ក្រុង​ញូវយ៉ក៖ នៅ​ពី​ក្រោម​ផ្ទាំង​ប៉ាណូ​ និង​អគារ​ខ្ពស់ៗ​ដ៏​ភ្លើង​ចិញ្ចាច​នានា អ្នកស្រី ម៉ារៀ បេហ្គា ដើរ​កាត់​ហ្វូង​មហាជន​ក្នុង​អារម្មណ៍​សែន​រំភើប​នៅ Times Square ដោយ​គ្រង​ឈុត​ព្រះ​នាង អានណា ក្នុង​​គំនូរ​ជីវចល​ Disney រឿង Frozen។

ស្ដ្រី​ប៉េរូ អាយុ ៣២ ឆ្នាំ ស្ថិត​ក្នុង​ចំណោម​បុគ្គល​តិច​តួច​ ភាគ​ច្រើន​មក​ពី​អាមេរិក​ឡាទីន ព្យាយាម​ស្វែង​រក​ចំណូល​កាក់​ល្អិត​ពី​ការ​ស្លៀក​សម្លៀក​បំពាក់​ជា​តួអង្គ​ក្នុង​ភាពយន្ដ​នៅ​ទីប្រជុំ​ជន​សំខាន់​នៃ​ក្រុង​ញូវយ៉ក​។

គ្រង​ឈុត​ជា​ Elmo ក្នុង​ភាពយន្ដ Sesame Street និង​Cookie Monster ព្រម​ទាំង​កំពូល​វីរបុរស​ ដូចជា Batman និង​ Hulk ពួក​គេ​ថតរូប​ជាមួយ​ភ្ញៀវ​ទេសចរ​ជា​ថ្នូរ​នឹង​ប្រាក់​ធីប​ ហើយ​នៅ​មាន​ស្ដ្រី​រំលេច​ថ្នាំ​ពណ៌​សិល្បៈ​លើ​រាង​កាយ​អាក្រាត​ល្វែង​លើ និង​តួ​ខូវប៊យ​លេង​ហ្គីតា​អាក្រាត​ពាក់​កណ្ដាល​ផង​ដែរ​។

សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ច្រើន ​តួអង្គ​តំណាង​ក្នុង​ភាពយន្ដ​ល្បីៗ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ដ​ពេញ​និយម​ តែ​ចំពោះ​អ្នក​ក្រុង​ញូវយ៉ក​មួយ​ចំនួន​ ពួក​គេ​ចាត់​ទុក​ពន្លឺ​ភ្លើង​ពណ៌​ជា​អ្វី​ដែល​មិន​គួរ​នៅ​បៀត​។

តួអង្គ​ភាពយន្ដ​ទាំង​នោះ​បាន​ក្លាយ​ជា​ប្រធានបទ​តវ៉ា​ជា​ហូរ​ហែ​។ ពលរដ្ឋ​ក្នុង​រដ្ឋ​​ឃេនទួគី ដេវ ឌុក ដែល​បាន​ថតរូប​ភរិយា​ជាមួយ​តួអង្គ​តំណាង​រូប​សំណាក​សេរីភាព​ បាន​និយាយ​ថា​៖ «​ខ្លះ​មាន​អាកប្បកិរិយា​ច្រឡើស​បើស តែ​ភាគ​ច្រើន​ពួក​គេ​សុទ្ធ​តែ​ល្អ​ៗ​»។

ប៉ុន្ដែ​សម្រាប់​អ្នកស្រី បេហ្គា ​ស្ថានភាព​ជីវិត​ពិត​កាន់​តែ​យ៉ាប់​ថែម​ទៀត។ អ្នកស្រី​និយាយ​ថា ជួន​កាល​រក​ប្រាក់ ​១ ថ្ងៃ​បាន​តែ ២០ ដុល្លារ​​។

មនុស្ស​រហូត​ដល់ ៤៥ ម៉ឺន​នាក់ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ដើរ​ឆ្លង​កាត់​វិថី​ប្រសព្វ Times Square រៀង​រាល់​ថ្ងៃ តែ​​អ្នកស្រី បេហ្គា បាន​និយាយ​​​ថា៖ «​​ខ្ញុំ​មិន​ដឹង​ថា យើង​អាច​បន្ដ​ដល់​ពេល​ណា​ឡើយ​»៕ AFP/HR