ក្រុងប៉ារីស៖ អ្នកវិទ្យាសាស្ត្របានឲ្យដឹងកាលពីដើមសប្ដាហ៍ថា ពួកគេបានរកឃើញពូជដាយណូស័រថ្មី ដែលមានអម្បូរជិតទៅនឹង ដាយណូរស័រ Tyrannosaurus rex (T-rex) ដែលបានជាន់ដីអាមេរិកខាងជើងកាលពី ៨០ លានឆ្នាំមុន។
ដាយណូស័រពូជថ្មីដែលត្រូវបានគេដាក់ឈ្មោះថា «ម៉ាស៊ីនមរណៈ» Thanatotheristes degrootorum ត្រូវបានគេរកឃើញថាជាសត្វពិឃាតនៅទឹកដីដែលបច្ចុប្បន្នជាប្រទេស កាណាដា។ នេះបើយោងតាមជំនួយការសាស្ត្រាចារ្យ អ្នកនាង ដារឡា ហ្សេឡេនីស្គី (Darla Zelenitsky) មកពីសាកលវិទ្យាល័យ Calgary។
អ្នកស្រាវជ្រាវរូបនេះបានឲ្យដឹងថា៖ «ឈ្មោះខ្លីរបស់ដាយណូស័រថ្មីមួយនេះគឺ Thanatos»។
ភាពយន្តហូលីវូដជាច្រើននិយាយពីដាយណូស័រ T-Rex ជាសត្វពិឃាតល្បីជាងគេក្នុងអម្បូរដាយណូស័រដែលធ្លាប់មានវត្តមានលើផែនដីកាលពីប្រមាណជា ៦៦ លានឆ្នាំមុន។ ដោយឡែក បងជីដូនមួយវា Thanatos មានវត្តមានយ៉ាងហោចណាស់ក៏ ៧៩ លានឆ្នាំមុនដែរ។
ជាអម្បូរពិឃាតដូចគ្នា ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា Thanatos មានទម្រង់លលាដ៍ក្បាលខុសគ្នាពី T-rex អាស្រ័យលើរបបអាហារតាមតំបន់នាយុគសម័យ គួបផ្សំនឹងកត្តាទីតាំងភូមិសាស្ត្រផងដែរ។
អម្បូរដាយណូស័រនេះត្រូវបានរកឃើញដោយបណ្ឌិត ចារ៉េដ វ៉ូរីស (Jared Voris) ហើយវាក៏ជាពូជដាយណូស័រពិឃាតថ្មី ដែលត្រូវបានរកឃើញនៅកាណាដាក្នុងអំឡុង ៥០ ឆ្នាំចុងក្រោយនេះ។
សហអ្នកនិពន្ធរបាយការណ៍ស្រាវជ្រាវ ដារឡា ហ្សេឡេនីស បានបន្តថា៖ «និយាយឲ្យចំទៅការរកឃើញនេះពិតជាកម្រ ព្រោះអម្បូរដាយណូស័រពិឃាតមិនសូវមានពូជច្រើនខុសគ្នាទេ»៕ AFP/HR