ភ្នំពេញ៖ «ឆ្ងាយ​ដាច់​អាល័យ»​ ដែល​ជា​អត្ថបទ​ភាពយន្ត​​​ខ្លី​ របស់​អ្នក​ដឹកនាំ​រឿង​កុន​​ និង​អ្នក​និពន្ធ​អត្ថបទ​​ លោក លី​ ប៉ូឡែន​​ បាន​ឈ្នះ​ពាន​រង្វាន់​នៅ​​ក្នុង​កម្មវិធី​​ SGIFF Southeat Asian Short Film Grant (SEA-Shorts) រៀបចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ ដោយ​មាន​ការ​ចូលរួម​​ពី​សំណាក់​អ្នក​ដឹកនាំ​ភាពយន្ត​មក​ពី​​​ប្រទេស​កម្ពុជា​ ថៃ​ វៀតណាម​ ហ្វីលីពីន​ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ និង​សិង្ហបុរី​ផ្ទាល់​តែ​ម្តង។​

ជា​រៀង​រាល់​ឆ្នាំ​​កម្មវិធី​ SEA-Shorts តែង​ជ្រើសរើស និង​ផ្តល់​​រង្វាន់​ដល់​អត្ថបទ​រឿង​កុន​ខ្លី​ចំនួន ​២ ​ ដែល​បង្កប់​អត្ថន័យ និង​​​ខ្លឹមសារ​​សង្គម​ នូវ​ទឹក​ប្រាក់​ ៥ ពាន់​​ដុល្លារ​ ​ដើម្បី​ផលិត​​អត្ថបទ​ពាន​រង្វាន់​ឲ្យ​ចេញ​ជា​កុន​។

រឿង​ «ឆ្ងាយ​ដាច់​អាល័យ»​​ ​និយាយ​អំពី​ខ្សែ​ជីវិត​ប្តី​ប្រពន្ធ​វ័យ​ក្មេង​ជនជាតិ​ដើម​ភាគ​តិច​ រៀបចំ​បង្វេច​ចេញ​ដំណើរ​ផ្សង​ព្រេង​ពី​តំបន់​ព្រៃ​ភ្នំ​ ទៅ​កាន់​ទីក្រុង​​ ​បន្ទាប់​ពី​តំបន់​ព្រៃ​ជម្រក​របស់​ពួក​គេ​​ត្រូវ​កាប់​ឆ្ការ​ដោយ​គម្រោង​អភិវឌ្ឍន៍​មួយ​។

អ្នក​ដឹកនាំ​កុន​ លី ​ប៉ូឡែន​ សរសេរ​សាច់​រឿង​នេះ​ ចាប់​តាំង​​​ពី​ឆ្នាំ​ ២០១៧​ ក្រោយ​ពី​លោក​​បាន​​​ស្វែង​យល់​​ច្បាស់​ និង​ចំណាយ​ពេល​រស់នៅ​ជាមួយ​​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នា​ពេល​កន្លង​មក​។

អ្នក​ដឹកនាំ​ ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ SEA-Shorts ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «អាច​​និយាយ​បាន​ថា​ ធម្មជាតិ​នៃ​តំបន់​ព្រៃ​​នោះ​ បាន​រុញ​​ច្រាន​ចិត្ត​របស់​ខ្ញុំ​ឲ្យ​សរសេរ​រឿង​នេះ​ឡើង​។ ចេតនា​របស់​ខ្ញុំ​ទៅ​លើ​ការ​សរសេរ​សាច់​រឿង ​ឆ្ងាយ​ដាច់​អាល័យ​ គឺ​ដោយសារ​ខ្ញុំ​ឃើញ​ យុវវ័យ​ជំនាន់​ក្រោយ​កំពុង​វិវត្តន៍​ជីវិត​របស់​គេ​ចេញ​ឆ្ងាយ​ពី​អំណោយ​នៃ​ធម្មជាតិ​ដែល​ផ្តល់​ឲ្យ​មនុស្ស​ជាតិ»។​

លោក​បន្ត​ទៀត​ថា៖ «សង្គម​របស់​យើង​ មាន​ទំនោរ​ច្រើន​ទៅ​លើ​សម្ភារ​និយម​។ ប៉ុន្តែ​ វា​គ្មាន​អ្វី​ខុស​ឆ្គង​ទៅ​លើ​ទស្សនៈ​មួយ​នេះ​ទេ​ គ្រាន់​តែ​នៅ​ចំណុច​ណា​មួយ​នោះ​ យើង​ត្រូវ​តែ​ដឹង​ពី​​ព្រំដែន​នៃ​តម្រូវ​ការ​របស់​យើង​ ហើយ​គួរ​តែ​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការ​អភិរក្ស​ធម្មជាតិ​វិញ។ បើ​គ្មាន​ធម្មជាតិ​ ផែន​ដី​ក៏​មិន​អាច​រស់​បាន​ដែរ​»។​

នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ ប៉ូឡែន​ ជួប​ប្រទះ​បញ្ហា​ធំ​មួយ​ផ្នែក​ថវិកា​ផលិត​កុន​ ព្រោះ​កុន​នេះ​មិន​អាច​រក​ចំណូល​បាន​ច្រើន​ដូច​កុន​ផ្សាយ​ពាណិជ្ជកម្ម។​ សំណាង​ល្អ​ដែល​មាន​គម្រោង​បរទេស​ជាច្រើន​​ផ្តល់​ថវិកា​តាមរយៈ​ការ​ប្រកួត​ប្រជែង​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ផលិតករ​ អាច​ផលិត​កុន​ដែល​ពួក​គេ​សរសេរ​ឡើង​មក​បាន​។

ផលិតករ​វ័យ​ក្មេង លោក លី ប៉ូឡែន ទើបតែ​ឈ្នះពានរង្វាន់​អត្ថបទ​ភាពយន្ត​រឿង «ឆ្ងាយដាច់អាល័យ» ពី​សិង្ហបុរី​។ រូបថត សហ​ការី

រំឭក​ទៅ​អតីតកាល​របស់​ ប៉ូឡែន​ មិន​ប្រាថ្នា​ការងារ​​ផលិត​កុន​ និង​អ្នក​សរសេរ​អត្ថបទ​ភាពយន្ត​​​ ដូច​អ្វី​ដែល​លោក​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ទេ​។

កាល​នៅ​រៀន ​អតីត​និស្សិត​ពេទ្យ​រូប​នេះ ​​ចូលចិត្ត​​អាន​សៀវភៅ​ និង​មើល​រឿង​ភាពយន្ត​​​​ប្រភេទ​ថត​​ក្រៅ​ស្ទូឌីយោ​ នៅ​ក្នុង​បណ្ណាល័យ​នៃ​វិទ្យាស្ថាន​បារាំង​​។

ចំណូល​ចិត្ត​ពិសេស​នេះ​បាន​ធ្វើ​ឲ្យ​លោក​​​បោះបង់​ការ​សិក្សា ​និង​​ក្ដី​សុបិន​ជា​វេជ្ជបណ្ឌិត​ នៅ​ក្នុង​ឆ្នាំ​ ២០១២​ ហើយ​ចាប់​ផ្តើម​ដំណើរ​ជីវិត​ជា​អ្នក​ផលិត​កុន​​តាមរយៈ​​ការ​ស្វ័យ​សិក្សា​​ដោយ​ខ្លួន​ឯង។

លោក លី ​ប៉ូឡែន ​បាន​បន្ត​ទៀត​ថា​៖ «ខ្ញុំ​ជា​អ្នក​ផលិត​កុន​ឯករាជ្យ​ម្នាក់​។​ ការ​ចាប់​ផ្តើម​ផលិត​កុន​របស់​ខ្ញុំ​ គឺ​កើត​ចេញ​ពី​ការ​មើល​រឿង​កុន​របស់​ block- buster និង​កុន​​ខ្លី​បែប​ផ្សាយ​ពាណិជ្ជកម្ម​ ជា​ពិសេស​កុន​ប៉ែក​អឺរ៉ុប​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ខ្ញុំ​ចូលចិត្ត​ការ​ផ្សង​ព្រេង​ រុក​រក​បទពិសោធ​ថ្មី​នៅ​កន្លែង​ថ្មី ហើយ​ចូលចិត្ត​ស្តាប់​ការ​និទាន​រឿង​របស់​នៃ​ជីវិត​ពិត​របស់​បុគ្គល​ម្នាក់ៗ។​ បែប​នេះ​ខ្ញុំ​អាច​សន្មត​បាន​ថា​​ ខ្ញុំ​អាច​សរសេរ​សាច់​រឿង​ និង​ផលិត​កុន​បាន​តាមរយៈ​ការ​មើល​រឿង​កុន​ និង​ការ​សង្កេត​ទៅ​លើ​ជីវភាព​ពិត​របស់​ប្រជាពលរដ្ឋ​»។

មក​ដល់​ពេល​នេះ​ លោក លី ប៉ូឡែន ​ផលិត​កុន​បាន​ ៧ ​រឿង​ និង​រឿង​កុន​​ឯកសារ​មួយ​ចំនួន។ កុន​ទាំង​នោះ​ធ្លាប់​បាន​បញ្ចាំង​​ និង​បាន​ឈ្នះ​រង្វាន់​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​។​

ក្នុង​ឆ្នាំ​ ២០១៥​ រឿង​ ចំណង​ចម្រុះ​ពណ៌​ ដែល​និយាយ​ពី​មិត្តភាព​​ដ៏​ជ្រាលជ្រៅ​នា​​នាទី​ចុង​ក្រោយ​ក្មេង​ស្រី​មាន​ជំងឺ​មហារីក និង​មិត្តភក្ដិ​ជា​អ្នក​លក់​ផ្កា​ម្លិះ​តាម​ចិញ្ចើម​ថ្នល់​​​បាន​ឈ្នះ​ពាន​រង្វាន់​ចំណាត់​ថ្នាក់​ លេខ ​១​ ក្នុង​កម្មវិធី​ Tropfest- SEA នៅ​ប្រទេស​ម៉ាឡេស៊ី​។

ក្នុង​ឆ្នាំ​ ២០១៧​ រឿង​ខ្នាត​ខ្លី​របស់​លោក ​១ ទៀត​ គឺ​រឿង​ ទឹក​​ក្រហម​ ក៏​ជាប់​​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​កម្មវិធី​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​។​

ក្នុង​អាជីព​ជា​អ្នក​ដឹកនាំ​​កុន​ ​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ដក់​ចិត្ត​​ខ្លាំង គឺ​​​វណ្ណកម្ម​ទី ​២​ ​មាន​​ចំណង​ជើង​ថា​ «អ៊ីវ៉ា​» ដែល​បង្ហាញ​អំពី​ក្មេង​ស្រី​តូច​ម្នាក់​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​ ជាទី​ស្រឡាញ់​របស់​នាង​ពី​ការ​ចាប់​យក​ទៅ​ធ្វើ​ម្ហូប​​។

ទៅ​ថ្ងៃ​អនាគត​ផលិតករ​វ័យ​ក្មេង​​​ ​លោក ​លី ​ប៉ូឡែន​ នៅ​តែ​បន្ត​ផលិត​កុន​ និង​មាន​គម្រោង​ផលិត​ភាពយន្ត​​​ខ្នាត​វែង​នៅ​ក្នុង​​រយៈពេល​ ២​-៣ ឆ្នាំ​ ខាង​មុខ​នេះ​។​

យ៉ាងណា​មិញ​ផលិតករ​រូប​នេះ​ រីករាយ​នឹង​​សុភមង្គល​ជាមួយ​អ្វី​ដែល​លោក​កំពុង​ធ្វើ​ក្នុង​ខ្សែ​ជីវិត​ជា​អ្នក​ផលិត​កុន​ដូច​សព្វ​ថ្ងៃ​នេះ​ ទោះបី​ជា​លោក​​មិន​អាច​រក​ប្រាក់​ចំណូល​​ច្រើន​ពី​ការ​ផលិត​កុន​ក៏​ដោយ​។

ផលិតករ​វ័យ​ក្មេង លី ប៉ូឡែន​ បាន​​លើក​ឡើង​ថា​៖ «ភាព​ជោគជ័យ​របស់​ខ្ញុំ​ មិន​មែន​ការ​បង្កើត​លុយ​ឲ្យ​បាន​ច្រើន​ទេ​ តែ​ជា​ការ​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ក្នុង​សង្គម​ ជា​ការ​ពិត​កុន​អាច​មាន​ឥទ្ធិពល​ផ្លាស់​ប្តូរ​​ការ​គិត​ និង​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ម្នាក់ៗ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ពាំនាំ​ការ​ផ្លាស់​ប្តូរ​ថ្មី​ទៅ​កាន់​សង្គម​ផង​ដែរ។ តាមរយៈ​ការ​ផលិត​កុន​នេះ​ ខ្ញុំ​មាន​ឱកាស​បាន​បង្ហាញ​ពិភព​លោក​ នូវ​រឿងរ៉ាវ​ដែល​កើត​មាន​ក្នុង​សង្គម​កម្ពុជា​​»។

រឿង​ ឆ្ងាយ​ដាច់​អាល័យ​ នឹង​ចាប់​ផ្តើម​ថត​​ឆាប់ៗ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង​ តួអង្គ​និយាយ​ជា​ភាសា​ ព្នង​ (ជា​ភាសា​ជនជាតិ​ដើម)​ មាន​រយៈពេល​ប្រហែល​ ៣០ នាទី​។ ទស្សនិកជន​ អាច​មើល​ភាពយន្ត​​កុន​ខ្នាត​ខ្លី​របស់​លោក ​ប៉ូឡែន ​បាន​នៅ​លើ​យូធូប​ ដោយ​​​គ្រាន់​តែ​វាយ​ឈ្មោះ​ និង​ចំណង​នៃ​រឿង​៕

ផលិតករ​វ័យ​ក្មេង លី ប៉ូឡែន​ សរសេរ​សាច់​រឿង​នេះ​ ចាប់​តាំង​​​ពី​ឆ្នាំ​ ២០១៧​ ក្រោយ​ពី​លោក​​បាន​​ចំណាយ​ពេល​រស់នៅ​ជាមួយ​​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​។ រូបថត សហការី