សៀមរាប៖ អង្គការ​អ្នក​ត្រួសត្រាយ​កម្ពុជា (TCO) ​កំពុង​អនុវត្ត​គម្រោង​សំខាន់​ចំនួន ​៤ ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ស្នូល​ចំនួន ​៥ ​​ដើម្បី​កែ​លម្អ​ជីវិត​​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ជនបទ​។

បច្ចុប្បន្ន​នេះ​ គំនិត​ផ្តួច​ផ្តើម​​របស់​អង្គការ TCO​ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​​ខេត្ត​គោលដៅ​ចំនួន ៤​ រួម​មាន ខេត្ត​សៀមរាប កំពង់ធំ ពោធិ៍សាត់ និង​បាត់ដំបង​ ​ហើយ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​​នឹង​ពង្រីក​វិសាលភាព​​​នៃ​គម្រោង​នេះ ​​ជាមួយ​​​នឹង​ការ​ជួយ​ពី​​អង្គការ​ដៃ​គូ​។​

គម្រោង​​សំខាន់​ៗ​ដែល​កំពុង​ប្រតិបត្តិការ​នា​ពេល​ឥឡូវ​នេះ​រួមមាន គម្រោង Eco-Soap Bank ​សួន​បន្លែ​គ្រួសារ គម្រោង​ធនធាន​ជលផល​តាម​វាល​ស្រែ​សម្រាប់​កម្ពុជា ​និង​គម្រោង​វារីវប្បកម្ម។

លោក អ៊ុង ចាន់រតនា​ ​​ស្ថាបនិក​អង្គការ TCO ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​យើង​អនុវត្ដ​លើ​គោលដៅ​យុទ្ធសាស្ដ្រ ៥ គឺ បង្កើន​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ លើក​កម្ពស់​កម្រិត​ជីវភាព​ និង​សុវត្ថិភាព​ស្បៀង បង្កើន​ការ​អប់រំ​នៅ​តំបន់​គោលដៅ លើក​កម្ពស់​ការ​ប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ និង​កៀរគរ​នូវ​ប្រភព​ថវិកា​ដើម្បី​និរន្ដរភាព​ស្ថាប័ន​»។

បន្ទាប់​ពី​​បំពេញ​​ការងារ​​រយៈពេល​ ១០ ​ឆ្នាំ ​ជា​​​ប្រធាន​​គម្រោង​​ឲ្យ​អង្គការ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប លោក អ៊ុង ចាន់​រតនា​ បាន​បង្កើត​អង្គការ​​ TCO​​ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​​អំពី​​អាហារូបត្ថម្ភ​​​​ចំណោម​​​សហគមន៍​កសិដ្ឋាន​​​កម្ពុជា។

TCO គឺជា​អង្គការ​មាន​មូលដ្ឋាន​នៅ​ខេត្ដសៀមរាប ​ដែល​ធ្វើ​លើ​កិច្ចការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជនបទ​។

សមាជិក​របស់​អង្គការ​ជា​អ្នក​វិទ្យាសាស្ដ្រ​កសិកម្ម អ្នក​ជំនាញ​អភិវឌ្ឍ​សហគមន៍ អ្នក​ជំនួញ និង​អ្នក​ស្ម័គ្រ​ចិត្ដ​ ដែល​ជួយ​ជ្រោង​កសិករ​ខ្មែរ​ពី​បន្ទាត់​ភាព​ក្រីក្រ​ដោយ​ផ្ដល់​ជំនួយ​លើ​សេចក្ដី​ត្រូវ​ការ​។

លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាស្ថាន​ជលផល​​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្នុង​ឆ្នាំ ​២០០២ និង​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​​​គ្រប់គ្រង​អាជីវកម្ម​​​ជំនាញ​គ្រប់គ្រង​ទូទៅ​​ពី​សាកលវិទ្យាល័យ​ Build Bright ក្នុង​ក្រុង​សៀមរាប។

លោក ចាន់​រតនា បាន​ឲ្យ​ដឹង​ថា៖ «ដំបូង​ឡើយ យើង​ធ្វើ​លើ​ការងារ​ជា​ផ្នែក​អភិវឌ្ឍន៍​ចម្រុះ​។ មាន​ម្ចាស់​ជំនួយ​ម្នាក់ នាំ​យើង​ជីក​អណ្ដូង សង់​អគារ​អ៊ីចឹង​ទៅ​។ ដល់​ពេល​យើង​ឃើញ​​ថា ដំណើរ​ការ​បែប​នេះ យើង​គួរ​តែ​ស្ថាប័ន​មួយ​ដើម្បី​អនុវត្ដ​កិច្ចការ​នេះ​។ ពេល​ជជែក​ជាមួយ​ម្ចាស់​ជំនួយ គាត់​ផ្ដល់​ថវិកា​គាំទ្រ​ដល់​គម្រោង​ យើង​ក៏​អាច​ដំណើរការ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​អ៊ីចឹង​ទៅ​»។

លោក អ៊ុង ចាន់រតនា ស្ថាបនិកអង្គការ TCO។ រូបថត សហការី

នាយក​ប្រតិបត្តិ​នៃ​អង្គការ TCO ​រូបនេះ​បាន​ថ្លែង​ថា៖ «​ពួក​គេ​ផ្តល់​នូវ​ថវិកា​សម្រាប់​​ដំណើរ​ការ​គម្រោង​។ ​យើង​បាន​បង្កើត​អង្គការ Trailblazer Cambodia Organization ​ហើយ​ចុះ​បញ្ជី​​ជាមួយ​ក្រសួង​មហាផ្ទៃ​ក្នុង​ឆ្នាំ ​២០០៨»។

លោក​និយាយ​ថា៖ «​កាល​ពី​ដំបូង​​ យើង​ត្រូវ​ការ​រៀន​សូត្រ​ច្រើន​ដើម្បី​អាច​ដំណើរការ​ទៅ​មុខ ហើយ​ជាពិសេស យើង​ក៏​ប្រឈម​ដាច់​ Fund ផ្សេងៗ​អ៊ីចឹង​ដែរ​ រហូត​ដល់​យើង​រៀបចំ​យុទ្ធសាស្ដ្រ​និរន្ដរភាព​នេះ​»។

TCO បាន​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន​លើ​គម្រោង​ខុស​ៗ​គ្នា​។

អ្នកស្រី ចេប ម៉ាលីបុប្ផា​ ប្រធាន​កម្មវិធី​អង្គការ​អ្នក​ត្រួសត្រាយ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​៖ «​​យើង​បាន​និង​កំពុង​អនុវត្ដ​ច្រើន ជាមួយ​ដៃគូ​ជា​ច្រើន​តាំង​ពី​ដំណើរ​ការ​។ បច្ចុប្បន្ន​ យើង​អនុវត្ដ​គម្រោង​កសិកម្ម​ អភិរក្ស​ធនធាន​ធម្មជាតិ និង​អនាម័យ​ ហើយ​ចំពោះ​គម្រោង​អប់រំ យើង​ទើប​តែ​​បញ្ចប់​សកម្មភាព និង​មិន​ទាន់​មាន​ដៃគូ​ជំនួយ​បន្ដ​»។

អង្គការ​កំពុង​​ធ្វើ​លើ​កិច្ចការ​លើក​កម្ពស់​ជីវភាព​ និង​ការពារ​ធនធាន​ធម្មជាតិ​ ដែល​មាន​ឈ្មោះ​គម្រោង​ថា ធនធាន​ជលផល​តាម​វាល​ស្រែ​សម្រាប់​កម្ពុជា (Rice Field Fishery) ​ក្នុង​ដំណាក់​កាល​ទី ២​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី USAID តាមរយៈ​អង្គការ World Fish។

គម្រោង​នេះ​​ផ្ដោត​សំខាន់​លើ​ស្រះ​ជម្រក​ត្រី​សហគមន៍​ ដែល​បង្កើន​ទិន្នផល​ត្រី​នៅ​តាម​វាល​ស្រែ​។ ប្រជាជន​​នៅ​តាម​តំបន់​អាច​នេសាទ​ត្រី​សម្រាប់​បរិភោគ និង​អាច​លក់​ដូរ​បាន​សម្រាប់​ការ​បង្កើន​ជីវភាព។

ប្រជាពលរដ្ឋ​ត្រូវ​បាន​ផ្ដល់​កូនត្រី​នៅស្រះ​ជម្រកត្រីសហគមន៍ ដើម្បី​បង្កើន​ទិន្នផល។ រូបថត សហ​ការី

អ្នកស្រី ចេប ម៉ាលីបុប្ផា បាន​បន្ដ​ថា៖ «​​យើង​ក៏​ធ្វើ​​ការ​បណ្ដុះ​បណ្ដាល​​លើ​ផ្នែក​អាហារូបត្ថម្ភ​ អត្ថប្រយោជន៍​ត្រី​ល្អិត និង​ចេះ​រៀបចំ​សួន​បន្លែ​គ្រួសារ។ យើង​បណ្ដុះ​បណ្ដាល​គាត់​ឲ្យ​ចេះ​ប្រើប្រាស់​ពហុ​ប្រយោជន៍​នៃ​ស្រះ​ជម្រក​ត្រី​ ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង និង​សក្ដានុពល ដូចជា ស្រោច​ដំណាំ ជា​ទឹក​ស្អាត សម្រាប់​សត្វ​ពាហនៈ​ក្នុង​តំបន់​ផឹក ឬ​ផ្សេង​ៗ​ទៀត​ក្នុង​គ្រួសារ ព្រម​ទាំង​ដាំ​ដំណាំ​នានា​នៅ​តាម​ខ្នង​ស្រះ»។

ស្រះ​ជម្រក​ត្រី​សហគមន៍ គឺ​ជា​ផ្ទៃ​ទឹក​ ដែល​ការពារ​ត្រី​ធម្មជាតិ​ក្នុង​រដូវ​ប្រាំង​ និង​ជា​កន្លែង​សម្រាប់​ត្រី​បង្កាត់​ពូជ​ ពង​កូន និង​លូតលាស់​។

ស្រះ​ជម្រក​ត្រី​​សហគមន៍​បាន​ជួយ​បង្កើន​ទិន្នផល​​ត្រី​តាម​វាលស្រែ និង​បង្កើន​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា។​

លោក ​អ៊ុង ចាន់រតនា បាន​ថ្លែង​ថា៖ «ចំពោះ​សួន​បន្លែ​គ្រួសារ​ យើង​មាន​​ប្រមាណ ​៥០០ ​គ្រួសារ ​នៅ​ក្នុង​ស្រុក​ពួក​ និង​ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀមរាប។ ដោយសារ​​ម៉ូដែល​នេះ យើង​ធានា​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​ផង​ក្រៅ​ពី​ការ​ផ្គត់ផ្គង់​ទីផ្សារ​ ដែល​យើង​មាន​ការ​ផ្លាស់ប្ដូរ​របៀប​អនុវត្ដ​ផង​ដែរ។ ដំបូង​ឡើយ យើង​មាន​ចែក​សំណាញ់​ និង​ធនធាន​ផ្សេងៗ​​សម្រាប់​ឲ្យ​គាត់​ដាំ​អ៊ីចឹង​។ ប៉ុន្ដែ​ក្រោយ​មក គាត់​ធ្វើ​ដោយ​ខ្លួន រួម​ទាំង​ គ្រាប់​ពូជ»​។

ព័ត៌មាន​បន្ថែម ​​​ឬ​ដើម្បី​ឧបត្ថម្ភ​ថវិកា​ សូម​ចូល​ទៅ​គេហទំព័រ​របស់​អង្គការ TCO តាមរយៈ​វេបសាយ​ www.tcocambodia.org ឬ​​ទំព័រ​ហ្វេសប៊ុក​ @TCOCambodia៕ PS