ក្រុងបាងកក: ច្បាស់ណាស់ ភាពល្បីល្បាញលើឆាកអន្ដរជាតិមិនសុទ្ធតែសម្រាប់អ្នកស្ថិតក្នុងលំដាប់ជាន់ខ្ពស់ និងប្រណីតៗនោះទេ។
លោក យាយ ចាយ ហ្វៃ អាយុ ៧២ ឆ្នាំ អ្នកលក់ម្ហូបតាមចិញ្ចើមផ្លូវទើបត្រូវបានផ្ដល់ផ្កាយ Michelin ស្ដង់ដា ម្ហូបម្ហា សម្រាប់មុខម្ហូបពងចៀនអូមឡែតសាច់ក្ដាម និងមុខម្ហូបចិញ្ចើមផ្លូវដទៃទៀត ដែលលោកយាយតែងតែទទួលភ្ញៀវគគ្រិកគគ្រែងរៀងរាល់ថ្ងៃ ដោយភាគច្រើនមករង់ចាំយ៉ាងតិច ២ ម៉ោង។
ពេលលោកយាយមកបើកតូបម៉ោង ៣ រសៀល មានអតិថិជនបានមកអង្គុយរង់ចាំមុខហាង Old Town ពេញតុអស់ទៅហើយ។ លោកយាយត្រូវបន្ថែមកៅអីជ័រសម្រាប់អ្នកឈររង់ចាំរាប់ម៉ោង ហើយមនុស្សម្នាបន្ដថតរូបភាពមេចុងភៅ ចង្ក្រាន និងមុខម្ហូបក្នុងហាងដ៏តូចមួយនេះជាហូរហែរ។ វាលើសពីល្បីហើយ។
វាមានរយៈពេលតែ ២ សប្ដាហ៍តាំងពី Michelin Guide ដំបូងរបស់ក្រុង បាងកក ត្រូវបានប្រគល់ជូនលោក យាយ ចាយ ហ្វៃ នូវកម្រិតផ្កាយមួយដ៏គួរឲ្យភ្ញាក់ផ្អើល។ ប៉ុន្ដែជីវិតរបស់លោកយាយបានប្រែជោគវាសនាផ្ទុយស្រឡះ ខណៈអ្នកវិះគន់ អ្នកសរសេរប្លុក ម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវទេសចរជាច្រើននាំគ្នាមកភ្លូកទឹកភ្លូកដី។
លោកយាយបានប្រាប់ Bangkok Post ថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំបានផ្ដល់សេវាកម្មលំដាប់ផ្កាយនេះតាំងពីយូរហើយ»។
មន្ដ្រីពន្ធដារក៏បានមកដល់ហាងរបស់លោកយាយដែរ។ ក្រុមមន្ដ្រីនាយកដ្ឋានពន្ធដា បានមកសួរនាំថា តើលោកយាយបានធ្វើអ្វី និងរកចំណូលបានប៉ុន្មាន?។
លោកយាយនិយាយថា លោកយាយពុះពារចំពោះមុខជំនួញមួយនេះទាំងត្រដាបត្រដួសអស់រយៈពេលជាច្រើនឆ្នាំ ទោះភ្ញៀវទាំងអស់ឯកភាពថា ម្ហូបរបស់លោកយាយឆ្ងាញ់ប៉ុនណាក៏ដោយ ហើយជនជាតិ ថៃ ភាគតិចណាស់ដែលមិនចង់ចំណាយប្រាក់ ៨០០ បាត (២៤ ដុល្លារចំពោះមុខម្ហូបមួយចានក្នុងភោជនីយដ្ឋានដ៏តូច និងសាមញ្ញដែលត្រូវបានចាត់ទុកជាម្ហូបចញ្ចើមផ្លូវនោះ។
មូលហេតុដែលធ្វើឲ្យម្ហូប លោកយាយមានតម្លៃខ្ពស់គឺបរិមាណនៃគ្រឿងផ្សំគុណភាពខ្ពស់ច្រើន ដូចជា ពងចៀនអូមឡែតសាច់ក្ដាម ដែលប្រើសាច់ក្ដាមសុទ្ធៗ។ ចំពោះអ្នកមិនដៃទូលាយ មីឆាគ្រឿងសមុទ្ររបស់លោកយាយ និងមុខម្ហូបផ្សេងៗមានតម្លៃត្រឹម ៤០០ បាត (១២ ដុល្លារប៉ុណ្ណោះ)៕ HR