ភ្នំពេញ៖ ទោះបី​​​​មើល​ទៅ​ជា​សកម្មភាព​​​​​សប្បុរសធម៌ មាន​ទម្រង់​​តូច​តាច​មែន​ក្តី​​ តែ​​​​​​​កើត​​ពី​​ចិត្ត​ធម៌ ស្មោះ​ត្រង់​ តាម​កម្លាំង​​សទ្ធា​​ជ្រះ​​​ថ្លា​ ដែល​យល់​ពី​​អារម្មណ៍ដ៏​​សង្វេគ​នៃ​អ្នក​ខ្សត់​​​​ខ្សោយ​នោះ​​ ក៏​ជំរុញ​ឲ្យ​អតីត​​​អ្នក​​សារព័ត៌មាន​ម្នាក់ ​លោក ប៊ូ សារឿន បាន​​នាំ​យក​​​សម្ភារ​ដប​អាល់កុល​​តូចៗ ដែល​បាន​ច្រក​រួច​ស្រេច​ចំនួន​​​រាប់​រយ​ដប​​ ទៅ​​ចែក​ជូន​​បងប្អូន​ខ្មែរ​ខ្សត់ខ្សោយ​ ដែល​​ប្រកប​របរ​ធាក់​ស៊ីក្លូ​​​ នៅ​​​តំបន់​នានា​​ក្នុង​រាជធានី​ភ្នំពេញ​​ ដើម្បី​បង្ការ​ការ​​ឆ្លង​មេរោគ​ក្នុង​​​​គ្រា​កំពុង​តែ​មាន​​វិបត្តិ​​​​កូវីដ ​១៩​ ហើយ​ក៏​​​នឹង​​​បន្ត​ធ្វើ​នៅ​​គោលដៅ​​បន្ទាប់​ចែក​ជូន​​ទៅ​ដល់​លោក​តា​យាយ​​​​ តាម​​ទីវត្ត​អារាម​។

លោក ប៊ូ សារឿន អតីតអ្នក​​កាសែត​ និង​បច្ចុប្បន្ន​ជា​មន្រ្តី​ទំនាក់ទំនង​នៃ​ស្ថាប័នធនាគារពិភពលោក(WB)ស្ម័គ្រចិត្តដើរចែកជូន​អាល់កុល​ដល់សហគមន៍​ក្រីក្រ​។ ហ្វេសប៊ុក​

ដោយ​ធ្លាប់​ឆ្លង​​​កាត់​បទពិសោធ​លំបាកៗ​​ច្រើន ​ដោយ​​​​​​ធ្លាប់​ជា​អ្នក​​ខ្សត់ខ្សោយ​មាន​ជីវភាព​​​លំបាក កាល​ពី​​​គ្រា​​ដំបូង ទម្រាំ​នឹង​មាន​​ឱកាស​ល្អ​មាន​​ការងារ​ល្អ​​ដូច​​ជា​សព្វ​ថ្ងៃ​ ក្លាយ​ជា​មន្រ្តី​ទំនាក់ទំនង​​នៃ​សា្ថប័ន​ល្អ​មួយ ​គឺ​ជា​ស្ថាប័ន​​ធនាគារ​ពិភព​​លោក (WB) តាំង​​​ពី​ឆ្នាំ ​២០០២ និង​អតីត​​ធ្លាប់​​ជា​អ្នក​សារព័ត៌មាន​​ប្រមាណ ​៦ ឆ្នាំ​ផង​ដែរ ​​ចន្លោះ​ឆ្នាំ ​១៩៩៦-២០០២​​។​

លោក ប៊ូ សារឿន ​បង្ហើប​ប្រាប់​ពី​ការ​កកើត​នូវ​ទង្វើ​សប្បុរស​នេះ​ថា៖ «ក្នុង​រយៈពេល​កើត​មាន​វិបិត្ត​កូវីដ ១៩ ​នេះ សម្រាប់​ខ្ញុំ​​ផ្ទាល់ និង​បងប្អូន​សប្បុរសជន​នានា​ដែល​តែងតែ​ចូលរួម​តាម​សទ្ធា​ជ្រះ​ថ្លា​នោះ​បាន​នាំ​យក​ដប​អាល់កុល​​​ចំនួន​ជាង​ ៥០០ ដប (សព្វ​ថ្ងៃ​ចំពោះ​​ដប​​អាល់កុល​​តូចៗ​ សម្រាប់​​បាញ់​​កម្ចាត់​​មេរោគ​នេះ មាន​តម្លៃ ​១ ដប ចន្លោះ​ពី ៣ ៥០០ រៀល ទៅ ​៤ ០០០ រៀល ​ខណៈ​​​​កាល​ពី​មិន​ទាន់​កើត​មាន​ជំងឺ​​ឆ្លង​កូវីដ ១៩ តម្លៃ​ចំនួន ​៤ ដប​តូចៗ ប្រហែល​ជា​ ៦ ០០០ រៀល​តែ​ប៉ុណ្ណោះ​) ​​ហើយ​ទៅ​​ចែក​ជូន​ដល់​ បងប្អូន​​ខ្មែរ​មាន​ជីវភាព​ខ្សត់ខ្សោយ និង​អ្នក​​ប្រកប​របរ​ធាក់​ស៊ីក្លូ​ ដែល​រស់នៅ​ក្នុង​​តំបន់​នានា​នៃ​ទីក្រុង​​ភ្នំពេញ»។

ខណៈ​​បណ្តា​ប្រទេស​ទូទាំង​ពិភព​លោក​ ហើយ​មាន​កម្ពុជា​ កំពុង​តែ​រង​នូវ​ការ​គំរាម​កំហែង​ពី​ជំងឺ​ឆ្លង​ឈ្មោះ​​ថា វីរុស​​កូរ៉ូណា ឬ​កូវីដ ១៩ ដោយ​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​​ចេញ​នូវ​សេចក្តី​ជូន​​ដំណឹង​​ឲ្យ​ធ្វើ​​ការងារ​​នៅ​តាម​​ផ្ទះ​ ដើម្បី​​​បញ្ចៀស ឬ​បង្ការ​ខ្លួន​កុំ​ឲ្យ​ងាយ​ឆ្លង​នឹង​មេរោគ​នេះ។ ​ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​​​​​​ប្រទេស​​ កម្ពុជា​ ការ​សំងំ​ខ្លួន​នៅ​ក្នុង​​​ផ្ទះ ដោយ​មិន​អាច​​​​​ចេញ​​ក្រៅ​មក​​​ធ្វើ​ការងារ ក៏​បាន​ជះ​​​ឥទ្ធិពល​ខ្លាំង​​ស្ទើរ​តែ​​​គ្រប់​​ស្រទាប់​មនុស្ស​​នៅ​ក្នុង​សហគមន៍​នានា ទាំង​នៅ​​​ទីក្រុង និង​​​​ជនបទ​ ជាពិសេស​​នោះ សម្រាប់​ពល​រដ្ឋ​​ក្រីក្រ​ ដែល​ប្រកប​របរ​​ចិញ្ចឹម​ជីវិត ​​ដោយ​ប្រើ​កម្លាំង​​កាយ​​តែ​ម្តង​ ដូចជា​មុខ​របរ​​ធាក់​ស៊ីក្លូ​ជាដើម​។​

លោក ប៊ូ សារឿន ពន្យល់ពី​របៀបបាញ់អាល់កុល​កម្ចាត់​មេរោគទៅ​ដល់​បងប្អូន​អ្នកធាក់ស៊ីក្លូ​។ រូប ហ្វេសប៊ុក​

ធ្លាប់​​​ជា​អ្នក​ធាក់​ស៊ីក្លូ អ្នក​​ដើរ​រើស​​អេតចាយ និង​ធ្លាប់​ជួប​វិបត្តិ​អត់​ចំណី​អាហារ​​ ដោយសារ​តែ​ជីវភាព​ក្រ​ខ្សត់​​ខ្លាំង បុរស​​​វ័យ​ ៥៦ ឆ្នាំ​ ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង ដែល​បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌ​មានជ័យ នៃ​តំបន់​ចម្ការ​​ដូង លោក ប៊ូ សារឿន​ ​​បន្ត​​ឲ្យ​ដឹង​ទៀត​​ថា៖ «ទោះបី​ជា​សកម្មភាព​ចូលរួម​ជួយ​ក្នុង​សង្គម​តូចតាច​​ក៏​ពិត​មែន តែ​ខ្ញុំ​សប្បាយ​​ចិត្ត​ព្រោះ​នេះ​ គឺ​ជា​​ទង្វើ​កើត​ចេញ​ពី​ទឹក​ចិត្ត​​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្ញុំ និង​មិត្តភក្តិ ឬ​បណ្តា​ក្រុម​​​សប្បុរស​ជន​នានា​ដទៃ​ទៀត​ ចូលរួម​​បរិច្ចាគ​​តាម​សទ្ធា​​​នោះ​ ដោយ​យើង​​​យល់​​ពី​ស្ថានភាព​​របស់​បង​ប្អូន​ខ្មែរ​ដែល​​​មាន​ជីវភាព​លំបាក»។

ជាពិសេស ​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​​​​​កំពុង​​ជួប​​នឹង​វិបត្តិ​កើត​មាន​ជំងឺ​ឆ្លង ​ដ៏​កាច​សាហាវ​កូវីដ ១៩ តែ​ម្តង​ ដែល​​រឹង​រឹត​​​តែ​​​ធ្វើ​ឲ្យ​​បងប្អូន​ទាំង​នោះ ប្រឈម​នឹង​បញ្ហា​​ជីវភាព​លំបាក​មួយ​កម្រិត​​ទៀត។ ដូច្នេះ​​ យើង​នឹង​​ឃើញ​​​របស់​ម្យ៉ាង​ ដែល​​​​កំពុង​​តែ​​​​ត្រូវ​ការ​ចាំបាច់​ ​គឺ​អាល់កុល​បាញ់​កម្ចាត់​មេរោគ​ កុំ​​ឲ្យ​ងាយ​ឆ្លង​កូវីដ ១៩ ​ទៅ​ចែក​ជូន​ដល់​ពួក​គាត់​។ ប្រការ​​ដ៏​សំខាន់​មួយ​ទៀត​ ក្រៅ​ពី​ដប​អាល់កុល​សម្រាប់​បាញ់​​​កម្ចាត់​មេរោគ​នោះ ខ្ញុំ​​គិត​ថា ក៏​អាច​​មាន​ឱកាស​នាំ​នូវ​សារ​​​​ជួយ​​​ប្រាប់​ពួក​​គាត់​ពី​របៀប​រក្សា​អនាម័យ​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត ដោយ​​ឧស្សាហ៍​​លាង​ ដៃ​ញឹកញាប់​នឹង​សាប៊ូ ឬ​ប្រើ​អាល់កុល​​នេះ​ជា​ដើម ព្រោះ​ថា​ពេល​ខ្លះ​ពួក​គាត់​ពិត​ជា​មិន​បាន​គិត​ទៅ​ដល់​រឿង​អនាម័យ​នេះ​​ឡើយ​​​​។ ជា​លទ្ធផល​ពួក​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់»។

លោក ប៊ូ សារឿន ចែកដបអាល់កុលដល់​អ្នកធាក់ស៊ីក្លូ ដែលលោកធ្លាប់​ប្រកប​របរនេះដែរ​ពី​មុន​​​។ ហ្វេសប៊ុក​

មើល​ទៅ​សកម្មភាព​ចូលរួម​ជួយ​​សង្គម ​ដោយ​ស្ម័គ្រ​ចិត្ត​ដើរ​ចែក​រំលែក​ទង្វើ​សប្បុរស​តាម​លទ្ធភាព​​មិន​ចាំបាច់​​ដល់​​ពេល​​​មាន​ធនធាន​ច្រើន​ស្តុកស្តម្ភ​ ទើប​អាច​នឹក​ឃើញ​គិត​ចង់​ធ្វើ​នេះ នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ដោយ​អតីត​​ធ្លាប់​​​អ្នក​​​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ នា​អំឡុង​ឆ្នាំ ​១៩៩៧-២០០២ និង​​​បាន​ដូរ​ទៅ​ធ្វើ​ការ​​ជា​មន្រ្តី​ទំនាក់ទំនង​​នៅ​ស្ថាប័ន​ធនាគារ​​ពិភព​លោក (WB) ចាប់​តាំង​ពី​ឆ្នាំ ​២០០២ ​មក​ដល់​បច្ចុប្បន្ន​នេះ គ្រោង​នឹង​ចែក​ជូន​ដប​អាល់កុល​បាញ់​កម្ចាត់​មេរោគ​​បន្ត​​ទៅ​គោលដៅ​ផ្សេង​ទៀត ​គឺ​​ទី​វត្ត​អារាម ហើយ​លោក​ក៏​ត្រៀម​ស្វាគមន៍​ចំពោះ​​សប្បុរសជន​​ ដែល​ចង់​ចូលរួម​ទៅ​តាម​លទ្ធភាព​ខ្លួន​មាន​​ផង​​ដែរ​​។

លោក ប៊ូ​ សារឿន ដែល​កំពុង​តែ​ដើរ​តួដូចជា​អ្នក​តំណាង​​ឲ្យ​ក្រុម​សប្បុរសជន​​ ក្នុង​ការ​នាំ​យក​ដប​អាល់កុល​ចែក​ជូន​សហគមន៍​ក្រី​ក្រ​នោះ​ បាន​បញ្ជាក់​ពី​គម្រោង​បន្ទាប់​ថា៖ «ក្រោយ​ពី​បាន​ចែក​ជូន​ទៅ​ដល់​បងប្អូន​សហគមន៍ ​អ្នក​​ប្រកប​របរ​ធាក់​ស៊ីក្លូ​រួច​ទៅ យើង​នឹង​​នាំ​យក​ទៅ​ចែក​ជូន​ទៅ​​ដល់​លោក​តា​​លោក​យាយ ​នៅ​តាម​ទី​​វត្ត​អារាម​វិញ​ម្តង​។​ ដោយ​ឡែក​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​​ នា​ពេល​កន្លង​មក ឃើញ​មាន​បងប្អូន​​យើង​ ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ក្តី​ ទាំង​មិត្តភក្តិ​ជិត​ឆ្ងាយ​ក្តី​​ ដែល​តែងតែ​បាន​ចូលរួម​ជាមួយ​នឹង​ខ្ញុំ​ ទាំង​ការ​បរិច្ចាគ​ថវិកា ទាំង​សម្ភារនានា​ ​ខណៈ​ការ​ចូលរួម​ម្នាក់​បន្តិចៗ គឺ​ពិត​ជា​​អាច​ជួយ​គ្នា​បាន​ក្នុង​គ្រា​ត្រូវ​ការ»៕​