ក្រុងឡូសអេនជឺលេស៖ តារាចម្រៀងប៉ុបអាមេរិក អារីយ៉ាណា ហ្គ្រេនដេស៍ (Ariana Grande) បានរៀបការជាមួយសង្សារជាភ្នាក់ងារអចលនទ្រព្យប្រណីត ដាល់តុន ហ្គូម៉េស (Dalton Gomez) នៅផ្ទះរបស់នាងក្នុងទីក្រុងឡូសអេនជឺលេស កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយអាមេរិកបានឱ្យដឹងកាលពីថ្ងៃចន្ទ។
អ្នកតំណាងឱ្យតារាចម្រៀងប៉ុបវ័យ ២៧ ឆ្នាំ បានប្រាប់ទស្សាវដ្ដី People ដែលអះអាងរបាយការណ៍ពី TMZ ថា៖ «វាគ្រាន់តែជាពិធីតូចតាច និងមានតែអ្នកជិតស្និទ្ធិប៉ុណ្ណោះ មិនដល់ ២០ នាក់ផង។ បន្ទប់រៀបចំកម្មវិធីពោរពេញដោយភាពរីករាយ និងក្ដីស្រឡាញ់។ ពួកគេទាំងពីរ ក៏ដូចជាសាច់ញាតិទាំងសងខាង លើសពីការសប្បាយ»។
កាលពីខែធ្នូ តារាចម្រៀងស្រីមានទ្រព្យសម្បត្តិតម្លៃ ១៨០ លានដុល្លារ អារីយ៉ាណា បានប្រកាសពីការភ្ជាប់ពាក្យជាមួយ លោក ហ្គូម៉េស ជាភ្នាក់ងារអចលនទ្រព្យវ័យ ២៥ ឆ្នាំ ដែលទស្សនាវដ្តី Life & Style ចុះផ្សាយថាមានទ្រព្យសម្បត្តិប្រមាណ ២០ លានដុល្លារ។
លើបណ្ដាញសង្គមអ៊ីនស្ដាក្រាម អ្នកទាំងពីរបានបង្ហោះដោយបន្ថែមទាំងរូបភាពគូស្នេហ៍ទាំងពីរ ក៏ដូចជាចិញ្ចៀនពេជ្រ និងគជ់ជាមួយសំណេរថា «ជារៀងរហូត និងនិរន្ដ»។
អ្នកទាំងពីរត្រូវបានមើលឃើញបង្ហាញភាពស្និទ្ធិស្នាលជាមួយគ្នាជាសាធារណៈក្នុងវីដេអូតន្ដ្រីមួយនៃបទ «Stuck with U» ជាចម្រៀងសប្បុរសដែលនាងថតជាមួយ ចាស្ទីន ប៊ីប៊័រ អំឡុងពេលបិទខ្ទប់នៅកាលីហ្វរនីញ៉ា និងចេញផ្សាយកាលពីដើមខែ។
អត្ថន័យបទចម្រៀងសំដៅលើគូស្នេហ៍ដែលចំណាយរួមរស់ជាមួយគ្នាអំឡុងពេលបិទខ្ទប់។ ចម្រៀងនេះបានរៀបរាប់អំពីដំណើរជីវិតស្រដៀងនឹងគូស្នេហ៍វ័យក្មេងទាំងពីរក្នុងសម័យរឹតត្បិតការធ្វើដំណើរ ដោយធ្វើឱ្យពួកគេបាក់ស្រឡាញ់គ្នា ឬក៏ខ័ណ្ឌចែកស្នេហាក៏ព្រោះតែកូវីដ។
បទពិសោធនេះហាក់ប្រែក្លាយជាភាពរីករាយនាពេលចុងបញ្ចប់ចំពោះតារាចម្រៀងប៉ុបម្ចាស់បទ «thank u next»។
ម្ចាស់ជ័យលាភី Grammy-award អារីយ៉ាណា ក៏ធ្លាប់បានភ្ជាប់ពាក្យជាមួយតារាកំប្លែង ភេត ដាវីដសុន (Pete Davidson) ក្នុងឆ្នាំ ២០១៨ ផងដែរ។
នាងក៏បានបង្កការភ្ញាក់ផ្អើលនៅក្រៅទឹកដីអាមេរិកក្នុងឆ្នាំ ២០១៧ ពេលការប្រគំតន្ដ្រីរបស់នាងបានក្លាយជាគោលដៅភេរវកម្មគ្រាប់បែកអត្ដឃាតក្នុងទីក្រុងមេនឆែស្ទើរ ប្រទេសអង់គ្លេស ដែលធ្វើឱ្យមនុស្ស ២២ នាក់ស្លាប់ និងរាប់រយនាក់រងរបួស៕ AFP/HR