ក្រុង​វីយេន៖ នៅ​ក្នុង​ស្ដង់​​​​សម្ដែង​សកម្មភាព​​សិច​មួយ​ក្នុង​ទីក្រុង​វីយែន បរិក្ខារ ១ ឈុត​រក្សា​នៅ​ដដែល​​ ចាប់​ពី​កញ្ចក់ និង​កម្រាល​ក្រហម​រហូត​ដល់​​ពន្លឺ​ភ្លើង​ស្រទន់ តែ​កូរ៉ូណា​បាន​ប្រហារ​ទម្លាប់​ចាស់​អស់​រលីង​។

អ្នក​សិល្បៈ​ដែល​​ធុញ​ទ្រាន់​នឹង​ការ​សម្ដែង​តាម​អ៊ីនធឺណិត​បាន​ចាប់​យក​វិធី​ថ្មី និង​អាច​ច្រៀង​ផ្សាយ​ផ្ទាល់​ខ្លី​ៗ ដោយ​មហាជន​គ្រាន់​តែ​ចាយ​​ប្រាក់​ទស្សនា​តន្ដ្រី​មួយ​ភ្លែត​​។

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន មនុស្ស​ប្រមាណ ១៥០ នាក់ នាំ​គ្នា​ក្រេប​ស្រាបៀរ ខណៈ​រង់ចាំ​វេន​ដើរ​តាម​សាល​បិទ​រូបភាព​​នារី​​​អាក្រាត​​ពត់​ពេន​កាយវិការ​​​។

លោក ស្ដេហ្វាន ស្ដ្រាហាមម័រ ជា​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​បាន​និយាយ​ថា៖ «​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​​បាន​​ឃើញ​​ប្រតិកម្ម​វិជ្ជមាន​របស់​អ្នក​សិល្បៈ និង​មហាជន​។ ពេល​យើង​អ៊ីមែល​ទៅ​ម្ចាស់​កម្មវិធី​​​ Peepshow គាត់​បាន​ស្វាគមន៍​ និង​គាំទ្រ​ឲ្យ​យើង​ប្រើ​វេទិកា​របស់​គាត់​ដោយ​ឥត​គិត​ថ្លៃ​»។

មាន​មនុស្ស​តែ ១៧ នាក់ ​ត្រូវ​បាន​ឲ្យ​ចូល​ម្ដង​ ស្រប​តាម​គោល​ការណ៍​សុវត្ថិភាព ហើយ​ពួក​គេ​ចំណាយ​ពេល ១៥ នាទី​ ដែល​គ្រប់​គ្រាន់​សម្រាប់​ការ​ស្ដាប់​ចម្រៀង​ពី ៣ ទៅ ៤ បទ​។

អ្នកស្រី អាណេលីស សៃល៍ អាយុ​ខ្ទង់ ៤០ ឆ្នាំ ​​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា វា​រាង​ចម្លែក​បន្ដិច​ចំពោះ​ការ​សម្ដែង​បែប Peepshow នេះ​ ពី​ព្រោះ​ខ្ញុំ​អត់​ធ្លាប់​ស្គាល់​​កម្មវិធី​នេះ​សោះ​។ ជា​លើក​ដំបូង​ វា​ជា​គម្រោង​ដ៏​ល្អ​សម្រាប់​អ្នក​រក​​ស៊ី​ផ្លូវ​ភេទ​ ដែល​រង់​ចាំ​ជំនួយ​»។

អ្នក​ចម្រៀង វូឌូ ជូហ្គេនស៍ ​​​​បាន​ផ្ដល់​​ចំណូល ២០ ភាគរយ ​​ឧបត្ថម្ភ​ដល់​នារី​រកស៊ី​ផ្លូវ​។

សិច​​ជា​របរ​ស្រប​ច្បាប់​នៅ​អូទ្រីស តែ​​ផ្ទះ​បន​ជា​ច្រើន​ក្នុង​ទីក្រុង​បាន​បិទ​ទ្វារ ​ដើម្បី​ទប់​ស្កាត់​​កូវីដ​ ១៩​៕ AFP/HR