ភ្នំពេញៈ បង្ករការភ្ញាក់ផ្អើលតារាចម្រៀងស្រីកូនមួយ និងជាអ្នកច្នៃសម្លៀកបំពាក់ពីសារុង អ្នកនាង ទូច ស្រីល័ក្ខណ៍ បែរងាកមកបង្ហាញរថយន្តខ្នាតតូច មានតម្លៃសមរម្យ និងជាម៉ូដែលរថយន្តថ្មីមិនប្រើសាំង សម្រាប់ជាយានជំនិះធ្វើដំណើររបស់ខ្លួន ក្រោយពីបង្កការភ្ញាក់ផ្អើលដោយការដូរស្ទីលសក់មកនោះ។
តារាស្រីដែលទើបនឹងទទួលបានការចាប់អារម្មណ៍ ដែលហ៊ានកាត់សក់ខ្លីដូចសក់មនុស្សប្រុសរូបនេះ បានបង្ហោះសាររួមជាមួយវីឌីអូ ដើរចុះពីលើឡានពណ៌លឿង បង្ហាញពីរថយន្តថ្មី នៅក្នុងបណ្តាញសង្គមថា៖ «វាថោក ហើយងាយស្រួល អ្វីដែលសំខាន់ របស់ថ្លៃមិនប្រាកដថា ស្រួលនឹងល្អរហូតនោះទេ»។
អ្នកនាង ទូច ស្រីល័ក្ខណ៍ ដែលជាតារាចម្រៀងឯងរាជ្យ និងជាតារាសម្តែង មានសម្ថភាពអាចច្នៃម៉ូដសម្លៀកបំពាក់ពីសារុងខ្មែរបានបរិយាយក្នុងវីឌីអូនោះថា៖ «នេះគឺជាឡានតូចច្រឡឹងមើលទៅ Cute គួរឲ្យស្រលាញ់របស់ខ្ញុំ ហើយខ្ញុំក៏ចង់បង្ហាញអ្នកទាំងអស់គ្នាថា ប្រហែលជាអ្នកទាំងអស់គ្នា មិនទាន់បានជ្រាបពីរឿងនេះទេ។ ជាទូទៅឡានផ្សេងគេប្រើសាំង ឬម៉ាស៊ូត ប៉ុន្តែឡានរបស់ខ្ញុំដូចជាទូរស័ព្ទចឹង ខ្ញុំគ្រាន់តែសាកថ្មវា ទុករយៈពេល ២៤ ម៉ោង ទៅខ្ញុំអាចបានគ្រប់កន្លែង ពេញមួយថ្ងៃតែម្តងជាមួយរថយន្តដ៏ច្រម៉ក់ៗ!»។
តារាចម្រៀងស្រីល្បីខាងតែងខ្លួនបែបប្លែកៗស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍ពីមហាជនរូបនេះ បន្ថែមទៀតថា៖ «ខ្ញុំមិនចាំបាច់ក្នុងការចំណាយលុយចាក់សាំងឡាន អ្វីដែលសំខាន់ឡានរបស់ខ្ញុំ Cute មែនទែន ហើយវាថ្មី ហើយមួយវិញទៀតវាតូចហើយងាយស្រួលចត ហើយខ្ញុំក៏ត្រូវការយកប្រដាប់សាកថ្មទៅតាមគ្រប់ទីកន្លែងដែរ»។
បើសង្កេតមើលការងារលើវិស័យសិល្បៈវិញអ្នកនាង ទូច ស្រីល័ក្ខណ៍ ក៏នៅតែមានការគាំទ្រពីមហាជន និងបានចេញបទចម្រៀងថ្មីៗ ជាលក្ខណៈបែបអប់រំ ជាច្រើនបទបន្ថែមទៀតមានដូចជាបទ «ហេតុអ្វីរំលោភក្មេង» និងបទ «មេម៉ាយមានអីមិនល្អ» គឺជាបទដែលសម្តែងមុនដំបូងក្នុងពេលនាងបានកាត់សក់ដូចជាមនុស្សប្រុសផងដែរ។
យ៉ាងណារថយន្តម៉ាកថ្មីដែលសាកថ្មជំនួសការប្រើប្រាស់សាំង ឬម៉ាស៊ូតរបស់តារាស្រីរូបនេះ នៅមិនទាន់បានដឹងនៅឡើយទេថា ជាម៉ាកអ្វី ខណៈព័ត៌មានលម្អិតក៏មិនត្រូវបានបកស្រាយពី អ្នកនាង ទូច ស្រីល័ក្ខណ៍ បានឡើយដោយសារប្រព័ន្ធទូរស័ព្ទរបស់នាងតេចូលគ្មានអ្នកទទួល៕