ភ្នំពេញៈ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​និស្សិត​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​មួយ​នៅ​កម្ពុជា អង្គការ Passerelles Numeriques Cambodia ហៅ​កាត់​ថា PNC បាន​បណ្តុះបណ្តាល​និស្សិត​ក្រីក្រ​មកពី​បណ្តា​ខេត្ត-ក្រុង​ទាំងអស់​ចំនួន ១ ៤៣៧ នាក់​ដែល​ក្នុង​នោះ ៥០ ភាគរយ ​គឺជា​និស្សិត​ស្រី​។

PNC គឺជា​អង្គការ​អន្តរជាតិ​មួយ​របស់​ប្រទេស​បារាំង​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៥ ក្នុង​គោលដៅ​រួមចំណែក​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​ក្រីក្រ​ឲ្យ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង ផ្នែក​ព័ត៌មានវិទ្យា​រយៈពេល ២ ​ឆ្នាំ​ ដោយ​ឥតគិតថ្លៃ ។ បច្ចុប្បន្ន​នេះ​អង្គការ​បាន​ប្រតិបត្តិការ​នៅ​ប្រទេស ​កម្ពុជា វៀតណាម និង​ហ្វីលីពីន​។

លោក រុន សារឹម ប្រធាន​ទំនាក់ទំនង និង​កៀរគរ​មូលនិធិ​របស់​អង្គការ PNC បាន​បញ្ជាក់​ថា​៖ «PNC ​បណ្តុះបណ្តាល​សិស្ស ១ ៤៣៧ នាក់​គឺ​មកពី​គ្រួសារ ១ ៤៣៧ អ៊ីចឹង​មួយ​គ្រួសារ​ម្នាក់​ឲ្យ​ពួកគេ​បាន​ចប់​ពេញលេញ ហើយ​បាន​ទទួល​បាន​ការងារ​ធ្វើ​គ្រប់​គ្នា អ៊ីចឹង​ពួកគេ​អាច​ជួយ​សម្រួល​បន្ទុក​ជីវភាព​គ្រួសារ​បាន ហើយ​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​នូវ​ផ្នែក​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា ផ្លាស់ប្តូរ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​»​។

លោក រុន សារឹម ប្រធាន​ទំនាក់ទំនង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ឈរលើ​គោលការណ៍​តម្លាភាព ស្មើភាព និង​យុត្តិធម៌​សម្រាប់​ការជ្រើសរើស​និស្សិត​ឲ្យ​ចូល​សិក្សា​ដោយ​ឆ្លងកាត់ ៤ ដំណាក់កាល​។ ទី​១ បុគ្គលិក​របស់​អង្គការ PNC ចុះ​ទៅ​ដល់​សាលារៀន​ និង​សហគមន៍​តាម​តំបន់​គោលដៅ ដើម្បី​ធ្វើ​បទបង្ហាញ​ពី​អាហារូបករណ៍​ទៅ​ដល់​សិស្ស​ និង​ពន្យល់​ពួកគេ​ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​ហៅថា​ជំនាញ IT​។ សិស្ស និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍ និង​ចង់​សិក្សា​អាច​ដាក់​ពាក្យ​ក្រោម​ការពន្យល់​ពី​លក្ខខណ្ឌ​ផ្សេងៗ​ពី​ក្រុមការងារ​របស់ PNC ។

និស្សិត​ដែល​អាច​ដាក់​ពាក្យ​រៀន​នៅ PNC បាន​ត្រូវ​តែ​ជា​និស្សិត​ក្រីក្រ​ដែល​រៀន​ចប់​ថ្នាក់​ទី​ ១២ ទោះបី​ជា​ជាប់​ ឬ​ក៏​ធ្លាក់ និង​​ត្រូវ​មាន​អាយុ​តិច​ជាង ២៤ ​ឆ្នាំ ។

ទី​២ និស្សិត​ដែល​បាន​ដាក់​ពាក្យ​រួចរាល់ ពួកគេ​នឹង​ត្រូវ​ធ្វើការ​ប្រឡង​លើ​មុខវិជ្ជា តក្កវិជ្ជា គណិតវិទ្យា និង​ភាសា​អង់គ្លេស ដើម្បី​ស្ទាបស្ទង់​លទ្ធភាព​ក្នុង​ការសិក្សា​ជំនាញ IT នេះ​។

ទី​៣ និស្សិត នឹង​ត្រូវ​ធ្វើការ​សម្ភាស​ភ្លាម បន្ទាប់ពី​ចេញ​លទ្ធផល​។ PNC នឹង​ធ្វើការ​សួរ​សំណួរ​ពី​ការតាំង​ចិត្ត និង​ការតស៊ូ​របស់​និស្សិត​ដោយ​ត្រូវ​គោរព​តាម​គោលការណ៍​របស់​សាលា​រួមមាន ការ​ស្នាក់នៅ ការសិក្សា និង​វិន័យ ។

ទី​៤ គឺ​ការអង្កេត​ដល់​ផ្ទះ​និស្សិត ថតរូប​ទីតាំង​ផ្ទាល់​ក៏​ដូចជា សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ជីវភាព​របស់​ពួកគេ​ដើម្បី​ឲ្យ​ប្រាកដ​ថា សិស្ស និស្សិត​ទាំងនោះ​ពិតជា​ក្រីក្រ​ពិតមែន​។

អ្នកគ្រូ ចច សាវឿន បង្រៀន​ជំនាញ IT​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ទទួល​បាន​ការបណ្ដុះបណ្ដាល​ពី​អង្គការ​ PNC នៅ​អគារ​ផ្ទាល់ខ្លួន​ចំនួន ១ ខ្នង​មាន​បន្ទប់​កុំព្យូទ័រ​ចំនួន ៦ និង​បន្ទប់​បង្រៀន​ទ្រឹស្តី​ចំនួន ៧ ដោយ​បង្រៀន​លើ​មុខវិជ្ជា ២ ធំៗ គឺ​ការ​គ្រប់គ្រង​បណ្តាញ​ប្រព័ន្ធ​ណេតវើក (system network administration) ​និង​ទី ២ ជំនាញ​សរសេរ​កម្មវិធី (Web programming) ដែល​ត្រូវ​សិក្សា​ពេញ​មួយ​ថ្ងៃ​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។

ក្រៅពី​ជំនាញ​ស្នូល និស្សិត ក៏​នឹង​បាន​សិក្សា​ជំនាញ​បន្ថែម​ដូចជា ភាសា​អង់គ្លេស និង​ជំនាញ​ទន់​ជាដើម​ក្នុង​គោលបំណង​ដុសខាត់​សមត្ថភាព ពួកគេ​បន្ថែម​ទៀត​។

យុវតី ដួង តារា មកពី​ខេត្ត​សៀមរាប​សិក្សា​ជំនាញ Web Programming បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​កក់ក្តៅ​ដោយសារ​គេ​ផ្តល់​អាហារូបករណ៍​ឲ្យ​ទាំង​ការ​ស្នាក់នៅ ប្រាក់​ឧបត្ថម្ភ និង​ការ​ញ៉ាំ ហើយ​គ្រូ​នៅ​ទី​នេះ យក​ចិត្ត​ទុកដាក់​ក្នុង​ការបង្រៀន ហើយ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា គ្រួសារ​ខ្ញុំ​អ៊ីចឹង​។ មិត្តភក្តិ​វិញ​គឺ​កាន់តែ​ល្អ ព្រោះ​យើង​យល់​អារម្មណ៍​ឆ្ងាយ​ផ្ទះ​ដូច​គ្នា​យើង​រាប់អាន​គ្នា ជួយ​គ្នា បើ​ចេះ​អី យើង​ស៊ែរ (​ចែករំលែក​) នេះ​ស៊ែរ​នោះ​»​។

និស្សិត​អង្គុយ​រៀន និង​ចែករំលែក​ចំណេះដឹង​គ្នា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ចំណែក កញ្ញា ស ស្រីអែម មកពី​ខេត្ត​រតនគិរី​សិក្សា​ផ្នែក Developer បាន​បញ្ជាក់​ថា កន្លង​មក​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា មនុស្ស​ស្រី​មិន​អាច​រៀន IT បាន​នោះ​ទេ តែ​កញ្ញា​បាន​តាំង​ចិត្ត​ថា នឹង​តស៊ូ​ជម្នះ​ពាក្យ​នេះ​ឲ្យ​បាន​។

អ្នកគ្រូ ចច សាវឿន បង្រៀន​ជំនាញ​បណ្តាញ​ប្រព័ន្ធ​កុំព្យូទ័រ​បញ្ជាក់​ថា «​មនុស្ស​ស្រី​ស្រឡាញ់ IT កុំ​ខ្លាច យើង​ស្រឡាញ់​អី យើង​រៀន​វា​ទៅ​។ IT មិនមែន​សម្រាប់​តែ​មនុស្ស​ប្រុស​នោះ​ទេ ស្រី​ក៏​រៀន​បាន​ដែរ​»​។

ទន្ទឹម​នឹង​នេះ​អ្នកគ្រូ​ក៏​បាន​រៀបរាប់​អំពី​គន្លឹះ​នៃ​ការបង្រៀន​ថា ព័ត៌មានវិទ្យា​គឺជា​មុខវិជ្ជា​ថ្មី​សម្រាប់​កម្ពុជា​ដូច​នេះ​ដំបូង​អ្នកគ្រូ​ត្រូវ​ពន្យល់​ឲ្យ​សិស្ស​ស្គាល់​ថា អ្វី​ជា​ព័ត៌មានវិទ្យា ? បន្ទាប់មក​អ្នកគ្រូ​តម្រូវ​ឲ្យ​សិស្ស​អនុវត្ត​ឲ្យ​បាន​ច្រើន ជាពិសេស​ត្រូវ​ពន្យល់​ពាក្យ​គន្លឹះ​ឲ្យ​សិស្ស​ស្គាល់ យល់ និង​ដាក់​ការងារ​ធ្វើ​ជា​ក្រុម ព្រម​ទាំង​មាន​ Project ចុង​ឆ្នាំ​សម្រាប់​និស្សិត​ជាដើម​។

សិស្ស​ត្រូវ​ឆ្លងកាត់​ការជ្រើសរើស ៤ ដំណាក់កាល​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជាមួយ​នឹង​ភាពជោគជ័យ​ក្នុង​ការបណ្តុះបណ្តាល​សិស្ស​ក្រីក្រ​នៅ​កម្ពុជា​លោក សារឹម បញ្ជាក់​ថា​អង្គការ PNC ក៏​បាន​ជួបប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ផងដែរ រួមមាន​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​អង្គការ​ទទួល​ជំនួយ​ទាំងស្រុង​ពី​ប្រទេស​បារាំង​។ បញ្ហា​មួយ​​ទៀត​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី សិក្សា​ដោយសារ​តែ IT គឺ​តែងតែ​មាន​ការវិវឌ្ឍ​ថ្មី​ជានិច្ច​។

អង្គការ PNC មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំងឈូក (​បុរី​សឡា​) សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០២៣ ៩៩ ៥៥ ០០ និង​អ៊ីមែល info.cambodia@passerellesnumeriques.org៕

វីដេអូ៖