ភ្នំពេញ៖ ដោយសារទម្រង់ល្ខោននិយាយសឹងតែលែងសូវឃើញមានសម្តែងនៅលើឆាកសិល្បៈហើយនោះ ទើបអង្គការ សិល្បៈខ្មែរអមតៈ បានប្រកាសជ្រើសរើសសំណេរអត្ថបទរឿង សម្រាប់ដំឡើងជាល្ខោន ដែលជាគោលបំណងចង់លើកទឹកចិត្តអ្នកនិពន្ធជំនាន់ក្រោយ និងផ្សព្វផ្សាយឲ្យមហាជនគ្រប់ស្រទាប់កាន់តែជ្រាបច្បាស់ពីវិស័យសិល្បៈមួយនេះ។
ប្រសិនបើលោកអ្នកជាអ្នកនិពន្ធ ឬជាអ្នកមានបំណង ចង់បង្ហាញអំពីសាច់រឿងរបស់ខ្លួនតាមរយៈល្ខោននោះ នេះគឺជាឱកាសល្អបានមកដល់ហើយ ដោយគ្រាន់តែលោកអ្នករួសរាន់ដាក់ស្នើសុំស្នាដៃនិពន្ធថ្មីរបស់លោកអ្នកជាសាច់រឿងពេញក្រោមប្រធានបទ «ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និងពួកយើង»។ ចំពោះអត្ថបទ ដែលត្រូវបានជ្រើសរើស នឹងទទួលប្រាក់រង្វាន់ឧបត្ថម្ភចំនួន ៤០០ ដុល្លារ ហើយក៏ត្រូវបានយកទៅបង្ហាញជាល្ខោនអាន (staged reading) នៅក្នុងរដូវវប្បធម៌ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ។
តាមសេចក្តីប្រកាសព័ត៌មាននៃគេហទំព័រអង្គការសិល្បៈខ្មែរអមតៈ បានឲ្យដឹងពីលក្ខខណ្ឌនៃការស្នើសុំដាក់សំណេរអត្ថបទល្ខោនរឿងនេះថា៖ «ការជ្រើសរើសអត្ថបទរឿងសម្រាប់ដំឡើងជាល្ខោនរឿង។ សំណេរនោះ គឺត្រូវជាអត្ថបទរឿងដែលសរសេរថ្មី មិនធ្លាប់ដំឡើងការសម្តែងពីមុនមក ហើយសាច់រឿងទាក់ទងនឹងការបង្ហាញពី «អត្តសញ្ញាណ៖ ពួកគេ និងពួកយើង» យ៉ាងច្រើនមាន ២០ ទំព័រ និងមានតួអង្គសម្តែងយ៉ាងច្រើនត្រឹមចំនួន ៥ នាក់។ បេក្ខជនម្ចាស់សំណេរ នឹងត្រូវជ្រើសរើសចន្លោះពី ២ ទៅ ៤ នាក់ ខណៈល្ខោននៃអត្ថបទរឿង នឹងត្រូវដាក់សម្តែងនៅក្នុងកម្មវិធីរដូវវប្បធម៌ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ។
ចំណែកឯបេក្ខជនជយលាភី នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០០ ដុល្លារ តែសម្រាប់អ្នកដែលធ្លាប់ទទួលឱកាសនេះពីមុនមក ក៏មិនអាចដាក់ពាក្យបាននោះទេ។ ឯកាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យសំណេរល្ខោនរឿងនេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០»។
សម្រាប់ការដាក់ពាក្យស្នើសុំអត្ថបទនិពន្ធថ្មីរបស់លោកអ្នក វិញអាចដាក់តាមរយៈ www.cambodianlivingarts.org/wp-content/uploads/2020/04/application_-for-new-writing_final.docx ឬធ្វើការទាក់ទងតាមរយៈសារអេឡិចត្រូនិក មានឈ្មោះថា chandaly@cambodianlivingarts.org និងអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០៨៦ ៨៩៥ ៥៥៦៕