ក្រុង​ប៉េកាំង៖ អាផាតមិន​ប្រណីត ​២ ក្នុង​ក្រុង​ប៉េកាំង ​ដែល​ត្រូវ​បាន​រឹប​អូស​ពី​តារា​ភាពយន្ដ​ល្បី ជេកគី ចាន់ នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​សម្រាប់​តម្លៃ​ប្រមាណ ១០ ​លាន​ដុល្លារ ​ដោយ​សារ​បញ្ហា​ជម្លោះ​កម្មសិទ្ធិ​។ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​ទីភ្នាក់ងារ​ AFP ទទួល​បាន​។

តារា​វាយ​តប់​ វ័យ ​៦៦ ​ឆ្នាំ ដែល​ល្បី​ឈ្មោះ ឈិន ឡុង ជាមួយ​​​ប្រជាប្រិយភាព​ក្នុង​រឿង «​Rush Hour» និង «Police Story​» បាន​បង្ក​បញ្ហា​ចម្រូង​​ចម្រាស​ក្នុង​ឆ្នាំ ​២០១៣ នៅ​ពេល​​លោក​បាន​ចូលរួម​ក្នុង​អង្គភាព​ប្រឹក្សា​យោបល់​នយោបាយ​កំពូល​របស់​ចិន​ ខណៈ​លោក​​មាន​កំណើត​នៅ​​ក្រុង​ហុងកុង និង​​លោក​បាន​សាង​កេរ្ដិ៍​ឈ្មោះ​ល្បី​រន្ទឺ​ដល់​ក្រុង​ប៉េកាំង​។

លោក ចាន់ និង​ភរិយា ចូន លីន និង​កូន​ប្រុស ចាយស៊ី ចាន់ បាន​រស់នៅ​ក្នុង​ភូមិ​គ្រឹះ​ប្រណីត​ៗ​នេះ​តាំង​ពី ​២០០៧។ ប៉ុន្ដែ​ជម្លោះ​ផ្លូវ​ច្បាប់​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ ​២ បាន​ធ្វើ​ឲ្យ​អគារ​នេះ​ត្រូវ​បាន​រឹប​អូស​សម្រាប់​ប្រើ​ក្នុង​វិស័យ​យោធា​ រួច​ដាក់​លក់​ដេញ​ថ្លៃ​ ទោះបី​ជា​ ឈិន ឡុង បាន​ប្ដឹង​ឧទ្ធរណ៍​យ៉ាង​ណា​ក៏​ដោយ​។

ឈិន ឡុង បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Yujia Real Estate ក្នុង​ឆ្នាំ ​២០០៦ ដើម្បី​ទិញ​អាផាតមិន​ចំនួន ២​ ដែល​មាន​ផ្ទៃ​ដី​ជាង ១ ២០០ ​ម៉ែត្រ​ការ៉េ​។ នេះ​បើ​យោង​តាម​សាលក្រម​តុលាការ​ចេញ​ផ្សាយ​ក្នុង​ខែ​កក្កដា​។

យោង​តាម​ការ​ចុះ​បញ្ជី​ឈ្មោះ​លើ​អនឡាញ​ដែល​ AFP ទទួល​បាន​តម្លៃ​សម្រាប់​អាផាតមិន​ទាំង ២ ​របស់ ​ឈិន ឡុង មាន​តម្លៃ​យ៉ាង​តិច ៧១​,៩ ​លាន​យន់ (១០,៥ ​លាន​ដុល្លារ)​ ដោយ​ការ​ដេញ​ថ្លៃ​ចាប់​ផ្ដើម​នៅ​ដើម​ខែ​ក្រោយ​។

យោង​តាម​បញ្ជី​ដេញ​ថ្លៃ​បាន​ឲ្យ​ដឹងថា អចលន​ទ្រព្យ​ទាំង​នោះ​ពេល​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ជាង ១០០ ​លាន​យន់​៕ AFP/HR