ក្រុងហ្ស៊េរុយសាឡឹម: ក្រុម​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ពួកគេ​បាន​ទទួល​ជោគជ័យ​ក្នុង​ការដក​យក​មេដំបែ​ពី​ក្រឡ​ស្រា​បុរាណ និង​ប្រើប្រាស់​វា​ក្នុង​ការផលិត​ស្រាបៀរ​ដែល​ស្រដៀង​ទៅ​នឹង​គ្រឿង​ស្រវឹង​ដែល​ព្រះ​ចៅ​ផារ៉ាអុង​។

ស្រាបៀរ​ដែល​ទើប​តែ​ផលិត​ឡើង​វិញ​នេះ​មាន​កម្រិត​ជាតិ​អាល់កុល ៦ ភាគរយ​ដែល​ជា​សមិទ្ធផល​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​បុរាណ​វត្ថុវិទ្យា​របស់​អ៊ីស្រាអែល​។

មេដំបែ ៦ ​ប្រភេទ​ត្រូវ​បាន​ប្រមូល​ពី​ក្រឡ​បុរាណ​អាយុកាល​ចន្លោះ​ពី ៣ ០០០ ទៅ ៥ ០០០ ឆ្នាំ​មុន​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​រួមមាន​អេហ្ស៊ីប​តែលអាវីវ និង​ហ្ស៊េរុយសាឡឹម​។

គ្រឿងផ្សំ​ពី​បុរាណ​នេះ​ត្រូវ​បាន​យក​មក​ផ្សើម​ឲ្យ​ដុះ​ឡើងវិញ ដើម្បី​ប្រើប្រាស់​ក្នុង​ការបិត​ស្រាបៀរ​ជាមួយ​បច្ចេកទេស​នា​យុគសម័យ​ទំនើប​។

ការស្រាវជ្រាវ​នេះ​បាន​ស្រាយ​ចម្ងល់​ពី​ការវិវឌ្ឍ​នៃ​មីក្រូ​សរីរាង្គ​តាំងពី​បរមបុរាណ​រហូត​ដល់​បច្ចុប្បន្ន​។

លោក Yitzhak Paz ជា​មន្ត្រី​អាជ្ញាធរ​បុរាណវត្ថុវិទ្យា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​៖ «​ស្រាបៀរ​ដែល​យើង​ផលិត​ឡើងវិញ​នេះ​ពិតជា​មាន​រសជាតិ​អស្ចារ្យ​មែន​។ ខ្ញុំ​ជា​អ្នក​មាន​បទពិសោធ​ផឹកស្រា​បៀរ​ច្រើន​ប្រភេទ ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​ឆ្ងាញ់​»​។

លោក​អះអាង​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​យើង​អាច​ប្រើប្រាស់​វត្ថុ​សំណល់​ពី​បរមបុរាណ​ក្នុង​ការផលិត​ស្រាបៀរ​សម្រាប់​មនុស្ស​យុគសម័យ​នេះ​»​។

ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រំពឹង​ដែរ​ថា ពួកគេ​នឹង​អាច​ប្រើប្រាស់​គ្រឿងផ្សំ​រូបមន្ត​ធ្វើ​ស្រាបៀរ​ពី​បុព្វបុរស​ក្នុង​ការផលិត​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ផងដែរ​នៅ​ថ្ងៃ​អនាគត​៕