ភ្នំពេញៈ អតីត​ជា​សិស្ស​ធ្លាប់​ឆ្លងកាត់​ការរៀន​ជំនាញ​ថតរូប​នៅ​វិទ្យាស្ថាន​បារាំង​កាលពី​ឆ្នាំ​ ២០១៤ ដែល​មាន​រយៈពេល ៦ ​ខែ និង​ចាប់ផ្តើម​បង្កើត​ស្នាដៃ​ភ្លាម ហើយ​បាន​ផុសផុល​ភាព​ល្បី​តាមរយៈ​ស្នាដៃ​រូបថត​បែប​សិល្បៈ​បង្កប់ន័យ​ស្តីអំពី​បញ្ហា​នានា​មាន​នៅក្នុង​សង្គម​តាំងពី​ឆ្នាំ​ ២០១៥ មក​នោះ​កំពុង​តែ​លេចធ្លោ​សាជាថ្មី​ម្តង​ទៀត​សម្រាប់​រូបថត​ដែល​ប្រើ​ក្រមា​ជា​គ្រឿង​នៃ​និមិត្តរូប​ឆ្លុះបញ្ចាំង​អំពី​តថភាព​នៃ​សង្គម​។

លោក ឃុន វណ្ណៈ ជា​អ្នក​ថតរូប​បែប​សិល្បៈ​ដែល​បាន​ប្រើ​ក្រមា​ខ្មែរ​ធ្វើ​ជា​និមិត្តរូប ឬ​គ្រឿង​តាមដាន​ការផ្លាស់ប្តូរ និង​ការអភិរក្ស​វប្បធម៌​សង្គម​តាំងពី​ចុង​ឆ្នាំ​ ២០១៧ បាន​បន្ត​ពេញ​មួយ​ឆ្នាំ​ ២០១៨ និង​កំពុង​តែ​បន្ត​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ទៀត ហើយ​ក៏​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។

ដោយសារ​គម្រោង​រូបថត​សិល្បៈ​ក្រមា​នេះ​នៅ​មិន​ទាន់​បញ្ចប់​គម្រោង​នោះ ទើប​មាន​ប្រិយមិត្ត​ចូលចិត្ត​មើល​រូបថត​បែប​សិល្បៈ​របស់​លោក​តាម​បណ្តាញ​សង្គម​បាន​ហៅ​ស្នាដៃ​រូបថត​សិល្បៈ​នេះ​ថា «​ក្រមា​ដែល​វែង​ជាងគេ​លើ​លោក​» ក៏​ព្រោះ​តែ​គម្រោង​ស្នាដៃ​សិល្បៈ​មាន​ក្រមា​របស់​លោក​បាន​កកើត និង​បន្ត​ជាង ២ ឆ្នាំ​មក​ហើយ តែ​ពុំទាន់​ចប់ ហើយ​កំពុង​តែ​បន្ត​ធ្វើ​ទៅ​មុខ​ថែម​ទៀត​ផងដែរ​។

រូបថត​ក្រមា​នៅ​តាម​តំបន់​ប្រាសាទ​គឺ​ឆ្លុះបញ្ចាំង​ការអភិរក្ស​។ រូបថត VANNAK KHUN

លោក ឃុន វណ្ណៈ ក៏​បាន​ឲ្យ​ដឹង​ពី​អត្ថន័យ​ច្រើន​យ៉ាង​សម្រាប់​ផ្ទាំង​រូបថត​មួយ​សន្លឹកៗ​ដែល​មាន​រូប​ក្រមា រូប​តួ​សម្តែង​ខ្លួនឯង និង​ប្រើ​កាមេរ៉ា​ថតរូប​ខ្លួនឯង​នោះ​ដែរ​ថា​៖ « ការប្រើ​ក្រមា​ធ្វើ​ជា​និមិត្ត​រូប​នេះ​គឺ​ខ្ញុំ​បាន​ថត​នៅ​ទីកន្លែង​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ទស្សនៈ​ផ្ទាល់ខ្លួន​មួយ​របស់​ខ្ញុំ​គឺ​ការយក​វត្ថុ​ណា​មួយ​មក​ផ្សារភ្ជាប់​អត្ថន័យ​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ក្នុង​សង្គម​នៅក្នុង​ទស្សនទាន​អព្យាក្រឹត ឬ​ប្រកាន់​យក​នូវ​គោលការណ៍​នៅ​កណ្តាល ដើម្បី​តាមដាន​ពី​ស្ថានភាព​ផ្លាស់ប្តូរ​នានា និង​ការអភិរក្ស​នូវ​ផ្នែក​វប្បធម៌​សង្គម​ទៀតផង​»​។

ឧទាហរណ៍​ដូចជា​រូបថត​មាន​ក្រមា​នៅ​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​ក្នុង​ប្រទេស​កម្ពុជា​លោក ឃុន វណ្ណៈ បាន​បញ្ជាក់​ន័យ​ថា​៖ «​ជាទូទៅ​ប្រសិន​បើ​យើង​និយាយ​ពី​ក្រមា​គឺជា​ផ្ទាំង​ក្រណាត់​ដែល​ពលរដ្ឋ​ខ្មែរ​យើង​គ្រប់​រូប​បាន​ស្គាល់ និង​ធ្លាប់​បាន​ប្រើប្រាស់​សឹងតែ​គ្រប់​ស្រទាប់​វ័យ​។ តែ​ក្រមា​សម្រាប់​អ្នក​សម័យ​ទំនើប ឬ​ជំនាន់​ក្រោយ​គឺ​មិន​ត្រូវ​បាន​អ្នក​ជំនាន់​ក្រោយ​ស្គាល់​ពី​ប្រវត្តិ​នៃ​គ្រឿង​សិល្បៈ​វប្បធម៌​នេះ​បាន​ច្បាស់លាស់ និង​សឹងតែ​ត្រូវ​បាន​គេ​បំភ្លេច​វា​ចោល​ផង​ដែរ​។ ដូច្នេះ​ការប្រើ​ក្រមា​ក្នុង​រូបថត​របស់​ខ្ញុំ គឺ​ចង់​រំឭក​ឲ្យ​មាន​ការអភិរក្ស​នូវ​កេរដំណែល​វប្បធម៌​របស់​ខ្មែរ​មួយ​នេះ​ឡើង​វិញ​។ ចំណែកឯ​ទីតាំង​តំបន់​ណា​មួយ​វិញ​នោះ គឺ​សំដៅ​ទៅ​លើ​ទីកន្លែង​ដែល​ត្រូវ​បាន​គេ​ធ្វើការ​អភិវឌ្ឍ ឬ​ជា​ទីកន្លែង​ដែល​កំពុង​តែ​មាន​ការផ្លាស់ប្តូរ​តាម​តម្រូវការ​នៃ​សង្គម​»​។

យ៉ាងណា​បណ្តុំ​ស្នាដៃ​រូបថត​សិល្បៈ​បែប​បង្កប់ន័យ​របស់​អ្នក​ថតរូប​ជំនាញ​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​មាន​វ័យ ៣៩ ​ឆ្នាំ​រូបនេះ​ក៏​កំពុង​តែ​មាន​គម្រោង​ជ្រើសរើស​យក​បណ្តុំ​នៃ​ស្នាដៃ​ខ្លួន ដើម្បី​រៀបចំ​តាំងពិព័រណ៍​នៅឯ​ក្រៅ​ប្រទេស​ផង​ដែរ​គឺ​រង់ចាំ​តែ​មាន​វត្តមាន​ដៃគូ​ជួយ​រៀបចំ​នៅឯ​ក្រៅ​ប្រទេស​ណាមួយ​ដែល​ហ៊ាន​ចាប់​ដៃគូ​សម្រាប់​កិច្ចការ​នេះ​តែ​ប៉ុណ្ណោះ​។

លោក ឃុន វណ្ណៈ ក៏​បង្ហើប​ដែរ​ថា​៖ «​ទោះបី​គម្រោង​នេះ​ពុំ​ទាន់​បញ្ចប់​មែន តែ​ប្រសិន​បើ​មាន​ដៃគូ​រៀបចំ​ពី​ក្រៅ​ប្រទេស​ណា​មួយ​បាន​ទំនាក់ទំនង​មក​ខ្ញុំ​ដើម្បី​រៀបចំ​នោះ ខ្ញុំ​នឹង​ធ្វើ​វា​ភ្លាម ហើយ​ឆ្លងកាត់​ការចាប់ផ្តើម​ប្រើ​រូបថត​នានា​មាន​រូប​ក្រមា​របស់​ខ្ញុំ​ដែល​ចាប់ផ្តើម​តាំងពី​ចុង​ឆ្នាំ​ ២០១៧ មក​រហូត​ដល់​ឆ្នាំ​ ២០១៩ ​នេះ​ប្រសិន​បើ​ខ្ញុំ​ជ្រើសរើស​យក​ទៅ​រៀបចំ​ពិព័រណ៍នោះ​គឺ​អាច​មាន​តែ​ប្រមាណ ១៥ ​ប្លង់ (​ផ្ទាំង​) ប៉ុណ្ណោះ​។ តែ​សម្រាប់​រូបថត​មាន​ក្រមា​ដែល​ថត​នៅ​តាម​ទីតំបន់​ប្រាសាទ​បុរាណ​វិញ​នោះ​គឺ​​មិនមែន​ស្ថិត​នៅ​ក្នុង​គម្រោង​នៃ​ការ​ជ្រើសយក​ទៅ​ដាក់​តាំងពិព័រណ៍​ឡើយ​»៕