ភ្នំពេញ៖ អំឡុង​ពេល​នៅ​ផ្ទះ​​ខកខាន​ទម្លាប់​​​​ចេញ​ទៅ​ណា​មក​ណា​ញឹកញាប់​​​ មនុស្ស​ម្នា​​ច្បាស់​ជា​មាន​អារម្មណ៍​ថា ​អផ្សុក​ តានតឹង​ និង​ស្ត្រេស​។

អ្នក​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ​​បាន​ណែនាំ​​វិធីសាស្ត្រ​ស្វែងរក​សកម្មភាព​កម្សាន្ត​​នៅ​ផ្ទះ​ដូចជា​ការ​ដាំដុះ​បង្កើត​ភាព​ស្រស់​បំព្រង​ជុំវិញ​គេហដ្ឋាន។

សម្រាប់​ការ​​រៀបចំ​សួន​បន្លែ​​នៅ​ផ្ទះ ​​អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម​ លោក​ ចាង​ ប៉េងណាំ​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​​កសិកម្ម​​ធម្មជាតិ​កម្ពុជា​ បាន​ណែនាំ​​វិធី​ដាំ​ដំណាំ​ងាយៗ​ ដើម្បី​ជា​ការ​កម្សាន្ត​ និង​បំបាត់​អារម្មណ៍​អផ្សុក​នាពេល​សម្រាក​នៅ​ផ្ទះ​។

លោក​​ឲ្យ​ដឹង​ថា៖ «បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​​អាច​​ដាំ​ដំណាំ​ ឬ​បន្លែ​បង្ការ​គ្រប់​ប្រភេទ​តាម​វិធី​ងាយៗ​ ដើម្បី​បង្កើន​​សោភណភាព​នៅ​កន្លែង​រស់នៅ​ កាត់​បន្ថយ​ការ​ចេញ​ទៅ​ខាង​ក្រៅ​ទិញ​បន្លែ​ កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ និង​បង្កើន​បរិយា​កាស​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ផ្ទះ ​ហើយ​ការ​ដាំដុះ​នេះ​ទៀត​សោត​ ក៏​ជួយ​ផ្តល់​កម្រៃ​មួយ​ផ្នែក​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​ ដែល​បងប្អូន​​ខ្មែរ​ មិន​គួរ​មើល​រំលង​»។

លោកណែនាំ​ឲ្យ​ដាំដំណាំ​ក្នុង​របស់ប្រើ​រួច ដើម្បី​កាត់បន្ថយ​សំរាម​​​។ រូបថត សហ​ការី

អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម​រូប​នេះ​​​លើក​ឧទាហរណ៍​ ការ​​ដាំ​សាលាដ​​ក្នុង​ធុង​ កង់​ឡាន​ ឬ​ដប​ទឹកសុទ្ធ​ក៏​​​អាច​​រក​ចំណូល​បាន​ ពី​ ១​ ទៅ ២ ដុល្លារ ក្នុង​បន្លែ​​ ដែល​ដាំ​ក្នុង ​១ ​ដប​​ទឹក​សុទ្ធ។

សម្រាប់​អ្នក​នៅ​ផ្ទះ​​មាន​អារម្មណ៍​តាន​តឹង​ លោក​ ចាង​ ប៉េងណាំ ណែនាំ​ឲ្យ​រីករាយ​នឹង​​ការ​ដាំ​ដំណាំ​នៅ​ផ្ទះ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ ដោយ​លោក​ណែនាំ​ថា​​៖ «ប្រភេទ​បន្លែ​ដែល​​ជ្រើស​រើស​យក​មក​ដាំ​ យើង​អាច​ជ្រើសរើស​បាន​គ្រប់​ប្រភេទ​បន្លែ​ដែល​យើង​ចូលចិត្ត​បរិភោគ​ ងាយ​ស្រួល​ដាំ​ ប៉ុន្តែ​គួរ​ចៀសវាង​បន្លែ​ប្រភេទ​មើម​ ដូចជា​ការ៉ុត​ ដំឡូង​ ត្រាវ​ ជាដើម​ ព្រោះ​ដំណាំ​ប្រភេទ​នេះ​ទាមទារ​ឲ្យ​មាន​ទំហំ​ដី​ជ្រៅ​ និង​ធំ​ វា​នឹង​ផ្តល់​ផល​វិបាក​សម្រាប់​អ្នក​មាន​ដី​តូចៗ»​។

លោក​បាន​​បញ្ជាក់​ថា៖ «ជា​ការ​ល្អ​ប្រសើរ​ លោក​អ្នក​គួរ​ជ្រើសរើស​យក​ប្រភេទ​បន្លែ​ស្លឹក​ ដូចជា​ ស្ពៃ​ សាលាដ​ ត្រកួន​ ខាត់ណា​ ប៉េងប៉ោះ​ ជីរ​គ្រប់​ប្រភេទ​មក​ដាំ​វិញ​»​​។

លោក​បាន​​ផ្ដល់​ជម្រើស​​ងាយៗ​ដូច​ជា​ដាក់​ដាំ​ក្នុង​ដប​ទឹក​សុទ្ធ​ ដោយ​​កាត់​ដប​​ទឹក​សុទ្ធ​ជា ២​ យក​ខាង​ក្បាល​ស៊ក​​ចូល​ខ្លួន​ហើយ​ដាក់​ស្រកី​ដូង​ក្នុង​ដប​ ដាក់​ល្បាយ​ដី​មាន​ជី​ចូល​ ហើយ​​ដាក់​គ្រាប់​ពូជ​ដាំ​ជា​ការ​ស្រេច​។

លោក​បន្ត​ថា៖ «យើង​អាច​យក​កង់​ឡាន​មក​កាត់​ច្នៃ​ជា​ម៉ូត​​ស្អាតៗ ​ធុងសាំង​ ដប​ប្រេងឆា ​(​​កាត់​ជា ​២) សូម្បី​កំប៉ុង​ទឹក​ដោះ​គោ​កូន​ក្មេង​ក៏​អាច​យក​មក​ច្នៃ ​ដើម្បី​ដាំ​ដំណាំ​បាន​ផង​ដែរ»។

ការ​ដាំដំណាំ​នៅផ្ទះ​ក៏​អាច​រួមចំណែកបង្កើន​ចំណូល​ផង​ដែរ​។ រូបថត សហ​ការី

ទោះ​ជា​ការ​​​យក​របស់​របរ​​​ប្រើប្រាស់​រួច​​មក​កែច្នៃ​ក្នុង​ការ​ដាំ​ដំណាំ​បែប​​នេះ អាច​​កាត់​បន្ថយ​​​​សំរាម​ ការ​ចំណាយ និង​​​ផល​ប៉ះពាល់​ដល់​​បរិស្ថាន​ ប៉ុន្តែ​លោក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​​ធុង​ស្នោ​មក​ដាំ​ដំណាំ​ទេ​ ​ដោយសារ​កត្តា​ហានិភ័យ​ដល់​សុខភាព។​

លោក​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់​ធុង​ស្នោ មើល​ទៅ​មាន​សភាព​ងាយ​ស្រួល​ក្នុង​ការ​ដាំ​ តែ​បន្លែ​ដែល​ចេញ​ពី​ការ​ដាំ​ក្នុង​ធុង​ស្នោ​អាច​ធ្វើ​ឲ្យ​មនុស្ស​បរិភោគ​យូរ​ទៅ​អាច​កើត​ជា​ជម្ងឺ​មហារីក​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​របស់​ប្រទេស ​អូស្រា្តលី ​បាន​លើក​ឡើង»។

លោក​បាន​រៀបរាប់​ពី​ជំហាន​ក្នុង​ការ​រៀបចំ​សួន​បន្លែ​ ដោយ​ផ្ដើម​ពី​​ចំណុច​ទី១​ គឺ​ការ​​ប្រើ​ឧបករណ៍​តូចៗ​ដាំ ឬ​​​​ការ​រៀបចំ​សួន​បន្លែ ​លើ​ដំបូល​ផ្ទះ​ ចំហៀង​ផ្ទះ​ និង​យ៉​មុខ​ផ្ទះ​ជា​ដើម សម្រាប់​​អ្នក​​រស់នៅ​ទីក្រុង​ភ្នំពេញ​ ឬ​អ្នក​​មាន​ដីតូច​។ បងប្អូន​​​មាន​បរិវេណ​ដី​ផ្ទះ​ធំ​ទូលាយ​ អាច​រៀប​ចំ​សួន​ទៅ​តាម​ការ​ពេញ​ចិត្ត»​។

លោក​ ប៉េងណាំ​ ពន្យល់​បន្ថែម​ថា​៖ «ចំណុច​ទី២​ បងប្អូន​ត្រូវ​ចេះ​ជ្រើសរើស​ពូជ​ដំណាំ​ណា​ដែល​ល្អ​ មាន​​គុណភាព​ ​ដើម្បី​យក​មក​ធ្វើ​ការ​ដាំដុះ​ យក​ល្អ​គួរ​ទិញ​ពូជ​ដំណាំ​ពី​កន្លែង​​​​មាន​ការ​ផលិត​ ឬ​នាំចូល​ច្បាស់​លាស់»​។

សម្បកកំប៉ុង​អាច​ប្រើ​ដាំដំណាំ ​​​តែ​គួរចៀសវាង​ធុង​ស្នោ​។ រូបថត សហ​ការី

ចំណុច​ទី៣ គឺ​​ការ​រៀបចំ​ដី​ ដោយ​លាយ​​ល្បាយ​តាម​ក្បួន​ (៧-៣-៣)​ ដោយ​​​​លាយ​ ដី ​៧ ​ធុង​ ជី​កំប៉ុស​ ៣ ​ធុង​ និង​​អង្កាម​ចំនួន​ ៣​ធុង​ រួច​ហើយ​យក​ដី​នោះ​ ដាក់​តាម​ដប​ទឹក​សុទ្ធ​ ឬ​កង់​ឡាន​​សម្រាប់​ដាំ​បន្លែ។

ចំណុច​ទី៤ ផ្ដោត​លើ​ការ​​ស្រោច​ទឹក ដែល​លោក​​​ណែនាំ​ឲ្យ​​ធ្វើ​ឡើង​​ ៣ ដង​ ក្នុង​​មួយ​ថ្ងៃ ​គឺ​ចន្លោះ ​​ម៉ោង ៧​ ទៅ ​៨ ពេល​ថ្ងៃ​ ​ម៉ោង ១១ ​ទៅ​ ១២ និង​ម៉ោង ​៤​ ទៅ ​៥ ​ល្ងាច​។

ចំណុច​ទី ​៥​ លោក​ណែនាំ​ឲ្យ​​ប្រើ​ជី​កំប៉ុស​ ឬ​​​មេជី​ មេ​អ័រម៉ូន​ មេ​ថ្នាំ​បណ្តេញ​​សត្វ​ល្អិត​ យក​មក​លាយ​​ទឹក​ ហើយ​បាញ់​លើ​ដំណាំ​ ២ ​ដង​ ក្នុង ​១ ​សប្តាហ៍​ ដើម្បី​ឲ្យ​​ដំណាំ​​លូតលាស់​​ល្អ ​ហើយ​​មិន​ប៉ះពាល់​ដល់​សុខភាព។​

ការ​ដាំ​ដំណាំ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ផ្ទះ​​លែង​​អផ្សុក ​ដោយ​នៅ​ចំណុច​ចុង​ក្រោយ ​លោក​អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម​ លោក​ ចាង​ ប៉េងណាំ​ បញ្ជាក់​​ថា​៖ «ការ​ថែទាំ​ ត្រូវ​ធ្វើ​ជា​ប្រចាំ​ ដូច​ជា​ការ​ដក​ស្មៅ​ និង​ការ​ជ្រំគល់​ជាដើម​ ទើប​ដំណាំ​ និង​សួន​របស់​យើង​មាន​សោភណភាព​ស្អាត»៕