ក្រុង​គីតូ៖ ខណៈ​ពលរដ្ឋ​អេក្វាទ័រ​ជា​ច្រើន​ត្រូវ​នៅ​តែ​ផ្ទះ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណា ក្រុម​អ្នក​វិទ្យាសាស្ដ្រ​​​ចាកចេញ​ពី​​ប្រជុំ​កោះ ហ្គាឡា​ប៉ាហ្គូស ដែល​ជាប់​គាំង​​​សកម្មភាព​ស្រាវជ្រាវ​​ រួម​ទាំង​វិស័យ​ទេសចរណ៍​លើ​ដែន​កោះ​ប៉ាស៊ីហ្វិក​នេះ​ដាំ​​ក្បាល​ចុះ​ផង​ដែរ​។

អាជ្ញាធរ​មាន​ក្ដី​សង្ឃឹម​ចំពោះ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់ ដែល​ជា​​ស្នូល​នៃ​សេដ្ឋកិច្ច​ជាតិ នៅ​ពេល​ទេសចរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះ​មក​ជា​ថ្មី​ចាប់​ពី​ថ្ងៃទី ១ ខែ​កក្កដា ​ខាង​មុខ​។

អាជ្ញាធរ​មូលដ្ឋាន​​​និយាយ​ថា ពួក​គេ​​លួច​ចម្លង​ស្ទីល​ពី​អ្នក​​ធម្មជាតិ​និយម​​​អង់គ្លេស​ លោក ឆាលស៍ ដាវីន និង​កែ​សម្រួល​​ឲ្យ​មាន​ភាព​ទាក់​ទាញ​។

លោក ដាវីន ផ្ដោត​សំខាន់​លើ​ទ្រឹស្ដី​វិវឌ្ឍ​និយម​ចំពោះ​ការ​សិក្សា​ពី​ជីវិត​រុក្ខជាតិ​​ដ៏​ល្អ​ឯក​ប្រចាំ​កោះ​។ ប៉ុន្ដែ​អ្នក​ស្រាវជ្រាវ ​១ ​ក្រុម​ដែល​ដើរ​តាម​​លំនាំ​លោក ត្រូវ​ចាក​ចេញ​មុន​ពេល​បិទ​​ជើង​ហោះ​ហើរ។

ដាយអេហ្គោ ឃ្វីរ៉ូហ្គា មក​ពី​សាកលវិទ្យាល័យ​ San Francisco ក្រុង​គីតូ ​​ប្រាប់ AFP ថា៖ «​ត្រូវ​តែ​បញ្ឈប់​រាល់​កិច្ចការ​វិទ្យា​សាស្ដ្រ​ទាំង​ឡាយ​នៅ​លើ​ដែន​កោះ​ ហ្គាឡា​ប៉ាហ្គូស​​»។

​អនុរក្សសួនសត្វ​មើលថែអណ្ដើកយក្សលើកោះហ្គាឡាប៉ាហ្គូស។ AFP

អេក្វាទ័រ ​​មាន​ប្រជាជន ១៧ លាន​នាក់ មាន​អ្នក​​ឆ្លង​វីរុស​កូរ៉ូណា​ជាង ៤ ម៉ឺន​នាក់​ និង​ស្លាប់ ៣ ៥០០ នាក់​។ ដែន​កោះ​ ហ្គាឡា​ប៉ាហ្គូស ជាដែន​ដី​រង​ផល​ប៉ះពាល់​តិច​តួច​បំផុត​ ដោយ​មាន​ពលរដ្ឋ​តិច​ជាង ៨០ នាក់​ឆ្លង​មេរោគ​​​ចំណោម​ប្រជាជន ៣ ម៉ឺន​នាក់​។

ប្រធាន​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ​ហ្គាឡាប៉ាហ្គូស លោក កាឡូស មេណា បាន​និយាយ​ថា លោក​មិន​ជឿ​ថា «​មូលនិធិ​​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ត្រូវ​បាន​កាត់​​បន្ថយ​នោះ​ទេ​ តែ​ច្បាស់​ណាស់ វា​ត្រូវ​បាន​យក​ទៅ​ប្រើ​លើ​វិស័យ​ផ្សេង​ ដូចជា​ការ​ស្ដារ​សេដ្ឋកិច្ច ឬ​ការ​សិក្សា​អំពី​ជំងឺ និង​ជំងឺ​ឆ្លង​នានា​»។

លោក មេណា ​​និយាយ​ថា វា​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាត​បង់​​រាប់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ​២០២០​ នេះ​។ លោក​​បន្ដ​ថា​៖ «វិទ្យាសាស្ដ្រ​​បង្កើត​ចំណូល​។ វា​មិន​ធំ​ដូច​វិស័យ​ទេសចរណ៍​ទេ តែ​ក៏​ជា​ចំណូល​ដែរ​»។

​ទិដ្ឋភាពដែន​កោះ​សម្បូរ​​​ដោយ​ជីវចម្រុះ​ដែលអន្ទងចិត្ដទេសចរ។ AFP

អំឡុង​ពេល​រឹត​ត្បិត​ដោយសារ​​កូវីដ​ចន្លោះ​ខែ​មីនា​ដល់​ខែ​ឧសភា កោះ​ហ្គាឡាប៉ាហ្គូស ដែល​មាន​ភ្ញៀវ​ជាង ២៧ ម៉ឺន​នាក់ ​កាល​ពី​ឆ្នាំ​មុន បាន​ខាតបង់​ប្រាក់​លើ​វិស័យ​ទេសចរណ៍​ ២០០ លាន​ដុល្លារ​។ ​

នាយក​ឧទ្យាន​លោក អេនត្រេស អូដូណេស បាន​និយាយ​ថា​៖ «​ចំណូល​គឺ​សូន្យ​។ អត់​មាន​ភ្ញៀវ​​​ អត់​មាន​ចំណូល​លក់​សំបុត្រ ​​សេដ្ឋកិច្ច​ដាំ​ក្បាល​»។

លោក​ថា​៖ «​កោះ​ហ្គាឡាប៉ាហ្គូស តែងតែ​ត្រូវ​បាន​ចាត់​ទុក​ជា​មន្ទីរ​ពិសោធន៍​សិក្សា​អំពី​ការ​វិវឌ្ឍ​នៃ​ពូជ​អម្បូរ​នានា​​សម្រាប់​ការ​កសាង​វិស័យ​ទេសចរណ៍ ឬ​ជា​គំរូ​​​ក្នុង​សង្គម​​»៕ AFP/HR