ក្រុងលីម៉ា៖ អាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋប៉េរូ កំពុងតែបារម្ភខ្លាំងឲ្យឈប់សម្លាប់ប្រចៀវ ក្រោយពីសង្គ្រោះបាន ២០០ ក្បាល ដែលនឹងត្រូវបានដុតចោល ដោយជឿថា វាអាចបញ្ឈប់ការរីករាលដាលវីរុស។
សេវាកម្មជាតិដើម្បីព្រៃឈើ និងរុក្ខជាតិព្រៃ (SERFOR) បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធថា៖ «យើងមិនគួរជ្រួលច្របល់ចំពោះស្ថានភាពប្រកាសអាសន្ននេះទេ។ ប្រចៀវមិនមែនជាសត្រូវយើងទេ»។
SERFOR បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ក្រោយម្ចាស់កសិដ្ឋាននៅ Culden ភាគខាងជើងតំបន់ Cajamarca បានចាប់ដុតប្រចៀវសម្លាប់។
ទីភ្នាក់ងារបានឲ្យដឹងថា៖ «មនុស្សនាំគ្នាប្រមាញ់ប្រចៀវដោយសារពួកគេគិតថា ប្រចៀវជាសត្វចម្លងរោគ»។
សត្វប្រចៀវត្រូវបានសង្គ្រោះដោយបុគ្គលិក SERFOR និងលែងឲ្យចូលល្អាងឆ្ងាយពីភូមិ Culden។ ប្រចៀវក៏អាចផ្ដល់ប្រយោជន៍ដល់មនុស្ស ខណៈប្រចៀវ ៧០ ភាគរយ នៅក្នុងលោកជួយកម្ចាត់សត្វល្អិតភាគច្រើន ដែលបង្កគ្រោះថ្នាក់ដល់វិស័យកសិកម្ម និងសុខភាព ដូចជា មូស ដែលចម្លងរោគគ្រុនឈាម និងជំងឺផ្សេងៗ។
ចេស៊ីកា ហ្គាល់វេស ឌូរ៉ាល់ ដែលទទួលបន្ទុកបុប្ផាព្រៃ នៅ SERFOR ថា មនុស្សគួរចៀសវាងទទួលទានសត្វព្រៃ ហើយការយកសាច់សត្វព្រៃមកធ្វើជាឱកាសក៏ប្រថុយគ្រោះថ្នាក់ដែរ។
នៅតំបន់អាស៊ី ដូចជា ចិន ជាទីដែលវីរុសកូរ៉ូណាចាប់ផ្ដើមផ្ទុះដំបូង សាច់ប្រចៀវត្រូវបានចាត់ទុកជាអាហារពិសេស។ អ្នកជំនាញជឿថា សត្វប្រចៀវឆ្លងទៅសត្វពង្រូល ដែលត្រូវបានមនុស្សទទួលទាន រួចចម្លងរោគកូរ៉ូណាទៅមនុស្ស។
អ្នកវិទ្យាសាស្ដ្រជឿថា វីរុសមានប្រភពពីប្រចៀវ តែឆ្លងទៅមនុស្សតាមរយៈសត្វផ្សេងទៀត ដែលប្រហែលជាពង្រូល ដោយសាច់វាត្រូវបានប្រើជាឱសថជំនួយសុខភាព៕ AFP/HR