ក្រុងឡុងដ៍: ដំណើររឿងសត្វយក្សមួយក្បាលរស់នៅក្រោមបាតបឹង Loch Ness មានមកតាំងពីជាង ១៥០០ ឆ្នាំ ហើយវិទ្យាស្ថានមួយរំពឹងថា ភាពអស្ចារ្យនៃវិទ្យាសាស្ដ្រទំនើប នឹងអាចគាស់កកាយអាថ៌កំបាំងនេះ។
លោក Neil Gemmell បានធ្វើដំណើរពីសាកលវិទ្យាល័យ អូតាហ្គោ ប្រទេសនូវែលសេឡង់ ទៅប្រមូលសំណាកទឹកពីបឹងប្រទេសស្កុតឡេនក្នុងបំណង ស្វែងរកដានសត្វចម្លែកដែលរស់នៅក្នុងបាតបឹងដ៏ជ្រៅនេះ។
លោកបានប្រាប់ AFP ខណៈទម្លាក់ឧបករណ៍វាស់ស្ទង់ចំណុះ ៥ លិត្រក្នុងទឹកបឹងថា៖ «មនុស្សជាង ១០០០ នាក់បានអះអាងថា ពួកគេបានឃើញសត្វចម្លែក។ ប្រហែលជាមានអ្វីពិសេសខុសប្រក្រតីនៅទីនេះហើយ»។
លោក Neil Gemmell បាននិយាយថា លោកនឹងបន្ដតាមដានសំណាក DNA សត្វចម្លែក តែគម្រោងនេះផ្ដោតសំខាន់លើការពិសោធ DNA បរិស្ថាន ដើម្បីស្វែងយល់ពីពិភពធម្មជាតិ។
ពាក្យចចាមអារ៉ាមស្ដីពីសត្វធម្មជាតិពិត Loch Ness Monster ផ្ដើមពីសត្វរូបរាងសេះទឹករហូតដល់អម្បូរដាយណូស័រសេសសល់ចុងក្រោយ គល់ឈើ ត្រី បក្សីទឹក ឬក៏គ្រាន់តែជារលកធំៗប៉ុណ្ណោះ។
របាយការណ៍ស្ដីពីអ្នកមើលឃើញចុងក្រោយគឺនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨ នេះដោយប្ដីប្រពន្ធអាមេរិកមួយគូដែលឈរមើលពីកំពែងបន្ទាយទ្រុឌទ្រោម Urquhart Castle។
វាជាតំបន់ទេសចរណ៍ដ៏ពេញនិយម និងទីឋានកម្សាន្ដវប្បធម៌ធម្មជាតិដែលមិនពាក់ព័ន្ធនឹងអាថ៌កំបាំងសត្វចម្លែកនេះទាំងស្រុងនោះទេ។
យ៉ាងណា ជារឿងរ៉ាវប្រទះឃើញសត្វចម្លែក ត្រូវបានតំណាលពីមាត់មួយទៅមាត់មួយ ដោយលោក Dave Bell ប្រធានក្រុមទូកទេសចរណ៍ Nessie Hunter បានរំឭកថា៖ «ភ្ញៀវនិយាយពីស្រមោលធំមួយធ្វើចលនាបំផ្លាស់ទីក្រោមផ្ទៃទឹក ដែលគេសន្និដ្ឋានថាមានប្រវែងប្រមាណជិត ១០ ម៉ែត្រ»។
អ្នកស្រី Andrea Ferguson អាយុ ៥៦ ឆ្នាំ ជាគ្រូបង្រៀនមកពីក្រុង Saint Louis រដ្ឋ Missouri បានធ្វើដំណើរទៅកាន់តំបន់ Nessie Hunter ដើម្បីរង់ចាំមើលសត្វចម្លែក ដែលទាក់ចិត្ដអ្នកស្រីតាំងពីកុមារភាព។
អ្នកស្រីនិយាយថា៖ «បឹងនេះពិតជាធំ ហើយវាធំជាងការគិតរបស់ខ្ញុំទៅទៀត។ មើលផ្ទៃទឹកឡើងខ្មៅក្រឹប គួរឲ្យមានអាថ៌កំបាំងជាច្រើន ដែលហ៊ុមព័ទ្ធដោយអ័ព្ទផ្សែង និងជួរភ្នំធំ។ គួរឲ្យស្រៀវឆ្អឹងខ្នង និងស្រស់ស្អាតផង»៕