ក្រុងបាត់ដំបងៈ នាចុង​សប្តាហ៍​នេះ​នឹង​មាន​ការរៀបចំ​ព្រឹត្តិការណ៍​បង្ហាញ​ស្នាដៃ​សិល្បៈ​ចម្រុះ​មួយ និង​ជា​ការប្រារព្ធ​ធ្វើ​ពិធី​ខួប ២៥ ​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ដែល​មាន​រយៈពេល ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ២៦-២៧ ខែ​កក្កដា ឆ្នាំ​ ២០១៩ ​នេះ​នៅ​ខេត្ត​បាត់ដំបង​។

លោកអ្នក​អាច​ចូល​ទស្សនា​កម្សាន្ត​នៅក្នុង​បរិវេណ​នៃ​សាលា​ដ៏ស្រស់ស្អាត​របស់​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង​ដែល​បាន​ផ្លាស់ប្តូរ​ទៅជា​កន្លែង​ពិព័រណ៍​ដ៏ធំ​ដែល​លោក​អ្នកនឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុមគ្រួសារ​ហ្វារ។

បើ​តាម​កញ្ញា ម័រហ្គេន ដារ៉ាស្សិ៍ ជា​អ្នកសម្របសម្រួល​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បង្ហើប​ឲ្យ​ដឹង​ពី​កម្មវិធី​នានា​ដែល​រៀបចំ​ដោយ​អង្គការ​នៅ​ឆ្នាំ​នេះ​ថា​៖ «​នា​ថ្ងៃទី​ ២៦-២៧ ខែ​កក្កដា ឆ្នាំ​ ២០១៩ ​នេះ​អង្គការ​យើង​នឹង​បើក​បង្ហាញ​ពី​ស្នាដៃ​របស់​សិស្ស និង លោកគ្រូ អ្នកគ្រូ​របស់​យើង​ដែល​ប្រកប​ដោយ​ទេពកោសល្យ និង​ភាព​ច្នៃប្រឌិត​។ នេះ​គឺជា​ឱកាស​ដើម្បី​ស្វែងយល់​ពី​កម្មវិធី​សិក្សា​ដែល​ផ្តល់​ដោយ​សាលារៀន​ជំនាញ​សិល្បៈ​សូន​រូប និង​សាលា​សិល្បៈ​ទស្សនីយភាព​ក៏ដូចជា​កម្មវិធី​អប់រំ និង​សង្គម​ដែល​ដំណើរការ​ដោយ​អង្គការ​យើង​»​។

សកម្មភាព​នៃ​ការរៀបចំ​ការដាក់​តាំង​ស្នាដៃ​សិល្បៈ​ផ្នែក​វិចិត្រកម្ម​។ រូបថត សហការី

កញ្ញា​បន្តថា៖ «​រយៈពេល ២៥ ​ឆ្នាំ​ដែល​យើង​មើលឃើញ​យុវជន​រាប់ពាន់​នាក់ បាន​ក្លាយ​ជា​សិល្បករ​ដែល​ជោគជ័យ ហើយ​បាន​ជា​ពលរដ្ឋ​ដែល​មាន​ការទទួល​ខុសត្រូវ​ជា​គំរូ និង​ជា​មនុស្ស​ល្អ​។ ក៏​អរគុណ​ផងដែរ​ចំពោះ​កម្លាំង ការគាំទ្រ និង​សុទិដ្ឋិនិយម​ដែល​ឥត​នឿយហត់​ពី​បណ្ដា​ស្ថាបនិក ដៃគូ​សហការ ម្ចាស់​ជំនួយ សិស្ស​និស្សិត បុគ្គលិក លោកគ្រូ​អ្នកគ្រូ សិល្បករ​សិល្បការនី អ្នក​បញ្ចប់​ការសិក្សា មិត្តភក្ដិ និង​ឪពុកម្ដាយ​ទាំងអស់​។ យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ និង​សង្ឃឹម​ថា នឹង​បន្ត​ថែរក្សា និង​ពង្រីក​ពន្លឺ​សិល្បៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បរទេស​ក្នុង​រយៈពេល ២៥ ឆ្នាំ​ខាង​មុខ​ទៀត​។ លើសពីនេះ​ទៀត អាច​រីករាយ​ជាមួយ​នឹង​ដំណើរ​កម្សាន្ត​ក្នុង​សាលា ហើយ​អ្នក​ក៏​អាច​ស្រមៃ​ថា អ្នកជា​អ្នករបាំ​មួយរូប​គឺជា​សិល្បករ​សៀក ឬ​វិចិត្រករ​ចូល​ស្ទូឌីយោ​គំនូរ​ជីវចល​របស់​យើង​ក៏ដូចជា​ស្តាប់​បទចម្រៀង​ថ្មី ដែល​ប្រកប​ទៅ​ដោយ​អត្ថន័យ ព្រម​ទាំង​ជួប​ជាមួយ​អ្នក​រចនា​ក្រាហ្វិក ប្រកប​ដោយ​ភាពច្នៃប្រឌិត​របស់​យើង ឬ ទស្សនា​សិល្បៈ​ល្ខោន​សហសម័យ​ខ្មែរ ហើយ​កុំ​ភ្លេច​ថតរូប​អនុស្សាវរីយ៍​នៅ​ថ្ងៃ​បើក​បង្ហាញ​នេះ ដើម្បី​ចាប់​យក​ទិដ្ឋភាព​ពិសេសៗ​ជាច្រើន​នៅក្នុង​កម្មវិធី​របស់​ពួកយើង​ផង​ដែរ​»​។

ឯកម្មវិធី​សំខាន់​ពេល​ប្រារព្ធ​ពិធី​ខួប ២៥ ឆ្នាំ​នៃ​អង្គការ​ឆ្នាំនេះ​នា​ព្រឹក​មានដូចជា​ការបើក​ដំណើរការ​ស្វាគមន៍​ទទួលភ្ញៀវ និង​ទស្សនកិច្ច​ទីកន្លែង​ដាក់តាំង​ស្នាដៃ​ផ្សេងៗ​ក្នុង​បរិវេណ​សាលា លុះ​ដល់​ពេល​ល្ងាច​មាន​ការសម្តែង​សៀក​រឿង «White gold» ការសម្តែង​អំពី​វិន័យ ដោយ​សិស្សានុសិស្ស ពិធី​ខួបកំណើត​គម្រប់ ២៥ ​ឆ្នាំ​របស់​អង្គការ ការសម្តែង​តន្ត្រី​ដោយ​លោក Belo Vanthan ជា​តន្ត្រីករ និង​អ្នកនិពន្ធ​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​របស់​យើង ព្រម​ទាំង​ក្រុម​តន្ត្រី​គាត់​មាន​ឈ្មោះថា «​នៅ​ពីក្រោយ​ស្រមោល​» និង​មាន​កម្មវិធី​ផ្សេងៗ​ទៀត​ចំនួន​ ២ ​ថ្ងៃ​៕