ក្រុងហាណូយ៖ នៅលើផ្លូវថ្នល់ក្រាលកៅស៊ូដ៏ងងឹតនៃក្រុងហាណូយអ្នករត់ម៉ូតូឌុប ផាម ក្វុកវៀត បានរុំរបួសជង្គង់ដល់ភ្ញៀវម្នាក់ ជាមនុស្សម្នាក់ចំណោមជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍រាប់រយនាក់ ដែលលោកជួបជាហូរហែលើដងវិថីនៃទីក្រុងដ៏កកស្ទះរបស់វៀតណាម។
នៅពេលថ្ងៃ លោក វៀត អាយុ ៣៣ ឆ្នាំ ធ្វើការចិញ្ចឹមជីវិតជាអ្នកដឹកជញ្ជូនក្រុមហ៊ុន Grab ដោយជូនភ្ញៀវទៅតាមគោលដៅផ្សេងៗមិនថា មហាវិថី និងផ្លូវច្រកតូចចង្អៀតឡើយ។
ប៉ុន្ដែចាប់ពីម៉ោង ៩:៣០ យប់ លោកគឺជាអ្នកស្ម័គ្រចិត្តធ្វើសង្គ្រោះបឋមក្រៅផ្លូវការម្នាក់។
ជាមួយការបំពាក់ភ្លើងក្រហមចេញពីដៃម៉ូតូ ខណៈលោកចេញល្បាតតាមដងផ្លូវតាមទោចក្រយានយន្ត។
លោក វៀត ដែលប្ដូរមករស់នៅក្នុងទីក្រុងឆ្នាំ ២០១៧ បាននិយាយថា៖ «នៅពេលខ្ញុំមកធ្វើការនៅទីក្រុងហាណូយដំបូង ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើ ដើម្បីជួយអ្នកដែលខ្ញុំបានឃើញរងរបួសតាមដងផ្លូវ»។
កាលពី ១ ឆ្នាំមុន រូបលោកផ្ទាល់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យខ្លួនដេកលើចិញ្ចើមផ្លូវ ទាំងអ្នកដំណើរឆ្លងកាត់ទាំងឡាយមិនហ៊ានចូលជួយ។
លោកបានប្រាប់ AFP ថា៖ «ខ្ញុំនៅចងចាំនូវអារម្មណ៍អស់សង្ឃឹមគ្រានោះ នៅពេលឃើញមនុស្សដើរចៀសផុតទៅ។ ខ្ញុំមិនចង់ឲ្យអ្នកផ្សេងទៀតជួបស្ថានភាពដូចរូបខ្ញុំ និងត្រូវបានគេបោះបង់នោះឡើយ»។
នៅក្រុងហាណូយមានម៉ូតូប្រមាណ ៦ លានគ្រឿង ហើយជនរងគ្រោះតែងតែប្រឈមការលំបាកក្នុងការរង់ចាំជំនួយ ដោយសារបញ្ហាផ្លូវកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ដែលរារាំងការធ្វើដំណើររបស់គ្រូពេទ្យសង្គ្រោះទៅដល់គោលដៅ។
ជនរងគ្រោះតាមដងវិថីក៏កម្រទទួលបានការជួយពីអ្នកដំណើរផ្សេងទៀត ដោយពួកគេមិនហ៊ាន និងបារម្ភពីការជាប់ពាក់ព័ន្ធទោសទណ្ឌនានា។
ក្រោយពីចាប់ផ្ដើមកិច្ចការសង្គ្រោះតែម្នាក់ឯង លោក វៀត ពេលនេះមានក្រុមការងារស្ម័គ្រចិត្ដជិត ៥០ នាក់ ដែលភាគច្រើនជាអ្នកបម្រើការនៅទីក្រុងហាណូយ។
ជាងពាក់កណ្ដាលនៃអ្នកស្ម័គ្រចិត្តសង្គ្រោះបឋម គឺជាអ្នករត់ម៉ូតូឌុបដូចរូបលោកដែរ។ តែក្នុងនោះក៏មានវិស្វករ ជាងគ្រឿងយន្ដ និងនិស្សិតផងដែរ ដែលបង្កើតជាបណ្ដាញឃ្លាំមើល និងបណ្ដាញសង្គម។
សមាជិកជាច្រើនត្រូវបានបង្វឹកជំនាញសង្គ្រោះបឋម ដែលភាគច្រើនលោក វៀត ជាអ្នកបង្រៀននៅចុងសប្ដាហ៍ ហើយពួកគេបន្ដទាក់ទងគ្នាដើម្បីធ្វើបច្ចុប្បន្នភាពតាមរយៈកម្មវិធីទូរស័ព្ទរបស់វៀតណាម Zalo។
លោក វៀត និងក្រុមការងារបានជួយមនុស្សលើដងផ្លូវប្រមាណ ១០០ នាក់ ក្នុង ១ ខែ ដោយសមាជិកនីមួយៗបានចំណាយប្រាក់ ២ ដុល្លារប្រចាំថ្ងៃ ឬប្រមាណ ១ ភាគ ១០ នៃចំណូលរបស់ពួកគេ។
ការចំណាយនេះ ត្រូវប្រើសម្រាប់ទិញសម្ភារសង្គ្រោះបឋម ដូចជា បង់រុំរបួស។ ការជួយសង្គ្រោះនេះទៀតសោត ក៏គ្មានរើសអើងថាទាល់តែអ្នករត់ម៉ូតូឌុបដូចគ្នាទើបជួយនោះទេ។
លោកនិយាយថា៖ «សមាជិកខ្លះសួរខ្ញុំថា បើអ្នករបួសមិនមែនអ្នករត់ម៉ូតូឌុប ហេតុអ្វីយើងត្រូវជួយពួកគេ? ខ្ញុំបានឆ្លើយថា សាកស្រមៃថា មនុស្សទាំងនោះជាសាច់ញាតិយើង មិត្ដភក្ដិយើង តើយើងនឹងនិយាយពាក្យនេះឬទេ?»៕ AFP/HR