ភ្នំពេញ៖ ថ្មីៗ​នេះ តារា​សម្តែង​ និង​ចម្រៀង​ស្រី​ មេម៉ាយ​កូន ៣ មាន​វ័យជ្រេ​តែ​សម្រស់​នៅ​តែ​ខ្ញង់​មិន​ចាញ់​តារា​​ក្មេងៗ​ អ្នក​នាង ស៊ិន ឧត្តមផល្លា​​ ទទួល​បាន​លាភ​ថ្មី​នៅ​​ក្នុង​​​ការងារ​​ថត​​កុន​ថ្មី​ ជាមួយ​​​​ផលិតកម្ម​ហង្សមាស​ ក្រោយ​​​ពី​​រយាល​ការងារ​សិល្បៈ​​មួយ​រយៈ​​ ដោយសារ​តែ​ជួប​​​​វិបត្តិ​ជំងឺ​​កូវីដ ១៩។​

នៅ​​ចាំ​បាន​ថា តារា​សម្តែង និង​​​​​ចម្រៀង​​ស្រី​ល្បី​មាន​​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុង​ការ​បក​ស្រាយ​បទ​​ចម្រៀង​​ដ៏​ពីរោះ​ច្រើន​ភាសា ដើម្បី​​បំពេញ​​តាម​តម្រូវ​ការ​​ប្រិយ​មិត្ត​អ្នក​ស្តាប់ អ្នក​នាង ស៊ិន ឧត្តម​ផល្លា គ្រាន់​តែ​ប្រកាស​វិល​ចូល​​សិល្បៈ​វិញ​ភ្លាម​ក្រោយ​បាត់​មុខ​ជាង​​ ១០ ឆ្នាំ​នោះ ក៏​ត្រូវ​បាន​​ខាង​​ផលិតកម្ម​​ហង្សមាស​ ហៅ​​​​ថត​​កុន​ភាគ​ដំបូង ​ភ្លាម​គឺ​រឿង ​«រាជិនី​ភូមិគ្រឹះ» ដែល​​ទើប​​​​​តែ​បាន​​ចាក់​បញ្ចាំង​​ចប់​នៅ​ប៉ុស្តិ៍​ហង្សមាស​ នា​ដើម​​ឆ្នាំ ​២០២០​​ នេះ​។​

តាំង​​​​ពី​​វិល​ត្រឡប់​ចូល​​សិល្បៈ​វិញ​ មហាជន​​​សង្កេត​ឃើញ​ថា រាសី​របស់​តារា​ចម្រៀង​​ស្រី​រូប​នេះ​ ចង់​​ខ្លាំង​ជាង​កាល​នាង​ពី​នៅ​លីវ​ផង​ សម្រាប់​ទីផ្សារ​សិល្បៈ​​ដោយ​ ស៊ិន ឧត្តមផល្លា មិន​​ត្រឹម​តែ​សម្បូរ​ទី​​​កន្លែង​សម្រាប់​​​​​​ច្រៀង​នោះ​ទេ ​គឺ​ថែម​ទាំង​ក្តោប​បាន​នូវ​ឱកាស​ថត​កុន​ទាំង​​ភាគ និង​​កុន​ដុំ​​ជា​ហូរហែ​ ​ខណៈ​​​ទទួល​បាន​​ការ​ស្វាគមន៍​​​​កុន​ភាគ​ដំបូង​ពី​​​ផលិតកម្ម​​ហង្សមាស​​​រឿង «​រាជិនី​ភូមិគ្រឹះ​» និង​​​ក្រោយ​​​មក ​​​ថត​កុន​ដុំ​ នៅ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ ៥ ទូរទស្សន៍​​បាយ័ន ​ទូរទស្សន៍ PNN និង​ទូរទស្សន៍​ថោន​​ជាដើម​។

ស្រប​ពេល​ទីផ្សារ​​សិល្បៈ​ឡើង​ស្រឺតៗ ពេល​​វ័យ​កាន់​តែ​​ជ្រេ​ តារា​សម្តែង និង​​ចម្រៀង ​មេម៉ាយ​​កូន​ ៣ ​​សម្រស់​នៅ​​​​ស្រស់​​​​​​ស្អាត​​ គឺ​​​មិន​ចាញ់​តារា​សម្តែង​ក្មេង​​​ អ្នកនាង ស៊ិន -​ឧត្តម​ផល្លា ​ហាក់​​តាំង​ចិត្ត​​ខ្លាំង​​ក្នុង​ការ​​កើប​​ប្រាក់​ដុំ​​ ​លើ​អាជីព​​ខ្លួន​ទាំង​ ​២ ​ខណៈ​​ក្នុង​​ការ​​​​​​​​សម្តែង​កុន ​អ្នកនាង​ កាក់កប​ខ្លាំង​នឹង​​តួ​សម្តែង​ជា​ម្តាយ​គេ​ តួ​សុភាព​រាប​សា​​ហើយ​លើក​នេះ​ក៏​ដើរ​តួ​ម្តាយ​គេ​​ដែរ។​

តារា​ចម្រៀង​​ដែល​មាន​​បន្ទុក​​ចិញ្ចឹម​កូន ៣ នាក់ ខណៈ​ស្វាមី​បាន​ចែក​​ឋាន​ចោល​ជាង ១០ ឆ្នាំ ដែល​​បច្ចុប្បន្ននេះ​​ ​ជា​​ថៅកែ​លក់​​​​គ្រឿង​ស្បង់​ចីវរ និង​សម្ភារ​បុណ្យ​ទាន​​នានា ហើយ​ក៏​​កាក់​កប​ខ្លាំង​​ សម្រាប់​ទីផ្សារ​សិល្បៈ​ ​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​​​​លាយ​​​​ឡំ​​នឹង​​​សំណើច​តិចៗ​​​ថា៖ «ត្រូវ​ហើយ​​​បង! ​វ័យ​យើង​មាន​តែ​តួ​ម្តាយ​ហ្នឹង​ហើយ!​ កាល​​ពី​ថត​កុន​ដំបូង​​នៅ​ហង្សមាស ​ក៏​តួ​​​ម្តាយ​គេ​ ហើយ​​លើក​នេះ​ ក៏​តួ​ម្តាយ​ទៀត ​​​គឺ​សម្តែង​ជា​ម្តាយ​របស់​តួ​​ឯក​​​ប្រុស​​​»។

ដោយសារ​ការ​ថត​កុន​ថ្មី​នេះ​ទើប​​​ដំណើរ​ការ​ថត​បាន​​ចំនួន​ ​២-៣​ ថ្ងៃ ហើយ​ជា​លក្ខខណ្ឌ​សម្ងាត់​រវាង​​តួសម្តែង និង​ផលិតកម្ម​សុំ​មិន​ឲ្យ​បង្ហើប​ប្រាប់​រឿង​មុន​ពេល​ថត​កុន​ចប់​​នោះ ទើប​តារា​សម្តែង​ស្រី​​វ័យ​ ៤០ ​ឆ្នាំ អ្នកនាង ស៊ិន ឧត្តម​ផល្លា ក៏​បាន​បញ្ជាក់​៖ «ចំពោះ​ចំណង​ជើង​នោះ​ សុំ​មិន​ទាន់​ជម្រាប​​​បាន​ទេ​ពេល​នេះ ដោយសារ​តែ​ជា​​លក្ខខណ្ឌ​​របស់​ក្រុមហ៊ុន​ ខណៈ​​ឯសាច់​រឿង​សម្តែង​សម្រាប់​​នាង​ខ្ញុំ​វិញ​គឺ​ដើរ​តួ​ជា​ម្តាយ​គេ ដែល​​​ជា​ស្រ្តី​មេម៉ាយ​ម្នាក់​មាន​​ជីវ​ភាព​ក្រ​​លំបាក​ តែ​នៅ​ចុង​ក្រោយ​​បាន​​ក្លាយ​ទៅ​​ជា​​ អ្នក​​មាន​ទ្រព្យ​ធន​​ស្តុកស្តម្ភ​សម្បូរ​សប្បាយ​​វិញ​»៕​