ភ្នំពេញ: ប្រឡូក​ក្នុង​អាជីព​សម្អាងការ ដោយ​ធ្លាប់បាន​រំលេច​ស្នាដៃ​ផាត់​មុខ តុប​តែង​កាយ​ឲ្យ​តារា​ល្បីៗ រួម​មាន អ្នក​នាង យ៉ាន លីដា សារ៉ាយ សក្ខណា កញ្ញា ម៉ៃយ៉ា កញ្ញា ទឹម រដ្ឋា អ្នកនាង អេដា និង​ពិធី​ការិនី ខៀវ សាន​សាណា តារា​ថៃ កញ្ញា ខេម៉ានីត ខាមីកន ឬ Pancake រួមទាំង តារា​ចិន​ហុងកុង ដែល​កម្រ​នឹង​គេច​ផុត​ពី​ម្រាម​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​លោក យាវ សុយ៉ាឌី ពេល​នេះ​ម្ចាស់​សម្អាងការ ឌី បាន​រៀបរាប់​ពី​បទ​ពិសោធ​របស់​លោក ព្រមទាំង​ក្ដីបារម្ភ​ចំពោះ​ការ​វិវឌ្ឍ​នៃ​សិល្បៈ​តាក់​តែង​កាយ​សម្រាប់​ថ្ងៃ​ជ័យ​មង្គល​ផង​ដែរ។

ខាងក្រោម​នេះ​ជា​បទ​សម្ភាស​រវាង ភ្នំពេញ ប៉ុស្ដិ៍ និង អ្នក​សម្អាងកា​រវ័យ ៣១ ឆ្នាំ លោក ឌី៖

តើ​សម្អាងការ​របស់លោក​ត្រូវបាន​បង្កើតឡើង​ប៉ុន្មាន​ឆ្នាំ​ដែរ?

សម្អាងការ​របស់ខ្ញុំ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១៦ បើ​គិត​មក​ដល់​ពេល​នេះ ជាង ២ ឆ្នាំ​ហើយ។

តើ​ការបើក​សម្អាងការ​នេះ លោក និង​បុគ្គលិក​របស់លោក​បាន​ទៅ​សិក្សា និង​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​អ្នក​ណា​ដែរ?

មុននឹង​ខ្ញុំ​សម្រេចចិត្ត​បើក​ដំណើរការ​ជា​សម្អាងការ​នេះ​ឡើង គឺ​ខ្ញុំ​មាន បទពិសោធ​ច្រើន ចំពោះ​មុខ​ជំនាញ​នេះ​ជាង ១០ ឆ្នាំ​មក​ហើយ ដោយ​ពី​មុន​គឺ​ខ្ញុំ​បាន​ដើរ​តែង​ឲ្យ​សម្អាង​ធំ​ល្បីៗ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។

ដោយ​ឡែក​ចំពោះ​បុគ្គលិក​របស់​ខ្ញុំ​ផ្ទាល់​មុន​ចាប់ផ្តើម​ចូល​មក​ធ្វើការ​ក្នុង​វិស័យ​នេះ​ក្នុង​សម្អាងការ​របស់​ខ្ញុំ ពួកគាត់​សុទ្ធ​តែ​បាន​ហ្វឹកហាត់​ពី​ជំនាញ​នេះ​បាន​យ៉ាង​ច្បាស់​លាស់ មុន​នឹង​ខ្ញុំ​សម្រេច​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ធ្វើ​ឲ្យ​ភ្ញៀវ។

ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​ចាប់​អាជីព​សម្អាងការ​នេះ?

​ឈុត​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​បែប​ទំនើប​ទាន់​សម័យ​ពីស្នាដៃ​លោក ឌី។ V Studios

បានជា​ខ្ញុំ​សម្រេចចិត្ត​បើក​ជា​សម្អាងការ​នេះ​ដោយផ្ទាល់​ខ្លួនឯង​គឺ​ដោយសារ​តែ​ខ្ញុំ​ស្រឡាញ់​វិស័យ​នេះ​តាំង​ពី​នៅ​តូច ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​ស្រឡាញ់​ពី​វិស័យ​សម្អាងការ​នេះ​គឺ​ខ្ញុំ​ស្រឡាញ់​នូវ​អ្វី​ដែល​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ចង់​រក្សា​ហើយ​ក៏​ចង់​បង្ហាញ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ឃើញ​ថា តើ​អ្វី​ជា​ទម្រង់​ខ្មែរ​ពិត​ប្រាកដ ពីព្រោះ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ខ្ញុំ​ឃើញ​ការ​រៀបចំ​របស់​សម្អាង​ការ​មួយ​ចំនួន​ធំ​គឺ​គាត់​មិន​បាន​យល់​ដឹង​ពី​ការ​ស្លៀកពាក់ ដូចម្តេច​ហៅថា ការ​ស្លៀក​ពាក់​ឲ្យ​ត្រូវ​ទម្រង់​បែប​កូន​ក្រមុំ​នោះ​ទេ គឺ​គាត់​ក្លាយ​តាម​បរទេស​ខ្លះ​ទៅ ខ្លះ​ក៏​គាត់​ក្លាយ​ទៅ​តាម​ចិត្ត​គាត់​នឹក​ឃើញ ខ្លះ​ទៀត​ក៏​គាត់​យក​ទម្រង់​នាដកា ទម្រង់​អ្នករបាំ យក​មក​ស្លៀក​លើ​កូន​ក្រមុំ និង​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​សភាព​ខុស​មួយ​ចំនួន​របស់​សម្អាងការ​នា​សង្គម​បច្ចុប្បន្ន​នេះ។

តើ​លោក​មាន​ទស្សនៈ​បែបណា​ចំពោះ​ការវិវឌ្ឍ​នៃ​ស្ទីល​តុបតែង​កាយ​របស់​សម្អាង​ការ​មួយ​ចំនួន?

សម្អាងការ​ខ្លះ​គាត់​ចូលចិត្ត​តុបតែង​បែប​ថៃ​គឺ​មើលទៅ​វា​ស្អាត​ប្លែក ចំណុច​នេះ​ខ្ញុំ​ទទួលស្គាល់​ថា វា​ស្អាត​ប្លែក​មែន។ ក៏ប៉ុន្តែ យើង​ជា​ខ្មែរ​គួរតែ​រក្សា​នូវ​អ្វី​ដែល​ជា​ទម្រង់​ខ្មែរ​ខ្លះ​ដែរ ប្រសិន​ជា​យើង​ប្រើ​គេ​លាយ​ខ្លះ​គឺអាច​ទទួល​យក​បាន​មួយ​ចំនួន។ ប៉ុន្តែ​ចំពោះ​ខ្សែក្រវាត់ ខ្សែ ឆៀង កងដៃ​សូម​រក្សា​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ យើង​មិន​អាច​ក្លាយ​ទៅ​គេ ១០០ ភាគរយ​បាន​នោះ​ទេ។

តើ​អ្វី​ជា​ក្តីបារម្ភ​ចំពោះ​រូបលោក លើ​ទំនោរ​និយមនៃ​អ្នកផ្តល់​សេវាកម្ម​សម្អាងការ​នៅ​កម្ពុជា?

​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​តាម​បែប​ផែន​ប្រពៃណី​ខ្មែរ​របស់​លោក ឌី​។ V S​tudios

សម្រាប់​ខ្ញុំបាទ​ផ្ទាល់ គឺមាន​ក្តីបារម្ភ​ខ្លាំង និង​ខ្លាច ចំពោះ​ការតុបតែង​កាយ​របស់​សម្អាងការ​មួយ​ចំនួន ពី​ព្រោះ​ខ្ញុំ​គិត​ថា ប្រសិន​ជា​យើង​ទាំង​អស់​គ្នា​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ គឺ​វា​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត​លែង​ស្គាល់​ខោអាវ​ជា​ប្រពៃណី​របស់​ខ្មែរ គេ​អត់​ដឹង​ថា នេះ​ជា​កងដៃ ខ្សែក្រវាត់​របស់​ខ្មែរ​ទៀត​ទេ គឺ​គេ​ស្គាល់​តែ​ជា​អ្វី​ដែល​ក្លាយ​ពី​បរទេស។ ម្យ៉ាង​ទៀត នៅ​ពេល​រូបភាព​ចេញ​មក​គឺ​យើង​បែង​ចែក​លែង​ដាច់​ថា មួយ​ណា​ជា​របស់​យើង មួយ​ណា​ជា​របស់​គេ។

សម្រាប់​ខ្ញុំបាទ​ផ្ទាល់​ក៏​មិនមែនជា​បុគ្គល​ជោគជ័យ​ខ្លាំង មានឈ្មោះ​លើសគេ​ដែរ ក៏ប៉ុន្តែ​ឆ្លង​កាត់​បទពិសោធ​ខ្ញុំ​បាន​ដើរ​ធ្វើ​ជាមួយ​សម្អាងការ​ធំៗ​មួយ​ចំនួន ច្រើន​ឆ្នាំ​កន្លង​មក ដែល​គាត់​នៅ​តែ​ថែរក្សា​ទម្រង់​ដើម គឺ​យើង​អាច​យល់​បាន​ច្រើន ហើយ​យើង​ក៏​ដឹងថា អ្វី​ប្រើ​ក្នុង​ពិធី​ណា អ្វី​ត្រូវ​ពាក់​ពេល​ណា គឺ​យើង​ដឹង​ច្បាស់ ដោយសារ​បទពិសោធ​យើង​នៅ​ជាមួយ​គាត់​ជាប់​រហូត។

សម្រាប់​រូបលោក តើ​អ្នក​សម្អាងការ​គួរប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​បែបណា រួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​នេះ​ល្អ​ប្រសើរ?

សម្រាប់​រូបខ្ញុំ​បាទ​ផ្ទាល់ ដើម្បី​ឲ្យ​វិស័យ​សម្អាងការ​នេះ​កាន់តែ​រីកចម្រើន​ទៅមុខ និង​រក្សា​នូវ​អ្វី​ជា​របស់​ខ្មែរ ខ្ញុំ​សំណូមពរ​ឲ្យ​ម្ចាស់​សម្អាងការ​ទាំង​អស់​ត្រូវ​តែ​មាន​ចំណេះ​ដឹង​នៅ​ក្នុង​វិស័យ​នេះ​ជា​មុន​សិន មុន​សម្រេច​ចិត្ត​ថា បើក​សម្អាងការ​ផ្ទាល់​ខ្លួន។

យ៉ាង​ហោច​ណាស់​មាន​បទ​ពិសោធ ៣ ឆ្នាំ​ដែរ មិន​មែន​គ្រាន់​តែ​ថា យើង​មាន​លុយ​ទៅ​ទិញ​អីវ៉ាន់​យក​មក​បើក​ជាការ​ស្រេច​ឡើយ។

ទង្វើ​នេះ​គឺ​មិន​អាច​ជោគ​ជ័យ​បាន​ទេ អ្វី​ក៏ដោយ​មិន​ថា ការងារ​សម្អាង ឬមួយ​ក៏​ការងារ​អ្វី​ផ្សេង​ទេ គឺ​ត្រូវ​តែ​ទាមទារ​បទពិសោធ ត្រូវ​យល់​ពី​វា និង​ស្រឡាញ់​វា ទើប​យើង​ធ្វើ​វា​បាន​យ៉ាង​ជោគជ័យ។ បន្ទាប់​មក​យើង​ត្រូវ​ផ្តោត​ទៅ​លើ​ពី​ស្នាដៃ​ធ្វើ​សក់ ផាត់​មុខ ការ​ស្លៀក​ពាក់​របស់​យើង។

យើង​ត្រូវ​ដឹង​ថា រដូវ​កាល​នេះ​គេ​និយម​អី រដូវកាល​ក្រោយ​គេ​និយម​អី។ យើង​ត្រូវ​ចេះ​អភិវឌ្ឍ​ខ្លួន​នូវ​អ្វី​ដែល​ហៅ​ថា​ម៉ូដ។

ធម្មតា ខោអាវ​ការ​គឺមាន​ទម្រង់​បែប​បុរាណ​ហើយ ប៉ុន្តែ​បើ​យើង​ចង់​ដើរ​ឲ្យ​ទាន់​សម័យកាល យើង​មិន​អាច​បុរាណ​ទៅ​ទាំង​ស្រុង​ទេ។ យើង​ត្រូវ​តែ​មាន​អ្វី​ដែល​អភិវឌ្ឍ​ខ្លះ តែ​ក៏​វា​ស្ថិត​ក្នុង​ក្រឹត្យក្រម​ជា​របស់​ខ្មែរ​ដដែល។

យើង​មិន​អាច​ថា ការច្នៃ​បន្ថែម​គឺ​ត្រូវ​តែ​យក​របស់​គេ​មក​ទាំង​ស្រុង​នោះ​ទេ គឺ​ខ្ញុំ​សំដៅ​ទៅ​លើ​សេវាកម្ម និង​ភាព​ច្បាស់​លាស់។ ចំណុច​នេះ​ខ្ញុំ​ឃើញ​សម្អាងការ​មួយ​ចំនួន​គាត់​រក​ស៊ី​កុហក​ភ្ញៀវ ជាដើម ដោយ​មិន​គោព​ពេល​ច្បាស់​លាស់ ដូចជា ការ​ស្លៀក​ក្បិន ស្លៀក​សំពត់​ចរបាប់ គឺ​មិន​សូវ​ជា​មាន​អ្នក​ចេះ​ស្លៀក​ប៉ុន្មាន​ទេ គឺ​គ្រាន់​តែ​យក​ទៅ​ដេរ ជាការ​ស្រេច គឺ​មិន​ចំណាយ​ពេល​ក្នុង​ការ​ចង​ក្បិន​បែប​ខ្មែរ​នោះ​ទេ។

តើ​វិស័យ​សម្អាងការ​អាច​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​មរតក​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យ៉ាង​ដូចម្តេច?

អាជីព​សម្អាងការ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ថែរក្សា​មរតក​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យើង ដោយសារ​សម្លៀក​បំពាក់​ទាំង​នោះ​គឺ​បង្ហាញ​ច្បាស់​ពី​អ្វី​ជា​អត្តសញ្ញាណ​ខ្មែរ ដូចជា ឈុត​ស្បៃ​ធំ ឈុត​ព្រះថោង​នាងនាគ ឈុត​ទទួល​ផ្កាស្លា ទាំង​នេះ​ជា​ឈុត​សម្លៀក​បំពាក់ ពី​ទម្រង់​ដើម​របស់​ខ្មែរ​ពិតៗ មិន​ថា តាំង​ពី​កងដៃ ខ្សែក ក្រវិល​យើង​ប្រើ​ជា​គ្រឿង​ខ្មែរ​ទាំង​អស់​គឺ​មិន​អាច​ក្លាយ​ទៅ​ជា​គ្រឿង​ត្បូង​ឬ​មកុដ​ត្បូង​ទេ៕