ក្រុង​ម៉ា្រឌីដ៖ ពេល​លោក​ Philipp Klein Herrero ត្រូវ​លុប​គម្រោង​​លម្ហែ​កាយ​ជិះ​ស្គី​ ដោយសារ​តែ​​វិបត្តិ​វីរុស​កូរ៉ូណា​ទូទាំង​ពិភព​លោក​នោះ លោក​​​ច្នៃ​​​​​បន្ទប់​​ក្នុង​ផ្ទះ​ល្វែង ជា​ទី​រំអិល​​ជំនួស​ឲ្យ​បទពិសោធ​ជិះ​ស្គី​ទឹកកក។

កីឡាករ​ជិះ​ស្គី​​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​​និយាយ​ថា៖ «អារម្មណ៍​ធុញ​ថប់​ធ្វើ​ឲ្យ​ខ្ញុំ​កើត​គំនិត​ច្នៃ​នេះ​ច្នៃ​នោះ»។

វីដេអូ​​ ៥៧ វីនាទី ថត​ដោយ​​​កាមេរ៉ា​​ជាប់​នៅ​ពិតាន​ផ្ទះ បាន​ចំនួន​ទស្សនា​​រាប់​លាន​ដង​​លើ​បណ្ដាញ​សង្គម​នានា។

លោក Klein Herrero ​ជា​វិស្វករ​នៅ​​រោងចក្រ​ផលិត​រថយន្ត SEAT របស់​​​អេស្ប៉ាញ បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​​​ទិញ​សំបុត្រ​​ឡាន​​ក្រុង​ទៅ​ La Grave ប្រទេស ​បារាំង ​ដើម្បី​ជិះ​ស្គី​លេង​​ជាមួយ​​គ្រួសារ​ខ្ញុំ។ ខ្ញុំ​ខំ​សន្សំ​លុយ​​ពេញ ​១ ឆ្នាំ ​ដើម្បី​តែ​គម្រោង​ដើរ​លេង​នេះ»។

លោក ​Philipp Klein Herrero ជិះ​ស្គី​ក្នុង​ផ្ទះ​ជំនួស​ទីលានស្គី​ទឹកកកខាងក្រៅ​។ AFP

លោក​​​ថា៖ «ពេល​នេះ ខ្ញុំ​គួរ​តែ​កំពុង​ស្ថិត​នៅ​លើ​ឡាន​ក្រុង​ជិះ​ទៅ​​តំបន់​ស្គី​ទឹកកក តែ​គម្រោង​​បាន​រលាយ​អស់​ហើយ។ វា​ក៏​មិន​សម​ដែរ ដែល​យើង​ទៅ​​ជិះ​ស្គី​សប្បាយ ខណៈ​ពលរដ្ឋ​នៅ​អេស្ប៉ាញ​​ស្លាប់​ជា​បន្ត​បន្ទាប់»​។

ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​ នៅ​ប្រទេស​នេះ​បាន​​ឡើង​ដល់​ជាង ១៤ ០០០ នាក់។

លោក​​ថា៖ «ការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​នៅ​ផ្ទះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​អារម្មណ៍​រំភើប​​ដែល​រអិល​ខ្លួន​ពី​ជម្រាល​ទឹកកក។ ដូច្នេះ​ទើប​ខ្ញុំ​ច្នៃ​បន្ទប់​ទទួល​ភ្ញៀវ​​ធ្វើ​ជា​កន្លែង​ជិះ​ស្គី»។

វីដេអូ​ដែល​​ប្រើ​កម្មវិធី​ stop-motion ក្នុង​ការ​កាត់ត​បង្ហាញ​ទិដ្ឋភាព​លោក ​Herrero ដេក​នៅ​កម្រាល​​​បន្ទប់​ទទួល​ភ្ញៀវ​ជាមួយ​ក្ដារ​ស្គី​ពាក់​ជើង និង​ដង​ដោល។ កាមេរ៉ា​ភ្ជាប់​នឹង​ពិតាន ធ្វើ​ឲ្យ​កាយវិការ​ដេក ប្រែ​ក្លាយ​ជា​ដូច​កំពុង​ឈរ។ ​នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ​ លោក​របូត​មួក​ការពារ​ក្បាល​ចូល​កម្រាល​ពូក ហើយ​សំណេរ «នៅ​ផ្ទះ មាន​សុវត្ថិភាព​ក៏​បាន​ផុស​ឡើង»៕ AFP