ភ្នំពេញ: ពីកាយវិការមមាញឹកតែនឹងជំនួញលក់សម្លៀកបំពាក់តាមអនឡាញ ស្រីស្រស់ អែន ជី ឈ្មោះជាតារាចម្រៀងនៅទ្រនំសាន់ដេ ពេលនេះបានបង្ហើបថា៖ «ខ្ញុំមានគូជីវិតហើយ ហើយក៏ត្រៀមនឹងបញ្ចប់ឈ្មោះជាគូដណ្តឹងនៅក្នុងអំឡុងខែឧសភា ខាងមុខឆាប់ៗនេះហើយ»។
ការបង្ហើបរបស់តារាចម្រៀង ដែលមិនសូវចេញចូលបន្ទប់ថតសំឡេងរបស់សាន់ដេ តែក៏នៅអះអាងថា រូបនាងនៅតែជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ហើយក៏មិនអើពើនឹងការច្រៀងរាំតាមឆាកតន្ដ្រី របស់កញ្ញា គង់ សុកញ្ញា ហៅ អែន ជី នេះក៏ស្របពេលដែលតារាល្បីៗជាច្រើនកំពុងតែប្រជែងគ្នាសម្រុកកើបលុយនៅរដូវប្រាំងនេះ។
ជាមួយនឹងដំណឹងនេះដែរក៏មានមតិជាច្រើននាំគ្នាជជែកថា កញ្ញា អែន ជី ត្រូវគូដណ្ដឹងហួងហែង និងខ្លះទៀតថា នាងលែងចង់ល្បីពីអាជីពសិល្បៈទៀតហើយ ព្រោះតែពេលនេះកំពុងតែបន្ទុំស្បែកត្រៀមចូលរោងការនៅក្រោយចូលឆ្នាំខ្មែរនេះហើយ។
ក្នុងជំនួបជាមួយអ្នកកាសែត តារាចម្រៀង អែន ជី នៅតែអះអាងក្នុងភាពម៉ឺងម៉ាត់ថា៖ «ពេលនេះខ្ញុំនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេ»។
ក្នុងជំនួបនោះ តារាចម្រៀង ដែលមិនសូវខ្វល់ខ្វាយចេញបទចម្រៀងប្រកួតប្រជែងទីផ្សារ ក្រៅតែពីខំមិនគិតយប់ថ្ងៃផ្សាយវីដេអូលក់ផលិតផល និងសម្លៀកបំពាក់នៅក្នុងបណ្តាញសង្គម កញ្ញា អែនជី បានប្រាប់ថា៖ «គ្រាន់តែថា ពេលណាមានបទចម្រៀង ទើបទៅថត ហើយទោះជាបាត់មុខមួយរយៈមែន តែមានបណ្ដាទូរទស្សន៍ផ្សេងៗហៅខ្ញុំច្រៀង អ៊ីចឹងគ្រាន់តែខ្ញុំមិនមានបទថ្មី ចឹងក៏មិនទាន់ទទួល»។
ដោយឡែកចំពោះដំណឹងថា នាងនឹងចូលរោងការនៅខែឧសភា ឆ្នាំ ២០១៨ នេះ អែន ជី ក៏ទទួលស្គាល់ថាពិតដែរ។
បន្ថែមពីសម្តីដែលសាទរថ្ងៃដ៏ពិសិដ្ឋពិតជាស្ថិតក្នុងគម្រោងជីវិតនោះ នាងក៏បានអះអាងទៀតថា៖ «ប្រសិនបើគ្មានអ្វីត្រូវផ្លាស់ប្ដូរទេនោះ ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងគូដណ្តឹងនៅខែឧសភា ក្រោយឱកាសចូលឆ្នាំខ្មែរនោះក៏នឹងប្រព្រឹត្តតាមគម្រោងហើយ»។
កញ្ញា អែនជី ម្ចាស់បទ «កំដរបងត្រឹមជាតិនេះ» រវល់ការរកស៊ីលក់សម្លៀកបំពាក់ច្រើនជាងបទចម្រៀងហើយជារៀងរាល់ខែនាង និងគូដណ្ដឹងតែងតែទៅយកអីវ៉ាន់នៅប្រទេសថៃ និងកូរ៉េផងដែរដើម្បីផ្គត់ផ្គង់ហាងផ្ទាល់ខ្លួន ហើយនាងបញ្ជាក់ថា ពេលទំនិញមកដល់នាង Live លក់ភ្លាមៗតែម្ដង។
តារាចម្រៀង អែន ជី ក៏បានបញ្ជាក់ថា ៖ «គិតថា ទោះរវល់យ៉ាងណា ក៏ត្រូវគិតពីពិធីរៀបអាពាហ៍ពិពាហ៍នេះដែរ។ សព្វថ្ងៃបងប្អូនប្រាកដជាដឹងថា ខ្ញុំមមាញឹកប៉ុនណា មិនថាយប់ថ្ងៃ ខ្ញុំលក់ផលិតផលតាមអនឡាញ ខ្ញុំនៅតែបម្រើអតិថិជន ហើយពេលនេះខ្ញុំ និងគូដណ្តឹងក៏ចុះឡើងក្រៅប្រទេសញឹកញាប់ដែរ ដើម្បីយកផលិតផលមកលក់»។
ប៉ុន្តែ ទោះបីជាយ៉ាងណា អែន ជី ក៏នៅមិនទាន់បង្ហាញពីទីតាំង ដែលនាង និងគូដណ្តឹងរបស់នាងរៀបចំទទួលភ្ញៀវសាទរថ្ងៃពិសេសនោះដែរ ដោយនាងថា ៖ «ការអញ្ជើញភ្ញៀវក៏យើងមិនទាន់កំណត់ថា អញ្ជើញប៉ុន្មានដែរ ហើយទីតាំងក៏ដូចគ្នា ព្រោះពេលនេះកំពុងគិត និងពិភាក្សាគ្នាអំពីរឿងនេះ»៕