ភ្នំពេញ៖ គ្រាន់តែចូលឆ្នាំថ្មីឆ្នាំ ២០២០ នេះភ្លាម ស្រាប់តែអតីតកញ្ញាឯកផែនដីកម្ពុជានៅឆ្នាំ ២០១៧ កញ្ញា អែម គុនថង ក៏បង្ហាញភាពភ្ញាក់ផ្អើលដល់មហាជននឹងបណ្តុំរូបថតដ៏ចម្លែកៗបែបសិចស៊ីគួរឲ្យស្រឡាញ់ ហាក់ដូចជាចង់បង្ហាញប្រាប់ថា រូបខ្លួនកំពុងតែអភិវឌ្ឍសិល្បៈបន្ថែម។
គេនៅចាំបានថា កញ្ញាឯកផែនដីកម្ពុជាជាមួយភាពស្រស់ស្អាតឈុតតំណាងជាតិរបស់កញ្ញា អែម គុនថង ដែលបានគ្រងឈុតឈ្មោះ «នាងឧសភី ឬ Queen of Koprey» សម្រាប់ចូលប្រកួតបវរកញ្ញាផែនដីពិភពលោកកាលពីឆ្នាំ ២០១៧ នៅប្រទេស ហ្វីលីពីន នោះនៅតែមានរូបរាងស្ល៊ីម ស្រលូន ខណៈរូបសម្ផស្សនាងវិញកាន់តែស្រស់ស្អាត។
បច្ចុប្បន្នកញ្ញា អែម គុនថង មានការងាររវល់ច្រើននឹងការបង្ហាញម៉ូដ និងការថតដាក់ទស្សនាវដ្តី ដូចជាកាលពេលឆ្នាំកន្លងមកនេះ នាងបានថតឈុតស្លៀកស្បៃ ជាមួយនឹងក្រុមតារាម៉ូដែលស្រីផ្សេងៗ ២ នាក់ទៀត បង្ហាញពីទស្សនៈយល់ឃើញអំពីបរិស្ថាន និងការថតឲ្យទស្សនាវដ្តី SOVRIN ផងដែរ។
ពាក់ព័ន្ធនឹងការលេងស្ទីលប្លែកៗ បែបសិចស៊ីខុសពីមុននាដើមឆ្នាំ ២០២០ នេះ មានន័យបែបណា និងចង់បង្ហាញពីអ្វីនោះក៏មិនត្រូវបានតារាម៉ូដែល និងអតីតជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៧ កញ្ញា អែម គុនថង បកស្រាយដោយផ្ទាល់ទេ ខណៈប្រព័ន្ធទូរស័ព្ទរបស់នាងតេចូល តែគ្មានអ្នកទទួល។
បើយោងតាមលោក ម៉ែននិមលរ័តន៍ ប្រធានប្រតិបតិ្តនៃអឹរ៉ាយស៍អេជេនស៊ី (Arise Agency) ដែលបណ្តុះបណ្តាល និងបញ្ជូនបេក្ខភាពកញ្ញាឯកប្រចាំឆ្នាំនោះបានបង្ហើបប្រាប់ឲ្យភ្នំពេញប៉ុស្តិ៍ដឹងពីភាពប្រែប្រួលរបស់កញ្ញាឯកផែនដីកម្ពុជានៅឆ្នាំ ២០១៧ កញ្ញា អែម គុនថង ដែរថា៖ «ថ្មីៗនេះ គន់ថង កំពុងហ្វឹកហាត់អភិវឌ្ឍនូវជំនាញសិល្បៈសម្តែងរបស់ខ្លួនបន្ថែមទៀត ហើយក៏ទើបតែទទួលការសាកល្បងពីខាងផលិតកម្មថតកុនមួយចំនួន ដើម្បីផ្តល់ឱកាសនៃការបោះជំហានមកកាន់វិស័យសិល្បៈ ដើម្បីបន្ថែមទីផ្សារសម្តែងផងដែរ ហើយម្យ៉ាងទៀតការដូរស្ទីលប្លែក ឬលេងស្ទីលប្លែកៗទាំងនោះ ក៏ចង់បង្ហើបបង្ហាញប្រាប់ពីភាពប្រែប្រួលរបស់រូបនាងសម្រាប់ឆ្នាំថ្មី ក្នុងនាមជាអ្នកសិល្បៈផងដែរ»៕