ភ្នំពេញ៖ ស្បែក​ជ្រួញ​ពណ៌​សក្បុស។ ភ្នែក​ស្ទើរ​ងងឹត​បើក​សឹង​ពុំរួច។ លោកយាយ​វ័យ ៧៦ ឆ្នាំ​មាន​ជំងឺ​ភឿក​តាំងពី​កំណើត​បាន​ធ្លាក់ខ្លួន​ដើរ​សុំទាន​ទាំង​ភ្នែក​មើល​មិន​ច្បាស់​ចាប់តាំងពី​ស្វាមី​បាន​ស្លាប់​កាលពី​ដើមឆ្នាំ ២០២០។

ដើម្បី​ដោះស្រាយ​ជីវភាព​កូនប្រុស​របស់​ស្រី​ចំណាស់​ដ៏អភ័ព្វ​រូបនេះ​អាស្រ័យ​ជីវភាព​ដោយ​ការធ្វើ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ទុក​ឱ្យ​លោកយាយ​នៅ​ជាមួយ​កូនប្រសា​ស្រី​ និង​ចៅតូចៗ ២ នាក់​ទៀត​យ៉ាង​លំបាក​វេទនា។

«លោកយាយ​ ស» ជា​ឈ្មោះ​ដែល​គ្រប់គ្នា​ហៅ​លោកយាយ​ ប៉​ សេង ​ជា​អ្នកមាន​ជំងឺ​ភឿក​កំពុង​រស់នៅ​លើ​ទឹកដី​ស្រុក​កំពង់ត្រាច ខេត្តកំពត។

លោកយាយ​ ស ​ធ្លាប់​បាន​បង្ហាញមុខ​នៅក្នុង​ផ្ទាំង​រូបថត​មួយ​ក្នុង​វិចិត្រសាល​ស្រាអាត​នៃ​ពិព័រណ៍ Eternal របស់​កញ្ញា ទីតា ប៊ុត ជា​សិល្បការិនី​ថតរូប​វ័យក្មេង​ដ៏ចំណាន​ម្នាក់។

ចាប់ពី​បាន​ស្គាល់​លោកយាយ​ ស កញ្ញា ទីតា ប៊ុត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ទីតាអាត (Tytaart) ក្នុង​វិស័យ​សិល្បៈ នាង​បាន​ប្រាប់ថា​នាង​ហាក់ដូច​ជាមាន​និស្ស័យ​នឹង​លោកយាយ​ ស។

សិល្បការិនី​ថតរូប​កញ្ញា ទីតា អំពាវនាវ​លក់​រូបថត និង​រៃ​អង្គា​ថវិកា​ជួយ​លោកយាយ​ ស ​ដែល​ធ្លាប់​ដើរ​សុំទាន​ចិញ្ចឹម ជីវិត។ សហការី

ហេតុដូចនេះ​ហើយ​ក្រោយ​ពិព័រណ៍​បានបញ្ចប់ ទីតា​នៅតែ​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​នាម​ជា​អ្នក​ថតរូប​ម្នាក់​ដោយ​ស្វះស្វែង​ជួយ​ដល់​លោកយាយ​ និង​គ្រួសារ​តាមរយៈ​ការបង្កើត​កម្មវិធី​សប្បុរសជន។

សិល្បការិនី​ប្រើ​កាមេរ៉ា​បង្កើត​ស្នាដៃ​សិល្បៈ​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ស្ថានភាព​លោកយាយ​ ស ​ថា៖ «មុនពេល​កូវីដ​គាត់​តែង​ដើរ​រយៈពេល ១ ម៉ោង​ពី​ផ្ទះ​ទៅ​ផ្សារ​ ដើម្បី​សុំទាន។ តែ​ពេលនេះ​ភ្នែក​គាត់​រឹត​តែ​មើល​មិន​ច្បាស់ គាត់​មាន​រោគ​ក្រពះ ជំងឺ​ចាស់ជរា​ក៏​ធ្វើទុក្ខ​ធ្វើឱ្យ​ជីវិត​របស់​គាត់​កាន់តែ​ស្ថិតក្នុង​ភាពតោកយ៉ាក»។

កញ្ញា ទីតា បាន​បន្តទៀត​ថា៖ «កាលណោះ​ពេល​ផ្ទាំង​រូបថត​លោកយាយ​ត្រូវបាន​ទិញ ៧៥% ខ្ញុំ​បាន​ប្រគល់​ជូន​គាត់។ វា​អាច​ជួយ​ជួសជុល​បាន​ខ្លះ​នូវផ្ទះ​ដ៏តូច​របស់គាត់ ទិញ​បសុសត្វ​ចិញ្ចឹម និង​ស្បៀងអាហារ​មួយចំនួន»។

កញ្ញា​រៀបរាប់​បន្ត​ទាំង​ក្ដី​អាណិតអាសូរ​ដល់​លោកយាយ​ទៀតថា៖ «កូន​ប្រស្រាស្រី​ដែល​នៅ​ជាមួយ​លោកយាយ មាន​កូន​តូច​អាយុ​ទើបតែ ១ ឆ្នាំ។ គាត់​បានតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​តិចតួច​ និង​មើល​កូន។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់​រៃអង្គាស​ថវិកា​សម្រាប់​គាត់​ ដើម្បី​ជួយ​ដល់​ការជួសជុល​ផ្ទះ​បន្ថែម​បសុសត្វ ស្បៀង និង​ថ្នាំពេទ្យផ្សេង»។

តាម​សម្ដី​របស់ ទីតា លោកយាយ​​ ស មាន​ខ្សែជីវិត​រស់នៅ​លំបាក​មក​រហូត។ ប៉ុន្តែ​ក្នុង​វ័យ​កុមារភាព បញ្ហា​ភ្នែក​ដែល​កើត​លើ​អ្នកជំងឺ​ភឿក​មិនសូវ​បង្ក​ការលំបាក​ដល់​លោកយាយ​ប៉ុន្មាន​ទេ។ គ្រានោះ កុមារ​ភឿក​អាច​មើលឃើញ​ល្មម​ក្នុង​ការដើរ​លក់​ប្រេង និង​អង្ករ​គ្រាន់​ចិញ្ចឹមជីវិត​តិចតួច​ដែរ។

លោកយាយ​វ័យ ៧៦ ឆ្នាំ​មាន​ជំងឺ​ភឿក​តាំងពី​កំណើត​បាន​ធ្លាក់ខ្លួន​ដើរ​សុំទាន​ទាំង​ភ្នែក​មើល​មិន​ច្បាស់។ សហការី

ឈានចូល​ដល់​វ័យ ១៦ ឆ្នាំ យុវតី ប៉ សេង បាន​រៀប​អាពាហ៍ពិពាហ៍​ និង​ទទួលបាន​តំណក់ឈាម ១ គ្រាប់។ ប៉ុន្តែ​អកុសល​ភ្លើងសង្គ្រាម​បាន​ឆក់យក​ជីវិត​ស្វាមី​ និង​កូន​ដោយ​បន្សល់​ទុក​ស្ត្រី​មេម៉ាយ​ភឿក​តែលតោល​តែឯង។ ក្នុង​វ័យ ៤០ ឆ្នាំ ស្ត្រី​មេម៉ាយ​រូបនេះ​បាន​រៀបការ​ស្វាមី​ទី ២ ដែល​លោក​ទើបតែ​ស្លាប់​កាលពី​ដើមឆ្នាំ ២០២០ នាំឱ្យ​បន្ទុក​គ្រប់យ៉ាង​ធ្លាក់​មកលើ​លោកយាយ។

អ្នក​ថតរូប​វ័យ ២៤ ឆ្នាំ ទីតា ប៊ុត ពាន ​ប្រាប់ថា៖ «ក្នុង​វ័យ ៧៦ ឆ្នាំ​របស់​លោកយាយ ខ្ញុំ​សង្ឃឹមថា​គាត់​អាច​សម្រាក​ក្នុងផ្ទះ អាច​ហូបចុក​គ្រប់គ្រាន់។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ការជួយ​លើក​នេះ​របស់​យើង​ដោយ​ការទិញ​បសុសត្វ​បង្កើត​ជា​មុខរបរ​ដល់​គាត់ និង​ធ្វើឱ្យ​កូនប្រសា​ស្រី​របស់​គាត់​អាច​ក្រោកឈរ​ជា​មេគ្រួសារ​សម្រាប់​មើល​ការខុសត្រូវ​ម្ដង»។

កញ្ញា​បន្តថា៖ «លើសពីនេះ​ទៀត​វា​ជា​ឱកាស​មួយ​ដែល​គាត់​អាច​មាន​លទ្ធភាព​ជួយ​ដល់​កូនៗ​របស់​គាត់​ទទួលបាន​ការអប់រំ និង​មានជីវិត​ប្រសើរ​ជាង​អ្វីដែល​ជីដូន និង​ម្តាយ​របស់​ពួកគេ​ត្រូវ​ស៊ូទ្រាំ​កន្លងមក»។

តាមរយៈ​ការរៃអង្គាស​គឺ​កញ្ញា​ធ្វើឡើង​ដោយ​ការព្រីន​រូបថត​របស់​លោកយាយ​លើ​ក្រដាស​រលោង​ចំនួន ១៥០ ផ្ទាំង​ហៅថា Russian Roulife ដែល​បាន​ដាក់តាំង​ក្នុង​ពិព័រណ៍ Eternal កន្លងទៅ​ក្នុង​ទំហំ ២៨ គុណ​នឹង ៤២ សង់ទីម៉ែត្រ ក្នុង​តម្លៃ ៣០ ដុល្លារ​ក្នុង ១ ផ្ទាំង។

កញ្ញា​សង្ឃឹមថានឹង​អាច​ប្រមូល​ថវិការ​បាន ៤ ០០០ ដុល្លារ​ជួយ​ដល់​លោកយាយ ដោយ​ក្នុងនោះ ២ ៥០០ ដុល្លារ​នឹង​យកទៅ​ជួសជុល​ផ្ទះ​លោកយាយ​ឱ្យ​រួចរាល់។ ៩០០ ដុល្លារ​ត្រូវ​ចំណាយ​លើ​សត្វ​មាន់​ចំនួន ៣០ ក្បាល ជ្រូក ៣ ក្បាល​ចំណី​សត្វ​ និង​ការធ្វើ​ទ្រុង​ចិញ្ចឹម។ ឯ​ទឹកប្រាក់ ៦០០ ដុល្លារ​ទៀត​នឹង​ទុក​សម្រាប់​ការប្រើប្រាស់​របស់​លោកយាយ​ ស ​ល្មម​រហូត​ទាល់តែ​គាត់​អាច​ប្រមូលផល​ពី​ការចិញ្ចឹមសត្វ​បាន។

ក្រៅពី​ការជាវ​រូបភាព​អ្នកមាន​បំណង​ចូលរួម​អាច​បរិច្ចាគ ១ ដុល្លារ ឬ ២ ដុល្លារ​ក៏បាន​ក្នុង​ការជួយ​ដល់​លោកយាយ​ ស។ មកដល់​ថ្ងៃនេះ​កញ្ញា​ឱ្យដឹង​ដែរ​ថា កញ្ញា​ទទួល​បាន​ថវិកា​ចំនួន ១២០០ ដុល្លារ និង​លក់​រូបភាព​បាន​ចំនួន ១៩ ផ្ទាំង​ហើយ។

កញ្ញា ទីតា ប្រាប់ថា វា​ជា​រឿង​រីករាយ​ណាស់​នៅពេល​ដែល​ទទួល​បាន​ការគាំទ្រ​ពី​មិត្តភក្តិ គ្រួសារ​ និង​អ្នក​ដទៃទៀត​ក្នុង​ការបង្ហាញ​ថា​ពួកគេ​មាន​ដួងចិត្ត និង​ស្មារតី​សមូហភាព​ចំពោះ​អ្នក​ដែល​ត្រូវការ​ជំនួយ។

សិល្បការិនី​រូបនេះ​បាន​រំឭក​ឱ្យដឹង​ដែរ​ថា បន្ទាប់ពី​អាច​យក​ថវិកា​មកជួយ​លោកយាយ​តាមរយៈ​ប្រាក់​ដែល​បាន​ពី​ផ្ទាំង​ធំ​រូបថត​លោកយាយ​ ស ​កាលពី​ឆ្នាំមុន កញ្ញា​ចាប់ផ្ដើម​យល់ និង​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ថតរូប ដែល​អាច​និទាន​រឿង​ដ៏មាន​អានុភាព​មួយ​ពី​ជីវិត​អ្នកណាម្នាក់​ថែម​ទាំង​អាច​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ និង​មនុស្ស​ដែល​ពុំ​ធ្លាប់​ស្គាល់​គ្នា​ពីមុន​មក​បាន​ទៀតផង។

កញ្ញា ទីតា មាន​ចំណាប់​អារម្មណ៍​ថា៖ «ខ្ញុំ​ឃើញថា​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ស្មារតី​សាមគ្គី​គ្នា​យ៉ាងខ្លាំង​ អំឡុងពេល​មាន​វិបត្តិ​នេះ​ និង​មាន​មនុស្ស​ជាច្រើន​បាន​ប្រើ​សំឡេង​ក្នុងតួនាទី​របស់​ខ្លួន​ជួយ​ដល់​អ្នក​ដែល​ទន់ខ្សោយ។ ខ្ញុំ​ជឿថា កម្ពុជា​ជំនាន់​ក្រោយៗ​ទៀត​នឹង​ពោរពេញ​ទៅដោយ​ការអាណិតអាសូរ​ និង​មេត្តា​ចំពោះ​គ្នា។ រួមគ្នា​ដោយ​សេចក្ដី​ស្រឡាញ់​យើង​អាច​ធ្វើ​បាន​លើស​អ្វីដែល​យើង​គិតដល់»។

សម្រាប់​ការចូលរួម​បរិច្ចាគ​គ្រប់គ្នា​អាច​ទាក់ទង​ទៅកាន់ ទីតា ផ្ទាល់​តាមរយៈ​ទូរស័ព្ទ​លេខ ០៩៧ ៧៨៧ ២២២២ ឬក៏​ធ្វើការ​បរិច្ចាគ​ផ្ទាល់​ទៅកាន់ ABA account: 002 878 012 (Keoinmorokot Buth) ។