ភ្នំពេញៈ ​បើ​តាម​​​ឯកសារ​​សៀវភៅ​​សិក្សា​នានា​​ និង​​​ឯកសារ​​យោង​​របស់​អ្នក​ប្រាជ្ញ​ខ្មែរ​​ផ្នែក​ភាសា​ជាតិ​​ជា​​​ច្រើន​​​​នៃ​​សម័យ​​កាល​មុន​នោះ​​ បង្ហាញ​ថា​​​អក្សរ​សាស្រ្ត​ខ្មែរ​ មាន​ការ​វិវត្តន៍​ ​១០ ដំណាក់​កាល​។

ខណៈ​​ថ្មីៗ​​នេះ​បើ​តាម​ការ​សិក្សា​​ស្រាវជ្រាវ​​​តាម​​ដាន​ផ្ទៀងផ្ទាត់​​​ឡើង​វិញ​​​ទៅ​លើ​​​ការ​​ស្រាវជ្រាវ​​ចាស់​នោះ​ អ្នក​ជំនាញ​​​ផ្នែក​សិលា​​ចារឹក​នៅ​ជំនាន់​ក្រោយ ​​លោក​សាស្រ្តាចារ្យ​ ហ៊ុន ឈុនតេង ហាក់​មាន​ការ​​យល់​ឃើញ​​ផ្សេង​​ថា​ អាច​មាន​​​ចំនួន​លើស​​​ពី​​​ ​១០ ​ដំណាក់​កាល​ ដោយ​​ការ​​សិក្សា​​​ផ្អែក​​​ទៅ​លើ​​សំណៅ​សិលា​ចារឹក​ដូច​គ្នា​។

នៅ​​ថ្ងៃ​​សុក្រ​ ទី ​២៩ ខែ​​ឧសភា ឆ្នាំ ​២០២០ ​វេលា​ម៉ោង ៩​ ព្រឹក ​នៅ​ក្នុង​សាល​​ប្រជុំ​ពុទ្ធសាសន​បណ្ឌិត្យ នឹង​​​មាន​បាឋក​ថា​​​មួយ​​ក្រោម​​​ប្រធាន​បទ​ «វិវត្តន៍​អក្សរ​​ខ្មែរ» ​បង្ហាញ​ដោយ​​លោក ហ៊ុន ឈុនតេង ​​ជា​អ្នក​​ជំនាញ​ផ្នែក​​សិលាចារឹក​ខ្មែរ​ និង​សាស្រ្តាចារ្យ​​​បង្រៀន​​​ផ្នែក​ភាសា​វិទ្យា​នៅ​​សាកល​វិទ្យាល័យ​​​មាន​ជ័យ​​ ​ខេត្ត​បន្ទាយមានជ័យ​​​។​

សាស្រ្តាចារ្យ​ ហ៊ុន ឈុន​​​តេង បង្ហើប​ថា៖ «នា​ពេល​កន្លង​​មក​​យើង​បាន​ដឹង និង​​រៀន​តាម​ឯកសារ​​​​របស់​អ្នក​ស្រាវជ្រាវ​​​ជំនាន់​មុន​​​ ​បង្ហាញ​ថា ការ​​​វិវត្តន៍​អក្សរ​ខ្មែរ​​​យើង​មាន​​​​ ១០ ដំណាក់​កាល គិត​ចាប់​តាំង​ពី​សម័យកាល​​មុន​អង្គរ ​​រហូត​មក​ដល់​​​សម័យ​​កាល​បច្ចុប្បន្ន​ របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​នេះ​ ដែល​ផ្អែ​ក​តាមរយៈ​ឯកសារ​សិលាចារឹក​។ តែ​​ការ​ស្រាវជ្រាវ​​លក្ខណៈ​បែប​ពិនិត្យ​ដាន​ឡើង​វិញ​ តាមរយៈ​សិលាចារឹក​​ដដែល ខ្ញុំ​យល់​ថា ហាក់​ដូចជា​នៅ​ពុំ​ទាន់​ត្រឹមត្រូវ​​​​​​ឡើយ​ ចំពោះ​ការ​វិវត្តន៍​នៃ​អក្សរ​ខ្មែរ​ ដែល​រៀម​ច្បង​អ្នក​ស្រាវជ្រាវ​បង្ហាញ​​ថា មាន​ចំនួន​ ១០ ដំណាក់​​កាល​​​​នោះ ​គឺ​​ខ្ញុំ​​យល់​ថា​អាច​​​​មាន​លើស​​នេះ​​​។

លោក ហ៊ុន ឈុនតេង​ សាស្រ្តាចារ្យ​ជំនាញផ្នែក​សិលាចារឹកនៅសាកលវិទ្យាល័យ​មានជ័យ។​ រូបថត សហ​ការី

ហេតុផល​​ដែល​ខ្ញុំ​​​​សន្និដ្ឋាន​​បែប​នេះ ក៏​ដោយសារ​​​សំណៅ​​នៃ​ការ​​សិក្សា​ស្រាវជ្រាវ​ជំនាន់​មុន​​​តាម​សិលាចារឹក​​នោះ ហាក់​មិន​ទាន់​​​មាន​សមតុល្យ​នៃ​ការ​ប្រមូល​ទិន្នន័យ​ឯកសារ​សិលាចារឹក​​នោះ​​​ឡើយ។​​ បើ​តាម​ការ​ស្រាវជ្រាវ​តាម​ដាន​របស់​ខ្ញុំ​យល់​​ឃើញ​ថា រៀម​ច្បង​មុនៗ ​យក​​សំណៅ​ឯកសារ​សិលាចារឹក​​មាន​​​តែ​ចំនួន​​ជាង​ ១០ សិលាចារឹក តែ​​ប៉ុណ្ណោះ​ មក​ធ្វើ​ជា​​ភ័ស្តុតាង​បង្ហាញ​ ឬ​សំណៅ​ឯកសារ​យោង​ស្រាវជ្រាវ ខណៈ​ចំនួន​​សិលាចារឹក​នៅ​ស្រុក​ខ្មែរ​តាំង​​ពី​សម័យ​មុន​អង្គរ​​រហូត​ដល់​​សម័យ​អង្គរ ​គឺ​មាន​ចំនួន​​រាប់​ពាន់​ឯណោះ​​។

ដូច្នេះ​​ហើយ​បាន​​ជា​ខ្ញុំ ចង់​ឲ្យ​មាន​​សិក្សា​​បញ្ហា​​នេះ​ឡើង​​​វិញ​ ហើយ​​​ក៏​អាច​​ជា​សារ​មួយ​ ដែល​ចង់​​ក្រើន​រំឭក​ទៅ​​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​​ខ្មែរ​ជំនាន់​ក្រោយ​ ឲ្យ​មាន​​​ការ​ប្រុង​​​ប្រយ័ត្ន​ខ្ពស់​​​​ទៅ​​​លើ​​ការ​ប្រមូល​​​ទិន្នន័យ​ស្រាវជ្រាវ​ និង​​វិធីសាស្រ្ត​​ស្រាវជ្រាវ​របស់​ខ្លួន​​​តែ​ប៉ុណ្ណោះ។​ មិន​មាន​​ន័យ​​ថា ​ការ​រក​​ឃើញ​នាសម័យ​មុនៗ មាន​កន្លង​​​មក​​​នោះ​​​ខុស​​ឡើយ​»។​

សម្រាប់​អ្នក​ចង់​ស្វែង​យល់​បន្ថែម​ពី​​ប្រធានបទ​នៃ​​បាឋក​ថា​ស្តីពី «វិវត្តន៍​អក្សរ​ខ្មែរ​»​ បង្ហាញ​ដោយ​​​ លោក ហ៊ុន ឈុនតេង ​នៅ​ព្រឹក​ថ្ងៃទី ​២៩ ខែ​ឧសភា ឆ្នាំ​ ២០២០ ​និង​មាន​ការ​ផ្សាយផ្ទាល់​តាម​គេហទំព័រ​ផ្លូវ​ការ​​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែរ​៕​