ដែល​ផ្ដើម​បម្រើ​ការងារ​នៅ​អង្គការ​ AIP តាំង​ពី​ចុង​ឆ្នាំ ​២០១១ ​មក​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «តាំង​ពី​ឆ្នាំ ​២០០៦​ គឺ​គោល​ការណ៍​ចម្បង​របស់​យើង​មាន​ទស្សនៈ​មួយ​ក្នុង​ការ​បង្កើន​ការ​កែ​លម្អ​ច្បាប់​ចរាចរណ៍​»។

ដោយ​ធ្វើ​ការ​​​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដូចជា​រដ្ឋាភិបាល​អង្គការ​សង្គម​ស៊ីវិល​ អង្គការ​ AIP ​បាន​បង្កើត​ជា​គោលនយោបាយ​សុវត្ថិភាព​ផ្សេងៗ​ហើយ​ក៏​ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ការ​ផ្ដល់​ជា​មួក​សុវត្ថិភាព​ និង​សម្ភារ​អប់រំ​មួយ​ចំនួន​ទៀត​ទៅ​ដល់​សហគមន៍​ណា ​ដែល​អង្គការ​បាន​ចុះ​ទៅ​ដល់​ផ្ទាល់​។​

កន្លង​មក​អង្គការ​ AIP បាន​សហការ​​ជាមួយ​នគរបាល និង​ក្រុម​​យុវជន​គំរូ​ចុះ​ទៅ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​តាម​សហគមន៍​នៅ​តាម​ខេត្ត​ សាលា​សាកល​វិទ្យាល័យ​ រោងចក្រ​ និង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​មួយ​ចំនួន​ដូចជា​ផ្លូវជាតិ​លេខ ៤ លេខ ៦​ និង​លេខ ១ ​ផង​ដែរ​។​

ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​រូប​នេះ ​បាន​ឱ្យ​ដឹង​ពី​កត្តា​ដែល​នាំ​ឱ្យ​បង្ក​គ្រោះ​ថ្នាក់​នៅ​កម្ពុជា​​យ៉ាង​ដូច្នេះ​ថា​៖ «យោង​​ទៅ​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​កាល​ពី​ឆ្នាំ ​២០១៩​ កត្តា​ដែល​រួម​ចំណែក​​នាំ​ឱ្យ​​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ ​គឺ​កត្តា​មនុស្ស​ កត្តា​យានយន្ត​ កត្តា​ផ្លូវ​ថ្នល់​ និង​កត្តា​អាកាសធាតុ​ ប៉ុន្តែ​កត្តា​សំខាន់​បំផុត​នោះ​ ​គឺ​កត្តា​មនុស្ស​»។

លោក​ ពិសិដ្ឋ (ស្ដាំ) បំពាក់​មួក​សុវត្ថិភាព​ដល់​​ពលរដ្ឋ​សហគមន៍​។ រូបថត សហ​ការី

លោក ពិសិដ្ឋ បាន​រៀបរាប់​លម្អិត​​ថា៖ «​ក្នុង​នោះ​មាន​ការ​បើកបរ​ហួស​ល្បឿន​​កំណត់​ ៣៨% ការ​មិន​គោរព​សិទ្ធិ​អាទិភាព ​២៣% ការ​បើក​មិន​ប្រកាន់​​ស្ដាំ​មាន​ ១៣%​ ការ​វ៉ា​ជែង​ដោយ​​ឥរិយាបថ​មិន​ត្រឹមត្រូវ​ ៩% ការ​បត់​ឆ្វេង​បត់​ស្ដាំ ៩% ​និង​គ្រឿង​ស្រវឹង​ ​៥%​​ ហើយ​កត្តា​យានយន្ត​ ២%​ និង​ងងុយ​ដេក​មាន​តែ ​១% ​ទេ​»។

ស្ថិតិ​កន្លង​មក​ឃើញ​ថា ​ទី១ ​​កសិករ​​ងាយ​នឹង​ប្រឈម​មុខ​គ្រោះថ្នាក់​ជាង​គេ​ ព្រោះ​ពួក​គាត់​មិន​សូវ​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​។ ទី២ ​​គឺ​​កម្មករ​រោងចក្រ​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ​មិន​សូវ​មាន​សុវត្ថិភាព​ រួម​ទាំង​ទីតាំង​ភាគ​ច្រើន​នៅ​ជិត​ផ្លូវ​មមាញឹក​ និង​ទី៣​​ គឺ​សិស្ស-និស្សិត​ ក៏​​​ប្រឈម​មុខ​ខ្លាំង​ដែរ។

ចំពោះ​​កម្មករ​រោងចក្រ​ អង្គការ​ទើប​​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​បាន​ប្រហែល​ ២០ ម៉ឺន​នាក់​ ​​នៅ​រោងចក្រ​កាត់ដេរ​ និង​​រោងចក្រ​ស្បែកជើង​ ខណៈ​គោលដៅ​​របស់​អង្គការ ​​គឺ​បញ្ជ្រាប​ឱ្យ​បាន​រហូត​ដល់​ ៧០ ម៉ឺន​នាក់។

លោក​ ពិសិដ្ឋ បាន​លើក​ពី​ផលវិបាក​ផង​ដែរ​​ថា​​៖ «បើ​ទោះ​ជា​ពេល​ខ្លះ​អង្គការ​មាន​ផល​លំបាក​តិចតួច​ដែរ​ត្រង់​ពេល​ចុះ​ទៅ​ជួប​ពួក​គាត់​ ពួក​គាត់​បែរ​ជា​មិន​បាន​ចូលរួម​ ដោយសារ​ខ្លះ​ចំ​ពេល​ម៉ោង​ការងារ​ ឯ​ចាស់ៗ​គាត់​មាន​ការ​ភ្លេចភ្លាំង​ច្រើន»។

អង្គការ​នៅ​តែ​ព្យាយាម​​រក​យុទ្ធសាស្រ្ត​យ៉ាង​ណា​ឱ្យ​បាន​ចុះ​ទៅ​ជួប​ក្រុម​​ប្រជាជន​ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​​ផ្ទាល់​​ ដូចជា​​ការ​ទៅ​ដល់​​ទី​ប្រជុំជន​ ដើម្បី​ផ្សព្វផ្សាយ​។​

លោក​លើក​​ពី​ភាព​វិជ្ជមាន​​ថា៖ «យើង​​​​ក៏​បាន​កសាង​ជា​គោល​នយោបាយ​ឱ្យ​គាត់​ធ្វើ​ដំណើរ​ប្រើ​មួក​សុវត្ថិភាព ​និង​បើ​អាច​កែ​សម្រួល​ឡាន​ឱ្យ​​​មាន​សុវត្ថិភាព​ជាង​ហ្នឹង​រឹត​តែ​ល្អ​ ដោយ​ឱ្យ​ពួក​គាត់​មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ​ ឡាន​មាន​ដំបូល​ មាន​អី​បិទបាំង​បាន​ល្អ​ប្រសើរ​ផង​ដែរ​»។​

សិស្សានុសិស្ស​ត្រូវបាន​ណែនាំ​ពី​ការ​​ដើរ​ឆ្លង​ថ្នល់​តាម​គំនូស និង​ការ​ពាក់​មួកសុវត្ថិភាព​ពេល​ជិះយានជំនិះ​។ រូបថត សហ​ការី

លោក ពិសិដ្ឋ ​​បាន​បន្ត​ទៀត​ថា៖ «ពួក​យើង​ក៏​កំពុង​គិត​ចង់​ដាក់​ស្លាក​សញ្ញា​​សុវត្ថិភាព​ បដា​ដូចជា​បន្ថយ​ល្បឿន​ផ្សេងៗ​នៅ​ជុំវិញ​រោងចក្រ​សម្រាប់​ឱ្យ​​ពួក​គាត់​មាន​ការ​ប្រុងប្រយ័ត្ន​ជាពិសេស​»។

លោក​​​សូម​អំពាវនាវ​ឱ្យ​ប្រជាជន​​​​បន្ត​គោរព​ច្បាប់​ចរាចរណ៍ ​និង​ចេះ​យោគយល់​អធ្យាស្រ័យ​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​​មក​។​

លោក​បាន​​លើក​ឡើង​ថា៖ «​ឃើញ​ថា​ប្រជាជន​គាត់​មាន​ការ​អត់​ទោស​ច្រើន​ពេល​ដែល​មាន​ប៉ះពាល់​តិចតួច​ តែ​យើង​មិន​ពេញ​ចិត្ត​ប៉ុណ្ណឹង​ទេ​ យើង​ចង់​ឱ្យ​ពួក​គាត់​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​ហើយ​រួបរួម​គ្នា​»​។

លោក​បាន​ទទូច​ថា៖ ​«សូម​គោរព​សិទិ្ធ​អាទិភាព​គ្នា​ ជិះ​នៅ​ក្នុង​ល្បឿន​កំណត់​ បញ្ចៀស​ការ​ហូប​គ្រឿង​ស្រវឹង​ហើយ​បើកបរ​។​ មួយ​ទៀត​​​នោះ​ការ​ជិះ​បញ្រ្ចាស់​ក៏​គួរ​តែ​ចៀស​វាង​ ស៊ូ​ខាត​ពេល​ប៉ុន្មាន​នាទី​ ប្រសើរ​ជាង​យើង​មាន​គ្រោះថ្នាក់​»៕