
អ្នកថតរូបជំនាញសិល្បៈអាក្រាតកាយ Checky។ ហ្វេសប៊ុក ឈឹម ស្រីនាង
ភ្នំពេញៈ ទំនងជាចំហាយព័ត៌មាន ដែលភាយចេញពីដំណឹងនិយាយតៗគ្នាពីមាត់មួយទៅមួយនៃសង្គមសិល្បៈ និងកម្រងស្នាដៃដ៏សម្បូរបែបនៃរបត់គំនិតថ្មីរបស់អ្នកថតរូបខ្មែរ ដែលពីមុនច្រើនតែក្រុមអ្នកថតបរទេសប៉ុណ្ណោះ ក្នុងការផ្តិតយករូបភាពបែបសិចស៊ី ឬទម្រង់បែបអាក្រាតកាយរបស់សិល្បករ-សិល្បការិនី បែបជាទម្រង់សិល្បៈនោះ។
យ៉ាងណាមិញ កម្រងរូបថតបែបអាក្រាតកាយ ឬសិចស៊ីទម្រង់ជាសិល្បៈរបស់អ្នកថតរូបខ្មែរម្នាក់គឺលោក សិដ្ឋ ហៅ Cheky Athiporn ដែលឆ្លងកាត់នូវបទពិសោធជិត ១០ ឆ្នាំ នឹងការងារថតរូបជាមួយក្រុមសិល្បករ-សិល្បការិនីខ្មែរគ្រប់ទម្រង់នោះ បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ដោយភាពភ្ញាក់ផ្អើលនឹងព័ត៌មានលេចឮខ្លួនជាអ្នកថតរូបឆ្នើមផ្នែកនេះថា៖ «សម្រាប់ខ្ញុំផ្ទាល់ ពិតជាភ្ញាក់ផ្អើលណាស់ ពេលឮបងថា ខ្ញុំត្រូវបានគេសរសើថាជាអ្នកថតរូបឆ្នើមបែបសិចស៊ីនេះដែលខ្ញុំមិនបានដឹងឡើយថា មានអ្នកហៅខ្ញុំបែបនេះទេ ហើយក៏មិនទាន់ហ៊ានថា យ៉ាងណាទេសម្រាប់របត់គំនិតថ្មី ដែលខ្ញុំចូលចិត្តថតរូបឲ្យក្រុមសិល្ប-ករ-សិល្បការិនីខ្មែរយើងបែបបង្ហាញនូវភាពពិសេសលេចធ្លោរបស់ពួកគាត់ ដោយខ្ញុំគិតថា វាជាទម្រង់នៃសិល្បៈមួយតែប៉ុណ្ណោះ មិនមែនជាការបង្ហាញនូវភាពសិចស៊ី ដែលទស្សនៈមហាជនទូទៅតែងតែគិតថា មានភាពហួសហេតុ ប្រាសចាកពីវប្បធម៌ប្រពៃណីក្រុមសិល្បករ-សិល្បការិនីខ្មែរនោះទេ»។
អ្នកថតរូបឆ្នើម ដែលមានរំលេចនូវទម្រង់សិល្បៈបែបរូបភាពសិចស៊ីអាក្រាត របស់សិល្បករ-សិល្បការិនី ខណៈពេលនេះ លោកក៏មានស្ទូឌីយ៉ូផ្ទាល់ខ្លួនហើយគឺ C.nation studio ក៏បានរំឮកពីបទពិសោធ និងស្នាដៃខ្លួនថា៖ «បើនិយាយពីបទពិសោធ នោះ កាលពីឆ្នាំ ២០១០ ដល់ពីឆ្នាំ ២០១៣ ខ្ញុំធ្លាប់ជា Free-lance Photographer ម្នាក់ជាមួយនឹងក្រុមសិល្បករ-សិល្បការិនីខ្មែរយើងជាច្រើន។ ហើយចាប់ពីឆ្នាំ ២០១៣ មកខ្ញុំ មានស្ទូឌីយោផ្ទាល់ខ្លួន ហើយក៏ឃើញមានក្រុមតារាស្រីប្រុសជាច្រើន តែងតែមកថតរូបនៅស្ទូឌីយោរបស់ខ្ញុំផងដែរ។ ចំពោះរឿងល្អ ឬមិនល្អយ៉ាងណាទៅលើទម្រង់រូបភាពរបស់ក្រុមសិល្បករ-សិល្បការិនីនោះ ក៏ខ្ញុំកត់សម្គាល់ដែរថា មិនមានអ្វីជាការចោទឡើយ ព្រោះថា ប្រសិនបើជារូបមិនសមសួននោះ ពួកគាត់ច្បាស់ជាមានប្រតិកម្មជាមិនខាន។ តែទំនងជា ត្រូវចិត្តពួកគាត់ហើយ បានជាមិនឃើញមានព័ត៌មានអ្វីត្រឡប់វិញភ្លាមៗមកខ្ញុំ នោះ ទេ»៕