ពោធិ៍សាត់: ពេល​ជនបរទេស​ម្នាក់​មក​តាម​ភរិយា​ដែល​បម្រើការ​ជា​អ្នក​ស្ម័គ្រ​ឲ្យ​អង្គការ JICA ជប៉ុន​ក្នុង​ឆ្នាំ​ ២០១៤ លោក​ក៏​បម្រើ​ការងារ​ស្ម័គ្រចិត្ដ​ជាមួយ​អង្គការ​ក្នុង​ស្រុក​ផង​ដែរ​។ ថ្ងៃ​មួយ​ពេល​លោក​កំពុង​សង់ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ​ម្នាក់ លោក​សម្គាល់​ឃើញ​កុមារ​ជាច្រើន​ចោមរោម​មើល​រូប​លោក និង​ក្រុម​ការងារ​ដែល​ថា​ជា​បារាំង​ក្នុង​ក្រសែភ្នែក​យ៉ាង​ចម្លែក​របស់​ពួកគេ​។

នា​ល្ងាច​ថ្ងៃ​ដដែល​ពួកគេ​ក៏​ជិះ​កង់​ចម្ងាយ ៥ គីឡូម៉ែត្រ​ទៅ​ភូមិឋាន​នោះ​ដោយ​នាំ​យក​ឧបករណ៍​បញ្ចាំង​ភាពយន្ដ (Projector) និង​កុំព្យូទ័រ​យួរដៃ​ដែល​មាន​កុមារ​ប្រមាណ ៥០ នាក់​អង្គុយ​មើល​កុន​។ ពេល​នោះ​ពួកគេ​ជួប​ការលំបាក ទាំង​បញ្ហា​អត់​ភ្លើង​អគ្គិសនី ឧបករណ៍​បញ្ចាំង​ភាពយន្ដ​ត្រូវការ​ពេល​រាត្រី​ទើប​អាច​ទស្សនា​ច្បាស់​ល្អ ហើយ​ស្ថានភាព​ផ្លូវលំ​លំបាក និង​ងងឹត​ថែម​ទៀត​។

មិន​យូរ​ប៉ុន្មាន​ពួកគេ​សម្រេច​ចិត្ដ​ទុក​រ៉ឺម៉ក​ម៉ូតូ​មួយ​បំពាក់​ទូរទស្សន៍​ ៤០ ​អ៊ីញ​ ១ ​គ្រឿង​ដែល​អាច​ទស្សនា​បាន​នាពេល​​ថ្ងៃ ហើយ​ក្រុម​ការងារ​ស្ម័គ្រចិត្ដ​មិន​​ចាំបាច់​ជិះ​កង់​យប់​ព្រលប់​ទៀត​ទេ​។

អ្នក​ស្ម័គ្រចិត្ដ បង្ហាត់​បង្រៀន​កុមារ​ច្នៃ​ផលិត​សម្ភារ​ផ្សេងៗ​។ រូបថត សហការី

លោក Adrian Paschkow ជនជាតិ​អូស្ដ្រាលី​ដែល​ធ្លាប់​ជា​វិស្វករ​អគ្គិសនី​ក្នុង​ក្រុមហ៊ុន​អាល្លឺម៉ង់​ធំ​មួយ​បម្រើការ​នៅ​អូស្ដ្រាលី​រយៈ ១១ ឆ្នាំ​មុន​ពេល​មក​រស់នៅ​ឥណ្ឌូនេស៊ី ៣ ឆ្នាំ​រួច​បន្ដ​មក​ដល់​កម្ពុជា​ជាមួយ​ភរិយា​ឈ្មោះ ម៉ាយូ បាន​និយាយ​ថា៖ «​គម្រោង Tuk-Tuk Theater (TTT) សម្រាប់​ផ្ដល់​ការកម្សាន្ដ​បែប​អប់រំ​ដល់​កុមារ​ជនបទ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពួកគេ​ក្នុង​ការសិក្សា ។ រ៉ឺម៉ក​នេះ​មាន​តួនាទី​ជា​រោងកុន​ចល័ត បំណង​ផ្ដល់​ស្នាមញញឹម​ដាក់​លើ​ផ្ទៃមុខ​កុមារ​រស់នៅ​ក្នុង​តំបន់​ជនបទ​នានា​នៃ​ខេត្ដ​ពោធិ៍សាត់​»​។

លោក Adrian ដែល​ជា​ស្ថាបនិក​គម្រោង (TTT) ម្នាក់​បាន​បន្ដ​ថា​៖ «​សព្វ​ថ្ងៃ​នេះ​គម្រោង​រ៉ឺម៉ក​របស់​យើង​បាន​ចុះ​ទៅ ៥ ភូមិ​រៀងរាល់ ២ សប្ដាហ៍​សម្រាប់​ផ្ដល់​ការអប់រំ​ព្រម​ទាំង​លេងល្បែង និង​ទស្សនា​ភាពយន្ដ​អប់រំ​ក្រៅ​ប្រព័ន្ធ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​នេះ​ជា​ការចាប់ផ្ដើម​របស់​យើង​។ យើង​គ្មាន​បំណង​បន្ដ​ក្រោយ​ភរិយា​ខ្ញុំ​បញ្ចប់​ការងារ​ស្ម័គ្រចិត្ដ ២ ឆ្នាំ​នោះ​ទេ​។ តែ​យើង​ស្រឡាញ់​ប្រទេស​នេះ និង​នាំគ្នា​គិត​ថា​យើង​ត្រូវមាន​កិច្ចការ​ច្រើន​ទៀត​នៅ​ទីនេះ​។ ដូច្នេះ​នៅ​ឆ្នាំ​ ២០១៦ យើង​បាន​សម្រេច​នៅ​បន្ដ ហើយ​ក្នុង​ឆ្នាំ​ ២០១៧ យើង​បាន​ចុះបញ្ជី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រោម​ឈ្មោះថា Tuk-Tuk for Children»​។

កុមារ​ជនបទ​ត្រូវ​ធ្វើការ​តាំងពី​ក្មេងខ្ចី និង​ខកខាន​ការលេង​ល្បែង​កម្សាន្ដ​អប់រំ​។ រោងកុន​ចល័ត​មាន​តួនាទី​ផ្សារភ្ជាប់​កុមារ​ជាមួយ​សកម្មភាព​កម្សាន្ដ​នានា ដោយ​បង្កើត​ស្នាមញញឹម និង​ជំរុញ​ក្ដីស្រមៃ​ដល់​ពួកគេ​។

កុមារ​តូចៗ​រីករាយ​នឹង​ការសិក្សា​ជាមួយ​សៀវភៅ​រូបភាព​ដ៏គួរ​ឲ្យ​ទាក់​ចិត្ដ​។ រូបថត សហការី

ពេល​ពួកគេ​ទាំង​ពីរ​សម្រេច​ចិត្ដ​ស្នាក់នៅ​បន្ដ ពួកគេ​ចាប់ផ្ដើម​បង្កើត​គម្រោង​មួយ​ទៀត​ឈ្មោះ «​បណ្ណាល័យ​ចល័ត​» ក្នុង​ឆ្នាំ​ ២០១៧ និង​បន្ដ​ពង្រីក​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ និង​ជួយ​សិស្ស​ជនបទ​ក្នុង​ខេត្ដ​ពោធិ៍សាត់​តាមរយៈ​ធនធាន​នានា​លើ​អនឡាញ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដោយ​ឥត​គិតថ្លៃ ។

នាយក​ប្រតិបត្ដិ​អង្គការ Tuk-Tuk for Children បាន​និយាយ​ថា​៖ «​សាលា​រៀន​ភាគច្រើន​អត់​មាន​បណ្ណាល័យ ដូច្នេះ​យើង​សម្រេច​ចិត្ដ​បង្កើត​បណ្ណាល័យ​ចល័ត​ដែល​រៀងរាល់ ២ ខែ​យើង​ចុះ​ទៅ​តាម​សាលា​នានា​ដោយ​ផ្លាស់ប្ដូរ​សៀវភៅ​អាន និង​សម្ភារ​លេង​ថ្មី​ឲ្យ​ពួកគេ ។ តាម​មធ្យោបាយ​នេះ​លោកគ្រូ​អ្នកគ្រូ​អាច​មាន​ប្រធានបទ​ថ្មីៗ​សម្រាប់​បង្រៀន​សិស្ស ខណៈ​យើង​ព្យាយាម​ផ្គត់ផ្គង់​សម្ភារ​ឲ្យ​ទាន់​តម្រូវការ​។ យើង​ក៏​បាន​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​ពី​វិធី​ប្រើប្រាស់​សម្ភារ​ថ្មីៗ​ស្រប​ទៅ​តាម​កម្មវិធី​សាលារដ្ឋ​ផង​ដែរ​»​។

ពេល​មាន​បទពិសោធ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​យូរក្រែល អង្គការ​មួយ​នេះ​សម្គាល់​ឃើញ​ថា​កុមារ​ភាគច្រើន​ដែល​ចូលរួម​ក្នុង​គម្រោង​សុទ្ធតែ​ជា​កុមារ​មាន​អាយុ​រៀន​ថ្នាក់​មត្តេយ្យ​។ បច្ចុប្បន្ន​បណ្ណាល័យ​ចល័ត​ប្រតិបត្ដិការ​តាម​សាលា​មត្តេយ្យ​រដ្ឋ ៨ កន្លែង​ចំនួន ១៥ ថ្នាក់​ចាប់ពី​ម៉ោង ៧ ដល់ ១០:៣០ ព្រឹក ខណៈ​រោងកុន​ចល័ត​ប្រតិបត្ដិការ ៥ ភូមិ​។

លោក Adrian Paschkow ដែល​មាន​បំណង​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ​បន្ថែម​ទៀត បាន​និយាយ​ថា​៖ «​យើង​ក៏​បាន​ផ្ដល់​វគ្គ​សិក្សា​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​ទៀត​ដូចជា ភូមិវិទ្យា អនាម័យ យោគៈ និង​សកម្មភាព​ផ្សេងៗ​ដែល​ជួយ​ជំរុញ​ប្រាជ្ញា និង​រាងកាយ​មាំមួន​។ យើង​រំពឹង​ថា​តាមរយៈ​ការលើក​ទឹកចិត្ដ​នេះ​យើង​អាច​ជំរុញ​ឲ្យ​ពួកគេ​ចេះ​ចោទសួរ ចាប់​អារម្មណ៍​ការសិក្សា និង​ពុះពារ​បំពេញ​ក្ដី​ស្រមៃ​ក្នុង​ឆាកជីវិត​» ។

Tuk-Tuk for Children បាន​ជួល​បុគ្គល​ក្នុង​ស្រុក​ដែល​ដើរតួនាទី​ជា​អ្នក​បកប្រែ រួម​ជាមួយ​ជនបរទេស​ស្ម័គ្រ​ជួយ​កុមារ​ក្នុង​សហគមន៍​ផង​ដែរ​។ លោក Adrian ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ជ្រោមជ្រែង និង​បង្ហាត់បង្រៀន​សិស្ស​តាម​សៀវភៅ និង​សម្ភារ​ពី​អង្គការ ហើយ​ថា​គម្រោង​របស់​លោក​នឹង​មិន​ជោគជ័យ​នោះ​ទេ បើ​គ្មាន​ការគាំទ្រ​ពី​ពួកគេ ។

ដោយសារ​សៀវភៅ និង​សម្ភារ​សិក្សា​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ លោក​ចាប់ផ្ដើម​ទទួល​ការបរិច្ចាគ​ពី​សប្បុរស​នានា​ជុំវិញ​ពិភពលោក និង​ជួយ​បកប្រែ​ជា​ភាសា​ខ្មែរ​ថែម​ទៀត ។

លោក​និយាយ​ថា​៖ «​យើង​សម្គាល់​ឃើញ​ថា​សៀវភៅ​ជា​ភាសា​ខ្មែរ​មិន​សូវ​សម្បូរ និង​មិន​ស្រប​តាម​កម្មវិធី​សិក្សា​រដ្ឋ​ទៀត​។ ដូច្នេះ​យើង​បាន​ជួល​ជាង​គំរូ​គូររូប​ចងក្រង​សៀវភៅ​ស្រប​តាម​កម្មវិធីសិក្សា​។ យើង​ក៏​បាន​បង្កើត​មេរៀន​លើ You Tube សម្រាប់​គ្រូ​អាច​ប្រើប្រាស់​បាន​ផង​ដែរ​» ។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​ធានា​ថា​សៀវភៅ​របស់​យើង​គឺ​មិន​គិតថ្លៃ​សម្រាប់​គ្រូ​ក្នុង​ការដោនឡូត និង​បោះពុម្ព​សម្រាប់​ការបង្រៀន​នៅ​ទូទាំង​ប្រទេស​។ យើង​នឹង​បំពាក់​អ៊ីនធឺណិត Wi-Fi តាម​សាលា​មត្តេយ្យ​ចំនួន ៨ សម្រាប់​ទស្សនា​វីដេអូ និង​សៀវភៅ​របស់​យើង​។ យើង​ក៏​មាន​គម្រោង​កសាង​បណ្ណាល័យ​ឌីជីថល និង​ខិតខំ​ជួយ​តាម​សាលា​ដទៃ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​»​។

សម្រាប់​អ្នក​មាន​បំណង​ចង់​ជួយ​អង្គការ Tuk-Tuk for Children អាច​ចូល​ទៅ​កាន់​វេបសាយ https://tuktuk4children.org ឬ​លេខ​ទូរស័ព្ទ ០៦៩ ៦៧៩ ៣៧៣ ៕