ភ្នំពេញ៖ គ្រឿងអលង្ការច្នៃពីសម្បកគ្រាប់កាំភ្លើងត្រូវបានលក់នៅសហគ្រាសសង្គម អាំម៉ូ (Ammo) ដែលមានស្ត្រីជនជាតិអង់គ្លេស ម៉េតដែលីន ហ្គ្រីន (Madeline Green) ជាស្ថាបនិកតាមរយៈការបំផុសគំនិតពីប្រវត្តិសាស្ត្រការច្នៃគ្រាប់កាំភ្លើងរបស់ខ្មែរ។ អ្នកស្រីបានបើកបណ្ដុះបណ្ដាលសិប្បករនៅសៀមរាប និងជំរុញឱ្យពួកគេបើកអាជីវកម្មខ្លួនឯងផងដែរ។
អ្នកស្រី ម៉េតដែលីន បានរំឭកប្រាប់ថា តាមពិតដើមឡើយប្រជាជនខ្មែរជាអ្នកផ្ដើមយកគ្រឿងយុទ្ធភណ្ឌមកច្នៃចេញជាឧបករណ៍ធ្វើស្រែចម្ការដូចជា ត្រដោក ខ្វាវ ដែលសេសសល់ពាសវាលពាសកាលក្រោយភ្លើងសង្គ្រាម។
ក្រោយមក ស្ត្រីម្នាក់ធ្វើការនៅជំរំជនភៀសខ្លួន និងមានជំនាញច្នៃគ្រឿងអលង្ការ បានមើលឃើញពីតម្លៃគ្រឿងអលង្ការច្នៃពីគ្រាប់កាំភ្លើង រហូតដល់មានមានការរៀនតៗគ្នា។
ដើមចមដែលអ្នកស្រីមកនៅកម្ពុជារយៈពេលជាង ៨ ឆ្នាំហើយ ក្លាយជាអ្នកច្នៃម៉ូដ ត្រូវបាន ម៉េតដែលីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថា៖ «ដំបូងខ្ញុំមកកម្ពុជាគ្រាន់តែជាភ្ញៀវទេសចរម្នាក់។ ខ្ញុំបានបោះបង់អាជីពជាអ្នកច្នៃគ្រឿងអលង្ការ ដែលខ្ញុំធ្វើជាច្រើនឆ្នាំនៅអង់គ្លេស ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនមានគំនិតច្នៃប្រឌិត»។
អ្នកច្នៃម៉ូដធ្លាប់បោះបង់ជំនាញចោលរូបនេះបានបន្តថា៖ «តែពេលមកដល់ទីនេះ (កម្ពុជា) អ្វីៗស្រាប់តែត្រឡប់មកវិញ។ ខ្ញុំទទួលបានអារម្មណ៍ដូចជាផ្នែកមួយនៃសហគមន៍។ ឃើញអ្នកនៅទីនេះតែងតែបើកចិត្តក្នុងការសាកល្បងអ្វីដែលថ្មីជាកម្លាំងចិត្តជំរុញឱ្យខ្ញុំធ្វើអ្វីដែលថ្មី»។
អាំម៉ូ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៤-២០១៥ ក្នុងបំណងបណ្តុះបណ្តាលជំនាញផលិតគ្រឿងអលង្ការដល់ស្ត្រី និងបុរសដែលជួបការលំបាក ឬមានពិការភាពនៅខេត្តសៀមរាប ដើម្បីឱ្យពួកគេបង្កើតមុខរបរផ្ទាល់ខ្លួនបន្ទាប់ពីរៀនចេះ។
ប៉ុន្តែពេលអ្នកស្រីបានត្រឡប់ទៅប្រទេសកំណើតកាលពីឆ្នាំ ២០២០ ចំពេលជំងឺកូវីដផ្ដើមរាតត្បាតពិភពលោក សកម្មភាពអាជីវកម្មអលង្ការច្នៃពីគ្រាប់កាំភ្លើងភាគច្រើន ដំណើរការលើអនឡាញ ជាមួយគោលដៅផ្ដោតសំខាន់ទៅលើការលើកកម្ពស់ស្ត្រី។
ជាក់ស្ដែងកញ្ញា ថន ចន្ទ្រា បានផ្ដើមអាជីពច្នៃម៉ូដ ក្រោយពីបានបម្រើការជាអ្នកលក់ឱ្យ អាំម៉ូ។ កញ្ញាក៏បានទទួលការបង្រៀនរហូតដល់មានជំនាញបើកអាជីវកម្មខ្លួនឯងបន្ថែមពីលើតំណែងអ្នកគ្រប់គ្រងនៅ អាំម៉ូ។
កញ្ញាបានប្រាប់ថា៖ «ដំបូងខ្ញុំគ្រាន់តែជាអ្នកជួយលក់អីវ៉ាន់ឱ្យគាត់ តាមកម្មវិធីនានា និងតាមសណ្ឋាគារ។ ក្រោយមកៗបានការបណ្ដុះបណ្ដាលពី ម៉េតដែលីន ហើយគួបផ្សំខ្ញុំចូលចិត្តឌីហ្សាញគូររូបគ្រឿងអលង្ការស្រាប់ដែរ ខ្ញុំក៏សាកល្បងឌីហ្សាញម៉ូដដោយខ្លួនឯងកាលពីចុងឆ្នាំ ២០២០ ដោយមានប្អូនប្រុសដែលធ្វើជាជាងទងនៅ អាំម៉ូ ជាមួយគ្នាជាអ្នកធ្វើឱ្យ»។
បុគ្គលិកលក់វិវឌ្ឍខ្លួនជាអ្នកច្នៃម៉ូដអលង្ការពីសម្បកគ្រាប់កាំភ្លើងរូបនេះបានបន្តទៀតថា៖ «ម៉េតដែលីន និងខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលខ្ញុំចូលរួមការតាំងពិព័រណ៍ផលិតផលសៀមរាបនៅភ្នំពេញរយៈពេល ៣ ថ្ងៃ កាលពីចុងខែមករា ឆ្នាំនេះ។ អតិថិជនសរសើរថា ជាម៉ូដប្លែកស្អាតហើយខ្ញុំលក់បានជាង ១ ពាន់ដុល្លារជាមួយ និងអីវ៉ាន់ អាំម៉ូ តែរបស់ខ្ញុំលក់បានច្រើនជាងទៅទៀត»។
គ្រឿងអលង្ការរបស់ ចន្ទ្រា ដែលកញ្ញាឱ្យឈ្មោះថា «ច័ន្ទអលង្ការ» រួមមានទាំងចិញ្ចៀន ខ្សែក កងដៃ និងក្រវិល។ អលង្ការភាគច្រើនរំលេចរាងធរណីមាត្រ និងរាងបន្ទាត់ត្រង់ៗដែលត្រូវបានធ្វើឡើងពីស្ពាន់ និងសរសៃស្ពាន់ស្រោបមាស មានសភាពភ្លឺចាំងបន្ថែមលើទម្រង់ដ៏ស្អាតប្លែកភ្នែក។
ថ្មីៗនេះ អាំម៉ូ និង ចន្ទ្រា ទើបតែទទួលរង្វាន់ពីអង្គការ Nomi Network ចំនួន ៣ ពាន់ដុល្លារ ក្រោយពីកញ្ញាបានស្នើផែនការការងារនៅក្នុងកម្មវិធីគាំទ្រស្ត្រី ដែលមានគំនិតច្នៃប្រឌិត និងចាប់ផ្ដើមអាជីវកម្មខ្លួនឯង។
កញ្ញាវ័យ ៣០ ឆ្នាំរូបនេះប្រាប់ថា៖ «មូលនិធិនេះនឹងត្រូវបានប្រើក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដែលខ្ញុំនឹងធ្វើការបណ្ដុះបណ្ដាល សហគ្រិនស្ត្រី ៥ នាក់ផ្សេងទៀត និងសម្រាប់ការទិញកុំព្យូទ័របង្រៀនពីឌីជីថល ដើម្បីជួយសមាជិកក្រុមបើកដំណើរការលក់គ្រឿងអលង្ការតាមអនឡាញ»។
ប្រៀបដូចជាម្ដាយមានមោទនភាពលើកូន អ្នកស្រី ម៉េតដែលីន បានបង្ហាញពីអារម្មណ៍ដែលឃើញ ចន្ទ្រា មានជំហរបើកអាជីវកម្មដោយខ្លួនឯងថា៖ «ស្ត្រីដូចជា ចន្ទ្រា មានភាពច្នៃប្រឌិតខ្លាំង ជាធនធានដ៏ល្អ និងមានប្តេជ្ញាចិត្តខ្ពស់។ ទាំងនេះ គឺជាគុណសម្បត្តិដែលអាចជួយប្រទេសកម្ពុជាឱ្យរួចផុតពីស្ថានភាពលំបាកនៃជំងឺ និងជាគំរូដល់ស្ត្រីដទៃទៀត»។
អលង្ការ អាំម៉ូ និង ច័ន្ទអលង្ការ មានចាប់ពី ១៨ ដុល្លារ អាស្រ័យលើលោហធាតុ មាស ស្ពាន់ ឬក៏ថ្ម។ ទំព័រហ្វេសប៊ុក @ammojewellery និង @chanalanka៕