កំពង់ស្ពឺ: ពាក្យ​ថា «ស៊ូស្លាប់​បា​កុំ​ឲ្យ​ស្លាប់​មេ» បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ជីវិត​ពិត​របស់​កុមារី ៣ នាក់​បង​ប្អូន ដែល​រស់​នៅ​រងា​ឯកា ស្ទើរ​តែ​លែង​ហ៊ាន​ចូល​ជ្រក​ទ្រនំ​ធ្លាប់​តែ​កក់ក្ដៅ ក្រោយ​ពី​អ្នក​ម្ដាយ​ទទួល​មរណភាព ខណៈ​ឪពុក​ប្រមឹក មិន​ធ្វើ​ជា​ចន្ទល់​គ្រួសារ មាន​តែ​ជះ​ហិង្សា​លើ​កូនៗ​ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ពេល​ឈាន​ជើង​ចូល​ផ្ទះ​ម្ដង។

ដោយសារតែ​ជំងឺថ្លើម​រ៉ាំរ៉ៃ ឬ​ទាច​ទឹកជា​ច្រើន​ឆ្នាំ និង​ជីវិត​ដ៏​សែន​លំបាក​តោកយ៉ាក អ្នក​ម្ដាយ​បាន​ឃ្លាត​ចាក​ឆ្ងាយ​គ្មាន​ថ្ងៃ​វិល​វិញ​ដោយ​បន្សល់​ទុក​ឲ្យ​កូន​ស្រី ៣ នាក់​រស់​នៅ​ជាមួយ​ឪពុក ដែល​មិន​អាច​ជាទី​ពំនាក់​អាស្រ័យ​បាន​នៅ​ភូមិ​ព្រែក ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

លោក នុប ស៊ុយ ជា​មេភូមិ​ព្រែក បាន​និយាយ​ប្រាប់ថា៖ «ម្ដាយ​ក្មេង​ទាំង ៣ នាក់ បាន​ស្លាប់​កាល​ពី ៩ ខែ​មុន ហើយ​ឪពុក​បាត់បង់​ការ​ចង​ចាំ ឬ​អាច​ហៅថា សរសៃ​ប្រសាទ ដោយសារ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ខ្លាំង​ពេក។ គាត់​ដើរ​បាត់​ពី​ភូមិ មិន​ដឹង​ទៅ​ណា ជួន​កាល មក​អើត​ឈ្ងោក​ផ្ទះ​ម្ដង តែ​មិន​មែន​ផ្ដល់​ភាព​កក់ក្ដៅ​នោះ​ទេ​គឺ​មក​រក​រឿង​វាយ​តប់ និង​ជេរ​ប្រទេច ដែល​ធ្វើ​ឲ្យ​កូនៗ​រត់​ខ្ចាត់​ខ្ចាយ​អស់»។

ជា​អ្នក​បង្ហោះ​វីដេអូ​ឃ្លី​ប​ផ្សព្វផ្សាយ​ស្វែងរក​សប្បុរសជន លោក ផន ផល្លា ជា​គ្រូបង្រៀន និង​វាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ​បាន​រៀប​រាប់​ពី​ស្ថានភាព​រស់​នៅ​របស់​កុមារី​ទាំង ៣ យ៉ាង​ដូច្នេះ​ថា៖ «ផ្ទះ​របស់​ពួកគេ​មាន​សភាព​ពុកផុយ​ដោយ​សារ​តែ​ចាស់​ទ្រុឌ​ទ្រោម​ពេក។ ដើម្បី​សុវត្ថិភាព ពួកគាត់​ស្នាក់​នៅ​ផ្ទះ​នោះ​ដដែល​នាពេល​ថ្ងៃ ហើយ​ពេល​យប់​ទៅ​ស្នាក់​នៅ​ជាមួយ​យាយ​ផ្ទះ​ពូ ហើយ​ពូ និង​យាយ​ក៏​គ្មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​ក្មេង​ទាំង ៣ នាក់​នោះ​ដែរ។ អ៊ីចឹង​ហើយ​ពួកគេ​មាន​តែ​ផ្ដល់​អាហារ​ហូប​ចុក និង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ»។

កុមារី​ទាំង ៣ រស់នៅ​ក្នុង​ខ្ទម​ធ្លុះធ្លាយ​។ សហការី

បទ​សម្ភាស​ក្នុង​វីដេអូ​ឃ្លី​ប កុមារី ភន ពេជ្រ ជា​កូនស្រី​ច្បង​អាយុ ១៤ ឆ្នាំ​រៀន​ថ្នាក់​ទី ៥ ជាមួយ​ប្អូនៗ​អង្គុយ​បើក​ភ្នែក​ឡើង​រហង់ បាន​ប្រាប់​ថា៖ «គាត់​អត់​មាន​គិត​ពី​ខ្ញុំ​ផង។ គាត់​ដើរ​តែ​ផឹកស្រា។ រាល់​ដង​ខ្ញុំ​ដេក​តែ ៣ នាក់​បង​ប្អូន។ ពេល​ខ្ញុំ​អត់​អី​ហូប យាយ​គាត់​យក​មក​ឲ្យ»។

ស្ដ្រី​ចំណាស់​ម្នាក់ ដែលជា​ជីដូន​កុមារី​ទាំង ៣បាន​បន្ដថា៖ «មាន​អំបិល ប្រហុក​ចេះតែ​ទ្រាំ​ហូប​ទៅ។ ខ្ញុំ​អរ​ណាស់ បើ​មាន​សប្បុរស​ជន​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ចៅៗ​បាន​ស្នាក់​នៅ»។

បានឃើញ​ជីវិត​រស់នៅ​កុមារី​កំព្រា​ទាំង ៣ នាក់ ផ្ទាល់​ភ្នែក លោក ផន ផល្លា គ្មានអ្វី​ថ្លែង​ក្រៅពី​បន្លឺ​ថា៖ «អាណិត​មែន​ទែន! ខ្ញុំ​មិន​បាន​ជួយ​អ្វី​ច្រើន​នោះ​ទេ​មាន​អង្ករ ២ ការុង និង​លុយ​ជិត ២០០ ដុល្លារ​ទៅ​ជូន។ បើ​យើង​ឃើញ​ស្ថានភាព អ៊ូយ!​លំបាក​ណាស់ ហើយ​ខ្ញុំ​ចេះ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ពួក​គាត់​ទៅ»។

លោក​បន្ថែមថា៖ «ខ្ញុំ​មានបំណង​ទាក់ទង​រក​អង្គការ​ដើម្បី​ឲ្យ​ពួកគេ​ទៅ​ស្នាក់នៅ តែ​លោក​យាយ​មិន​អនុញ្ញាត​ទេ​ដោយ​គាត់​មិន​ចង់​បែក​ពី​ចៅ»។

លោក​ប្រាប់ថា កុមារី ភន ពេជ្រ ជា​កូនស្រី​ច្បង អាយុ ១៤ ឆ្នាំ កូនស្រី​ទី ២ ភន សុគា អាយុ ៨ ឆ្នាំ និង​កូន​ស្រី​ពៅ ភន ស្រីនីត អាយុ ៣ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឆ្ពោះ​ទៅ​ភ្នំ​ឱរ៉ាល់ ដែល​ធ្វើ​ដំណើរ​ពី ទី​រួម​ខេត្ដ​ទៅ​មាន​ចម្ងាយ​ជាង ៨០ គីឡូម៉ែត្រ ឬ​អាច​ទាក់​ទង​មេភូមិ ០១៥ ៧២ ០១ ២៧។

លោក នុប ស៊ុយ ជា​មេភូមិ​បាន​ប្រាប់ថា នៅក្នុង​ភូមិ​ព្រែក​នេះ​មាន​ប្រជាជន ១៤៧ គ្រួសារ ស្មើ​នឹង ៧២៤ នាក់ ហើយ​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាប់​យ៉ឺន​មាន ៧ គ្រួសារ៕