ភ្នំពេញៈ ខណៈមហាជនហាក់ដូចមិនសូវឃើញបទថ្មីតារាចម្រៀងស្រីអូរីជីណល អេដា ក្រោយពីបានផ្លែផ្កាខ្លាំងក្នុងអាជីពឆ្នាំងបាយចាស់នៅលើវិថីសិល្បៈចម្រៀងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
ស្រាប់តែមានបទថ្មីចំណងជើងថា «ជាអ្វីនឹងគ្នា» របស់តារាចម្រៀងស្រីរូបនេះ ចេញមកបំពេអារម្មណ៍ប្រិយមិត្តមុនថ្ងៃប្រារព្ធទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ ២០២០ ដែលបង្កើតការចាប់អារម្មណ៍សាជាថ្មី។
នាមួយរយៈពេលចុងក្រោយនេះតារាចម្រៀងស្រីអូរីជីណល អេដា មានរាសីឡើងស្រឺតៗ ខណៈនាងទើបតែក្តាប់តំណែងជាគណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធី «The Melody» នៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន និងជាតំណាងទូតសុច្ឆន្ទៈអង្គការស្ទែម របស់ម្ចាស់ចិត្តជាកូនកាត់ ៣ សាសន៍លោក អេលែន តាន់ ជាស្ថាបនិកអង្គការស្ទែមប្រចាំកម្ពុជា ព្រមទាំងបានទទួលលិខិតសរសើរពីក្រុមហ៊ុន Youtube ជាប្រភេទ Silver Creator Award ផងដែរ។
តារាចម្រៀងស្រីដែលត្រឡប់មកកាន់វិស័យសិល្បៈវិញ បន្ទាប់ពីបានបាត់មុខមួយរយៈធំ និងបាននាំបទចម្រៀងអូរីជីណលថ្មីៗមួយចំនួនដែលស្រូបអ្នកគាំទ្រយ៉ាងច្រើនរួមមានបទ «ទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «ពីរនាក់បានហើយ» របស់តារាស្រីឈ្មោះពិតថា ក្រូច ចរិយា ហៅ អេដា តែក្នុងពេលជិត ២ ឆ្នាំសោះបង្ហោះតាម Channel ខ្លួនទៅ Youtube ក៏ទទួលបានលិខិតសរសើរពីក្រុមហ៊ុននេះ ចំពោះសមិទ្ធផលមានអ្នកចូល Subscribe ប្រមាណជាង ១០០ ០០០ (១០០K) ឯណោះ។
ដោយឡែកបទថ្មី «ជាអ្វីនឹងគ្នា» មិនមែនជាការតែងនិពន្ធច្រៀង និងទំនុកភ្លេងរបស់តារាចម្រៀងស្រីអូរីជីណលចេះទាំងលេងហ្គីតា និងចេះនិពន្ធបទចម្រៀងខ្លួនឯង អេដា ឡើយ ដោយសារតែភាពមមាញឹកច្រើនមុខរបស់នាងទាំងការងារសិល្បៈ និងការបើកអាជីវកម្មក្រៅសិល្បៈទើបគ្មានពេលតែងខ្លួនឯង គឺនាងបានសុំទិញសិទ្ធិដូរទំនុកច្រៀងស្រីពីបទរបស់តារាចម្រៀងប្រុសអូរីជីណលលោក ថេណា។
អេដា បានបញ្ជាក់ថា៖ «បទនេះនាងខ្ញុំបានទទួលការទិញសិទ្ធិពីលោក ថេណា ដោយក្រុមគាត់ជាអ្នកនិពន្ធទាំងទំនុកច្រៀង និងភ្លេងមួយកំប្លេ។ ដោយសារបទនេះកាលជាទំនុកច្រៀងប្រុស ខ្ញុំស្តាប់ទាក់ទាញចំណាប់អារម្មណ៍នោះ ក៏ប្រាប់ឲ្យលោក ថេណា សម្រួលមកជាបទស្រីមួយទៀតទៅ។ យ៉ាងណាការចេញបទថ្មីនេះ នាងខ្ញុំមិនបានរំពឹងថានឹងមានការផ្ទុះនូវការគាំទ្រឡើយ ដោយសារបច្ចុប្បន្នយើងសម្បូរធនធានអ្នកសិល្បៈល្អៗច្រើន ដូច្នេះគ្រាន់តែឆ្លៀតចេញបទថ្មី ដើម្បីកុំឲ្យគេថាគ្មានបទថ្មី»៕